សិទ្ធិជាមូលដ្ឋានរបស់ស្ត្រីត្រូវបានរំលោភបំពាន
ភ្នំពេញៈ នៅក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា កាលពីម្សិលមិញ ស្ត្រីអ្នកភូមិបឹងកក់ និងស្ត្រីអ្នកភូមិបុរីកីឡាប្រមាណជា ៤០០នាក់ បាននាំគ្នាដើរជាក្បួន ដោយបានអំពាវនាវ ទៅដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឲ្យបញ្ឈប់ការប្រើអំពើហិង្សា និងការរំលោភបំពានទៅលើសិទ្ធិរបស់ស្ត្រី។
នៅក្នុងការដើរដង្ហែក្បួនដែលមានកាន់បដា និងរូបថតដែលបង្ហាញពីសកម្មភាពការប្រើអំពើហិង្សារបស់សមត្ថកិច្ចរដ្ឋាភិបាលទៅលើការតវ៉ា និងការឈូសបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ ដើម្បីយកដីឲ្យក្រោមហ៊ុន។ ប៉ុន្តែមានការរារាំងពីកម្លាំងសមត្ថកិច្ច នៅពេលដែលអ្នកភូមិប៉ុនប៉ងដើរដង្ហែក្បួន ទៅតាមផ្លូវធំ ដែលសមត្ថកិច្ចមិនអនុញ្ញាតឲ្យទៅ។
អ្នកស្រីទេព វន្នី តំណាងពលរដ្ឋភូមិ ២២ ក្នុងតំបន់បឹងកក់បាននិយាយថា ស្ត្រីជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលមិនអាចខ្វះបាន។ ប៉ុន្តែក្នុងមួយរយៈកាលកន្លងមកនេះសិទ្ធិនៃការចូលរួមរបស់ស្ត្រីត្រូវបានគេមើលរំលង និងត្រូវបានគេដកហូត។
អ្នកស្ត្រីបានបន្តថា ស្ត្រី ជាអ្នកមើលថែ និងការពារទំនុកបម្រុងសេដ្ឋកិច្ចក្នុងគ្រួសារ។ គ្រួសារមួយក៏ដូចសង្គមជាតិមួយដែរ អាចមានសេចក្ដីសុខដុមរមនាទៅបាន គឺអាស្រ័យដោយមានការចូលរួមលើកស្ទួយពីស្ត្រី។
នៅក្នុងខួបលើកទី ១០១ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំនេះស្ត្រីក្នុងតំបន់បឹងកក់ ក៏ដូចជាតំបន់បុរីកីឡា សូមទទូចអង្វរដល់អាជ្ញាធរដែនដី និងម្ចាស់ក្រុមហ៊ុន ឲ្យបញ្ឈប់ការប្រើហិង្សាលើស្ត្រី និងបញ្ឈប់ការបណ្ដេញស្ត្រីចេញដោយបង្ខំពីលំនៅដ្ឋាន៕