សន្តិសុខឯកជន ២ក្រុមកាប់គ្នាម្ខាងបែកក្បាល ម្ខាងទៀតសន្លប់ស្ដូក
Cambodia News
ភ្នំពេញ៖ កាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា សន្តិសុខមួយក្រុមយាមនៅមុខក្លឹបកម្សាន្តវើលដាន់ វាយជាមួយសន្តិសុខមួយក្រុមទៀត ដែលជាអ្នកចូលទៅកម្សាន្តក្នុងក្លឹប បណ្តាលឲ្យភាគីម្ខាងបែកក្បាល និងម្ខាងទៀតសន្លប់ស្តូកនៅមុខក្លឹប ស្ថិតនៅលើកំណាត់ផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
មុនកើតហេតុ សន្តិសុខមួយក្រុមមានគ្នា៣នាក់ បានចូលទៅរាំលេងនៅក្នុងក្លឹប ពេលចេញពីក្លឹបបានដើរបុកស្ត្រីម្នាក់ ក៏បណ្តាលឲ្យមានការឈ្លោះប្រកែកគ្នាឡើង។ ពេលនោះសន្តិសុខ ដែលយាមនៅមុខក្លឹបឃើញ ក៏ស្ទុះទៅវាយតប់ក្រុមសន្តិសុខដែលកំពុងឈ្លោះប្រកែកស្ដ្រី។ បន្ទាប់ពីវាយតប់គ្នាផ្អើលពេញក្លឹប ក្រុមសន្តិសុខដែលជាភ្ញៀវបានចេញទៅបាត់មួយស្របក់ ក៏ត្រឡប់មកវិញ ដោយយកកាំបិតតាំងតោមកកាប់សន្តិសុខឈ្មោះ ចាន់ សុផានី អាយុ២៧ឆ្នាំ បណ្តាលឲ្យបែកក្បាលដេរ៥ថ្នេរនៅមន្ទីរពេទ្យព្រះកុសុមៈ។ ភ្លាមៗនោះក្រុមសន្តិសុខដែលយាមនៅមុខក្លឹបវើលដាន់ បានវាយតបទៅវិញដោយបំពង់ទីបប្រវែងកន្លះម៉ែត្រ បណ្ដាលឲ្យជនបង្កម្នាក់សន្លប់ស្តូក ចំណែក២នាក់ទៀតរត់ឡើងម៉ូតូជិះគេចទៅបាត់។
ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសក្បាល៥ថ្នេរ ត្រូវសមត្ថកិច្ចយកទៅសាកសួរនាំនៅប៉ុស្តិ៍ទឹកល្អក់ទី៣ ចំណែកសន្តិសុខដែលសន្លប់នៅមុខក្លឹបសមត្ថកិច្ចបញ្ចូនទៅមន្ទីរពេទ្យ ឯកជនមួយ៕ ហេង នាង