ខេមរៈ សិរីមន្ដ ធ្វើសន្និសីទកាសែតពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរនៅផ្លូវជាតិលេខ៤
Cambodia News
ភ្នំពេញ ៖ នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣នេះ លោក ខេមរៈ សិរីមន្ត បាននិយាយថា ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរនោះ លោកអង្គុយនៅ កៅអីខាងមុខ (ខាងស្ដាំ) ហើយបានរងរបួសតិចតួច គឺរបួសកដៃឆ្វេង និងកខាងស្ដាំ ដែលមកដល់ពេលនេះបានជាសះស្បើយហើយ ។
លោក ខេមរៈ សិរីមន្តបន្តថា «ខណៈកំពុងធ្វើដំណើមេឃក៏មានរលឹមតិចៗ ហើយមានឡានកុងតឺន័រមួយបើកបញ្ជ្រាស់ទិសខ្ញុំ នៅពេលជិតដល់កន្លែងកើតហេតុចម្ងាយប្រហែលជា១០០ ទៅ២០០ម៉ែត្រ ខ្ញុំឃើញរថយន្តនោះបើករេពេញផ្លូវ មានលក្ខណៈដូសពស់តែម្ដង។ បន្ទាប់មកទៀតឡាននោះក៏មកទាំងទទឹងផ្លូវ។ ពេលនោះពួកយើងព្យាយាមគេចឲ្យផុតដែរតែនៅតែមិនផុតរហូតត្រូវបាន កន្ទុយឡាននោះវ័ធបោកមួយទំហឹងតែម្ដង»។
លោកបានបន្តនិយាយទាំងអួលដើមកថា៖ «ខ្ញុំបានស្រែកប្រាប់មនុស្សនៅក្នុងឡានឲ្យពួកគេក្រាបចុះ នៅមុនពេលដែលឡានកុងតឺន័រវ័ធកន្ទុយបោកឡានរបស់ខ្ញុំ។ ខ្ញុំក្រាបគឺគ្រាន់តែក្រាបលេង តែប៉ុណ្ណោះមិននឹកស្មានថាបានរួចជីវិតទេ »។
សិរីមន្ត បានបន្ថែមថា៖ «ក្រោកឡើងភ្លាមខ្ញុំគ្មានគិតអ្វីក្រៅតែពីរកឡានពេទ្យនោះទេ! ព្រោះអ្នកនៅក្នុងឡានសន្លប់ទាំងអស់។ ខ្ញុំក៏បានបីអ្នកដែលមានដង្ហើមចេញមកក្រៅ ហើយប្រជាជនចាប់ផ្តើមមកជាបន្តបន្ទាប់ ពេលនោះខ្ញុំបានអង្វរឲ្យប្រជាជនជួយសហការជាមួយដើម្បីរកឡានពេទ្យមក សង្គ្រោះ។ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ពួកគាត់ក៏បានទូរស័ព្ទទៅវិទ្យុ ABC ឲ្យជួយរកឡានពេទ្យមកសង្គ្រោះ។ ជាងកន្លះម៉ោងក្រោយមកឡានពេទ្យក៏បានមកដល់ហើយគេក៏ចាប់ផ្ដើមសង្គ្រោះ អ្នកណាដែលអាចសង្គ្រោះបាន»។
លោកបានបន្តទាំងក្ដីក្ដុកក្ដួលថា ពេលដែលពេទ្យមកដល់អារម្មណ៍របស់លោកកាន់តែលែងដឹងអ្វីទាំងអស់ ព្រោះពេទ្យបាននិយាយថាពួកគាត់បានបាត់បង់ជីវិតអស់ទៅហើយ ក្រោយពីដឹងថាពួកគេស្លាប់ភ្លាមខ្ញុំគ្មានអ្វីនិយាយទៀតទេ ក្រៅតែពីការបាត់បង់មនុស្សដែលខ្លួនស្រឡាញ់តែមួយរយៈពេលដ៏ខ្លី៕