អាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួមគ្នា ចំពេលឧបទ្វីបកូរ៉េកំពុងមានភាពតានតឹងខ្លំាង
នៅ ថ្ងៃច័ន្ទ ទី១១ មីនានេះ កងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានផ្តើមធ្វើសមយុទ្ធប្រចំាឆ្នំារួមគ្នា។ សមយុទ្ធប្រចាំឆ្នាំនេះ ត្រូវបានគេឲ្យឈ្មោះជាភាសាអង់គ្លេសថា « Key Resolve »។ តាមពិតទៅ មួយផ្នែកធំនៃសមយុទ្ធនេះត្រូវបានគេរៀបចំធ្វើឡើងនៅក្នុង កុំព្យូទ័រ និងមានការចូលរួមពីកងទ័ពកូរ៉េខាងត្បូងចំនួន ១០ ០០០នាក់ និងកងទ័ពអាមេរិកចំនួន ៣ ៥០០នាក់។ ក៏ដូចជាសព្វមួយដង កូរ៉េខាងជើងបានថ្កោលទោសលើសមយុទ្ធនេះ។ សមយុទ្ធដែលបានធ្វើឡើង មួយសប្តាហ៍បន្ទាប់ពីឧទ្វីបកូរ៉េបានស្គាល់ភាពតានតឹងដល់កំពូល។
ទោះ បីជាសមយុទ្ធរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើឡើងក្រោមរូបភាពណាក៏ដោយ ក៏នៅក្រោមខ្សែភ្នែក ច្រមុះកូរ៉េខាងជើង សមយុទ្ធនេះ គឺជាការរៀបចំជើងព្រួលវាយលុកលុយចូលក្នុងដីកូរ៉េខាងជើងពីសំណាក់ កូរ៉េខាងត្បូង ដោយមានការជួយឧបត្ថម្ភពីសំណាក់ទាហានអាមេរិកំាង។ ដូច្នេះវាជារឿងមួយធម្មតាទេ ដែលរបបក្រុងព្យុងយ៉ាងត្រូវបញ្ចេញប្រតិកម្មថ្កោលទោស និងគំរាមឆ្លើយបកវិញ នៅក្នុងករណីដែលចំាបាច់។ តែអ្វីដែលមិនធម្មតានោះនៅត្រង់ថា សមយុទ្ធរវាងកងទ័ពកូរ៉េខាងត្បូង និងអាមេរិកឆ្នំានេះបានធ្វើឡើង ចំពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងឡើងតានតឹងដល់កំពូល។
កាលពីសប្តាហ៍កន្លងទៅ និងបន្ទាប់ពីបានទទួលទណ្ឌកម្មថ្មីពីក្រុម ប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិទាក់ទងនឹងការសាកល្បងនុយក្លេអ៊ែររបស់ខ្លួនមក កូរ៉េខាងជើងបានប្រកាសសង្រ្គាមនុយក្លេអ៊ែរទល់នឹងអាមេរិក និងកូរ៉េខាងត្បូង។ ជាមួយគ្នានេះ ក្រុងព្យុងយ៉ាងក៏បានប្រកាសឲ្យដឹងពីបំណងកាត់ផ្តាច់ខ្សែ ទូរស័ព្ទ ផ្ទាល់ជាមួយក្រុងសេអ៊ូល ព្រមទំាងលុបចោលទាំងអស់នូវកិច្ចព្រម ព្រៀងមិនឈ្លានពានជាមួយនឹង កូរ៉េខាងត្បូង។ បើគេជឿលើកាសែតប្រចំាថ្ងៃរបស់គណបក្សកុម្មុយនិស្តកូរ៉េខាងជើងចេញ ផ្សាយក្នុងថ្ងៃច័ន្ទ ទី១១ មីនានេះឲ្យដឹងថា របបក្រុងព្យុងយ៉ាងបានលុបចោលទំាងស្រុងហើយនូវកិច្ចព្រម ព្រៀង មិនឈ្លានពានជាមួយនឹងកូរ៉េខាងត្បូងនោះ។ កាសែតដដែលបានព្រមានថា ជាមួយនឹងការលុបចោលនូវកិច្ចព្រមព្រៀងនេះ ពិតជាគ្មាននរណាម្នាក់អាចប្រម៉ើលមើលទុកជាមុនបានឡើយថា នឹងអាចមានរឿងអ្វីកើតឡើងនៅដែនដីឧបទ្វីបកូរ៉េចាប់ពីឥឡូវនេះទៅ នោះ។
ម្យ៉ាងទៀតក្នុងថ្ងៃនេះដែរ ក្រសួងនៃការបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា កូរ៉េខាងជើងហាក់ដូចជាត្រៀមអនុវត្តជាក់ស្តែងនូវការព្រមានមួយទៀត គឺកាត់ផ្តាច់ខ្សែទូរស័ព្ទផ្ទាល់ដែលបងប្អូនបង្កើតគូសត្រូវទំាងពីរទុក សម្រាប់ទាក់ទងគ្នា ក្នុងពេលមានអាសន្ន។ ខ្សែទូរស័ព្ទផ្ទាល់នេះបានបង្កើតឡើងក្នុងឆ្នំា ១៩៧១ និងដែលកូរ៉េខាងជើងធ្លាប់បានកាត់ផ្តាច់ចំនួន ៥ដងរួចមកហើយ ចុងក្រោយគឺក្នុងឆ្នំា ២០១០។ តាមធម្មតា ភាគីទំាងពីរបានទូរ ស័ព្ទឲ្យគ្នាទៅវិញទៅមកចំនួន២ដងក្នុងមួយថ្ងៃ។តែនៅថ្ងៃនេះ កូរ៉េខាង ជើងមិនបានលើកទូរស័ព្ទដូចសព្វមួយដងទេ នេះបើយោងតាមអ្នកនំាពាក្យរបស់ក្រសួងនៃការបង្រួបបង្រួមខាង កូរ៉េខាងត្បូង។
តើការដែលកូរ៉េខាងជើងបានប្រកាសត្រៀមខ្លួនធ្វើសង្រ្គាមពេលនេះ វាគ្រាន់តែជាការគំរាមខ្យល់ ឬមួយក៏ជារឿងដែលគ្រប់គ្នាមិនគួរមើលស្រាលនោះ ?
ចំពោះនរណាមិនដឹងទេ តែចំពោះកូរ៉េខាងត្បូងដែលជាប់ពាក់ព័ន្ធផ្ទាល់ លោក ស្រីប្រធានាធិបតី Park Geun-Hye ដែលទើបចូលកាន់តំណែងបានពីរសប្តាហ៍មិនបានមើលស្រាលទេ។ លោកស្រីបានចាត់ទុកស្ថានការណ៍បច្ចុប្បន្នថា មានលក្ខណៈធ្ងន់ធ្ងរ និងសន្យាឆ្លើយតបចាស់ដៃចំពោះគ្រប់ទង្វើបង្ករឿងរបស់កូរ៉េខាង ជើង៕ដោយ គួច គន្ធារ៉ា (RFI)