លោកស្រីអ៊ុង សានស៊ូជី​​អំពាវនាវ​ឲ្យ​គណបក្ស​របស់លោកស្រី​រៀបចំខ្លួន​ដើម្បី​កាន់​អំណាច

នៅ ​ប្រទេស​ភូមា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោក ស្រី​អ៊ុង សានស៊ូជី​បាន​បិទបញ្ចប់​សមាជបក្ស​រយៈពេល ៣ថ្ងៃ​របស់​ខ្លួន​ក្នុង​ថ្ងៃ​អាទិត្យ ទី១០ មីនា​នេះ។ លោកស្រី​អ៊ុង សានស៊ូជី​ត្រូវ​បាន​សមាជ​បោះឆ្នោត​ឲ្យ​បន្ត​កាន់​តំណែង​ប្រធាន​គណបក្ស​ជា​ បន្ត​ទៀត។ ថ្លែង​នៅ​ពេល​បិទបញ្ចប់​សមាជបក្ស​ជា​ប្រវត្តិសាស្រ្តលោកស្រី​អ៊ុង សានស៊ូជី​បាន​អំពាវនាវ​ឲ្យ​គណ បក្ស​របស់​លោកស្រី​រៀបចំ​ខ្លួន ​ដើម្បី​ចូល​រួម ​បោះឆ្នោត​សភា​នៅ​ក្នុង​ឆ្នំា ២០១៥ ខាង​មុខ។ ក៏​ប៉ុន្តែ សមាជ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​ឲ្យ​ដាក់​បញ្ចូល​ក្មេងៗ​ ជំនាន់ក្រោយ​ទៅ​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​បក្ស ដើម្បី​បន្ត វេន​ពី​មេដឹកនាំ​ដែល​មាន​វ័យ​ចំណាស់ៗ​នោះ​ទេ។

នៅទីបំផុត និង​ដោយ​គ្មាន​បេក្ខជន​ឈរឈ្មោះ​ណា​ផ្សេង ក្រៅ​ពី​លោក ស្រី​អ៊ុង សានស៊ូជី សមាជិក​ទំាង ១២០រូប​នៃ​គណៈកម្មាធិការកណ្តាល​របស់​បក្ស​ក៏​បាន​ព្រមព្រៀង​គ្នា​ជា​ ឯកច្ឆ័ន្ទ​ឲ្យ​លោកស្រី​អ៊ុង សានស៊ូជី​បន្ត​កាន់​តំណែង​ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ ប្រជាធិបតេយ្យ​ជា​បន្ត​ទៀត។ ការ​បន្ត​តំណែង​ជា​ប្រធានបក្ស​របស់​លោកស្រី​អ៊ុង សានស៊ូជី​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​នៅ​ផ្ទៃក្នុង​បក្ស​កំពុង​មាន​ជម្លោះ​យ៉ាង​តានតឹង​ក្នុង​រយៈពេល​ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ជម្លោះ​ដែល​ឈាន​ដល់​ការ​បណ្តេញ​សមាជិក ៤នាក់​ចេញ​ពី​គណបក្ស ព្រម​ទំាង​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​រួម​នៅ​ក្នុង​សមាជបក្ស​ជា​ ប្រវត្តិសាស្រ្ត​ទៀត​ផង។ នៅ​ថ្ងៃ​សៅរ៍ ទី៩ មីនា​ម្សិលមិញ លោកស្រី​អ៊ុង សានស៊ូជី​បាន​ថ្លែង​ទទួល​ស្គាល់​ពី​ការ​មាន​វិវាទ​នៅ​ផ្ទែក្នុង​បក្ស និង​បាន​អំពាវ នាវ​ឲ្យ​មាន​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ។ លោកស្រី​អ៊ុង សានស៊ូជី​បាន​ស្នើ​ឲ្យ​សមា ជិក​ទំាង​អស់​ទុក​រឿង​ផ្ទាល់​ខ្លួន​មួយ​កន្លែង និង​ចូលរួម​គិត​ផលប្រយោជន៍​ប្រទេស​ជា​ធំ។

គួរ​ជម្រាប​ជូន​ថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ឆ្នំា ២០១៥ ខាង​មុខ។ នៅ​ក្នុង​បរិបទ​នេះ គណបក្ស​របស់​លោកស្រី​អ៊ុង សានស៊ូជី​ត្រូវ​តែ​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​មួយ និង​ចាប់​ផ្តើម​គិតគូរ​ស្វែង​រក​ដំណោះស្រាយ​ដល់​បញ្ហា​អាទិភាព​មួយ​ចំនួន​ របស់​ប្រទេស រួមមាន​វិស័យ​សុខាភិបាល វិស័យ​អប់រំ ឬ​មួយ​ក៏​បញ្ហា​អំពើ​ពុករលួយ​ជា​ដើម ។ ក៏​ប៉ុន្តែ ក្រុមអ្នកវិភាគ​នយោបាយ​ភូមា​បាន​កត់ សម្គាល់​ឃើញ​ជា​រួម​ថា នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន គណបក្ស​របស់​លោក ស្រី​អ៊ុង សានស៊ូជី​នៅ​មិន​ទាន់​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដឹក នាំ​ប្រទេស​នៅ​ឡើយ​ទេ។មូលហេតុ មក​ពី​មន្រ្តី​ដឹកនាំ​បក្ស​សំខាន់ៗ​ដែល​មាន​សមត្ថ ភាព​សព្វ​ថ្ងៃ ភាគច្រើន​សុទ្ធ​តែ​មាន​វ័យ​ចំណាស់ ៨០ឆ្នាំ ឬ​៩០​ឆ្នាំ និង​ដែល​កន្លែង​របស់​ពួក​គេ​ត្រូវ​ដាក់​ជំនួស​ដោយ​ក្មេងៗ​ជំនាន់ក្រោយ​វិញ។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​បិទបញ្ចប់​សមាជ​រយៈពេល ៣ថ្ងៃ​ក្នុង​ថ្ងៃ​អាទិត្យ​នេះ លោកស្រី​អ៊ុង សានស៊ូជី​បាន​ថ្លែង​អំណរគុណ​ចំពោះ​សមាជិក​ចាស់ ថ្មី​ទំាងអស់​ដែល​បាន​ទ្រំារស់ តស៊ូប្រយុទ្ធ​ជាមួយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ រយៈពេល ២៥ឆ្នំា​កន្លង​ទៅ។ ទន្ទឹម​គ្នា​នេះ លោកស្រី​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ដើម្បី​អាច​ឲ្យ​គណបក្ស​មាន​ជីវិត​យូរង្វែង និង​មាន​ថាមពល​ខ្លំាងក្លា​​នោះ ការ​ធ្វើ​កំណែទម្រង់​នៅ​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​បក្ស តាម​រយៈ​ការ​ដាក់​បញ្ចូល​ក្មេងៗ​ជំនាន់ក្រោយ ដើម្បី​បន្តវេន​ពី​មេដឹក នាំ​មាន​វ័យ​ចំណាស់ គឺ​ជា​រឿង​មួយ​មិន​អាច​ខ្វះ​បាន៕ដោយ គួច គន្ធារ៉ា​(RFI)

Related Articles

Back to top button
Close
Close