ក្នុងថ្ងៃទិវាសិទ្ធិនារីស្ត្រីអ្នកភូមិបឹងកក់ដើរហែរក្បួនបង្ហាញការពីឈឺចាប់
ភ្នំពេញ: ស្ត្រីដែលជាប្រជាពលរដ្ឋនៅតំបន់បឹងកក់ និងសហគមន៍មួយចំនួនទៀត ដែលត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន និងកំពុងតែប្រឈមមុខទៅនឹងការបណ្តេញចេញ នៅថ្ងៃទី៨ ខែមីនាស្អែកនេះ ដែលជាថ្ងៃទិវាសិទ្ធិនារី ខួប ១០១ឆ្នាំ ពួកគេនឹងធ្វើការប្រមូលផ្តុំគ្នានៅក្នុងសហគមន៍បឹងកក់ ដើម្បីដង្ហែក្បួននៅតាមដងវិថីធំៗ ក្នុងរាជធានីភ្នំពេញ។ ចំពោះលិខិតជូនដំណឹង នៃការហែរក្បួនបានផ្ញើទៅសាលាសង្កាត់ស្រះចករួចហើយ កាលពីថ្ងៃទី៥ មីនា ២០១២។
អ្នកស្រី ទេព វន្នី ប្រជាពលរដ្ឋបឹងកក់ បានឲ្យដឹងថា គោលបំណងដែលប្រជាពលរដ្ឋបឹងកក់ និងសហគមន៍ផ្សេងទៀត ហែរក្បួននៅថ្ងៃទី៨ ខែមីនា ដោយសារតែកន្លងមកមានការតស៊ូមតិនៅបឹងកក់អស់រយៈពេលជិត ៥ឆ្នាំ ហើយមានការប្រើអំពើហិង្សាពីសំណាក់កងប្រដាប់អាវុធ ដែលធ្វើការខុសនីតិវិធី ស្តាប់តែមន្ត្រីដែលពុករលួយមួយក្តាប់តូច វាយធ្វើបាបប្រជាពលរដ្ឋ និងចាប់ខ្លួន។
ហេតុដូច្នេះហើយ ទើបពួកគាត់ត្រូវតែប្រារព្ធពិធីនេះឡើង ដើម្បីបង្ហាញពីការឈឺចាប់ ដែលគេប្រើកងកម្លាំងប្រដាប់អាវុធ ដែលជាអ្នកបម្រើប្រជាពលរដ្ឋ បែរជាមកវាយធ្វើបាបប្រជាពលរដ្ឋដែលជាស្ត្រី តវ៉ាក្នុងការការពារផ្ទះសម្បែងដីធ្លីទៅវិញ។
ចំពោះលិខិតជូនដំណឹងនៃការហែរក្បួននេះ លោក ឆាយ ធីរិទ្ធ ចៅសង្កាត់ស្រះចក បានឲ្យដឹងថា សាលាសង្កាត់បានធ្វើលិខិតឆ្លើយតបទៅប្រជាពលរដ្ឋវិញហើយ កាលពីថ្ងៃទី៦ មីនា ថា សង្កាត់មិនមានសមត្ថកិច្ច អនុញ្ញាតឲ្យហែរក្បួនទេ មានតែលោកអភិបាលសាលារាជធានីភ្នំពេញទេ ទើបមានសិទ្ធិសម្រេច៕