ប្រធានាធិបតីវេណេស៊ុយអេឡា Hugo Chavez ទទួលមរណភាព
លោក Hugo Chavez ដែលជាមេដឹកនាំដ៏ល្បីឈ្មោះនៅប្រទេសវ៉េណេស៊ុយ អេឡា បានទទួលមរណភាព នៅថ្ងៃអង្គារ ម្សិលមិញ ក្នុងអាយុ ៥៨ ឆ្នាំ ដោយរោគមហារីកប្រូស្តាត។
Hugo Chavez កាន់តំណែងជាប្រធានាធិបតីវ៉េណេស៊ុយអេឡា តាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ។ លោកបានលាចាកលោក ដោយបានបន្សល់ទុកនាមជាមេដឹកនាំដែលចេះប្រើវោហារដើម្បី ទទួលបានប្រជាប្រិយភាពពីអ្នកបោះឆ្នោត ហើយក៏ជាមេដឹកនាំដែលចេះឆ្លៀតយកប្រយោជន៍ពីធនធានប្រេងក្នុងស្រុក ដើម្បីផ្គត់ ផ្គង់ ដំណើរការនយោបាយរបស់ខ្លួនផងដែរ។
នៅ ប្រទេសវ៉េណេស៊ុយអេឡា ប្រធានាធិបតី Hugo Chavez ទទួលមរណភាព កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្នុងអាយុ ៥៨ ឆ្នាំ ដោយសាររោគមហារីកប្រូស្តាត ដែលបានបៀតបៀនខ្លួនលោក តាំងពីឆ្នាំ ២០១១ មក។
Hugo Chavez ត្រូវបានគេស្គាល់ច្បាស់នៅអាមេរិកឡាទីន ដោយសារថា លោកចង់យកគំរូតាម Simon Bolivar ដែលជាវីរបុរសជួយរំដោះប្រទេសជាច្រើន នៅអាមេរិកឡាទីន អោយទទួលបានឯករាជ្យភាព ពីអាណានិគមអេស្ប៉ាញ។
Hugo Chavez មានដើមកំណើតកើតជា នៅក្នុងក្រុង Sabaneta ក្នុងរដ្ឋ Barinas ប៉ែកខាងលិច ប្រទេសវ៉េណេស៊ុយអេឡា។ មានកំណើតចេញពីត្រកូលគ្រួសារគ្រូបង្រៀន Hugo Chavez លោកបានចូលធ្វើជាទាហាន ដែលនៅទីនោះ លោកទទួលបានការសិក្សាដោយឥតគិតថ្លៃ។ នៅឆ្នាំ ១៩៨៣ Hugo Chavez បានបង្កើតចលនាមួយ មានឈ្មោះថា ចលនាបដិវត្តន៍បូលីវ៉ា ២០០ ដើម្បីឧទ្ទិសដល់ខួប២០០ឆ្នាំ នៃការស្លាប់របស់ Simon Bolivar ដែលជាវីរបុរសឯករាជ្យភាព នៅអាមេរិក ឡាទីន។
នៅឆ្នាំ ១៩៩២ Hugo Chavez បានដឹកនាំរដ្ឋប្រហារទំលាក់ប្រធានាធិបតី Carlos Andres Perez ពីតំណែង ប៉ុន្តែរដ្ឋប្រហារបានទទួលបរាជ័យ ធ្វើអោយ Hugo Chavez ជាប់ពន្ធនាគារពីរឆ្នាំ។ Hugo Chavez នៅតែចចេសរឹងរូសមិនអស់ចិត្តនឹងបរាជ័យរបស់ខ្លួន។ នៅក្នុងពន្ធនាគារ លោកបានថតវីដេអូរូបភាពអំពាវនាវអោយមានការបះបោរនៅក្នុងប្រទេស។ កងទ័ពវ៉េណេស៊ុយអេឡា ដែលគាំទ្រលោក បានព្យាយាមធ្វើរដ្ឋប្រហារទំលាក់ប្រធានាធិបតី Perez ម្តងទៀត ប៉ុន្តែនៅតែមិនបានជោគជ័យ។
នៅឆ្នាំ ១៩៩៤ Hugo Chavez បានទទួលសំណាងល្អ ដោយបានទទួលការលើកលែងទោសពីលោកស្រី Rafael Caldera ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មី ក្នុងប្រទេស។
បន្ទាប់ពីនោះមក លោកបានបង្កើតគណបក្សនយោបាយឆ្វេងនិយមមួយ ដែលមានឈ្មោះថា ចលនាសាធារណរដ្ឋទី៥ មានគោលការណ៍យោធាតិចជាងចលនាបដិវត្តន៍បូលីវ៉ា ២០០។ នៅខែធ្នូ ១៩៩៨ លោកបានជាប់ឆ្នោតជាប្រធានាធិបតី ដោយទទួលបានសម្លេងឆ្នោតរហូតដល់ ៥៦ ភាគរយ ដែលមិនធ្លាប់មាន នៅវ៉េណេស៊ុយអេឡា។
ទន្ទឹមនេះដែរ Hugo Chavez ចេះប្រើវោហារពាក្យពេចន៍ ទាក់ទាញប្រជាជនក្នុងប្រទេស ជាពិសេសប្រជាជនក្រីក្រ។
នៅឆ្នាំ ១៩៩៩ លោកបានរៀបចំអោយមានការបោះឆ្នោតប្រជាមតិ ដើម្បីប្តូររដ្ឋធម្មនុញ្ញក្នុងប្រទេស។ ប្រជាជនវ៉េណេស៊ុយអេឡា ៩២ ភាគរយ បានបោះឆ្នោតអោយប្តូររដ្ឋធម្មនុញ្ញ ដែលកាន់តែពង្រឹងអំណាចរបស់លោក Chavez។ លោក Chavez បានធ្វើកំណែទម្រង់ក្នុងប្រទេស ជួយដល់ប្រជាជនក្រីក្រ ដើម្បីឆ្លើយតបទៅនឹងពាក្យសន្យាក្នុងការឃោសនាបោះឆ្នោតរបស់ លោក។ បន្តិចម្តងៗ លោក Chavez ចាប់ផ្តើមប្រើអំណាចគ្រប់គ្រងផ្នែកយោធា រដ្ឋបាល និងសហគ្រាសធំៗរបស់រដ្ឋ។ ជាញឹកញាប់ លោកតែងតែបញ្ជូលទាហាននានា ទៅក្នុងមុខតំណែងសំខាន់ៗ ក្នុងប្រទេស។
នៅក្រោមការគ្រប់គ្រងរបស់ Hugo Chavez បណ្តាញសារព័ត៌មានដូចជាទូរទស្សន៏អន្តរជាតិ RCTV និងវិទ្យុជាង៦០ទៀត ត្រូវបានបិទអោយលែងដំណើរការ ដោយសារតែប្រឆាំងនឹងរដ្ឋាភិបាល។ ថ្វីដ្បិតតែមានការចោទប្រកាន់ថាលោកជាជនផ្តាច់ការ Hugo Chavez តែងតែលើកឡើងហេតុផលនៃជោគជ័យរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ ២០០០ ២០០៦ និង២០១២ ជានិច្ច។
ទន្ទឹមនេះដែរ Hugo Chavez ចេះប្រើចំណូលដែលបានមកពីធនធានប្រេង ក្នុងស្រុកដើម្បីយកទៅបំរើសង្គម ដូចជាលើកតំកើងផ្នែកបរិដ្ឋាន សុខភាព សាលារៀន សិទ្ធិស្ត្រី និងជួយអោយប្រជាជនទទួលបានទឹកស្អាតប្រើប្រាស់ ជាដើម។ ផល ប្រយោជន៍ដែលទទួលបានធនធានប្រេង បានធ្វើអោយវ៉េណេស៊ុយអេឡា ក្លាយជាមហាអំណាចសេដ្ឋកិច្ចទីបួន នៅអាមេរិកឡាទីន។
ទាក់ទងនឹងនយោបាយការបរទេសវិញ លោកត្រូវបានគេស្គាល់ថា ជាតួឯកប្រឆាំងនឹងសហរដ្ឋអាមេរិក។ វ៉េណេស៊ុយអេឡារបស់ Hugo Chavez ចូលចិត្តចងមិត្តជាមួយប្រទេសមួយចំនួនដូចជា លីប៊ី គុយបា ស៊ីរី រឺក៏អ៊ីរ៉ង់ ដែលសុទ្ធសឹងជាប្រទេសដើរផ្ទុយពីបណ្តាបស្ចិមប្រទេស។ លោក Hugo Chavez ក៏ខិតខំភ្ជាប់ទំនាក់ទំនងជាមួយប្រទេសសំខាន់ដូចជា រុស្ស៊ី និងចិនផងដែរ។
កាលពីខែធ្នូ ឆ្នាំ ២០១២ លោកបានជាប់ឆ្នោតជាប្រធានាធិបតីសំរាប់អណត្តិទីបី ក្នុងប្រទេស។ បន្ទាប់ពីដឹងខ្លួនថាមានជំងឺមហារីកមក លោក Hugo Chavez ធ្លាប់បានប្រកាសថា បើទោះជាលោកលែងមានជីវិតក៏ដោយ ឈ្មោះរបស់លោក នឹងនៅតែតំណាងអោយព្រលឹងជាតិ ដើម្បីបន្តការតស៊ូជួយប្រទេសវ៉េណេស៊ុយអេឡា៕ដោយ ព្រំ សឿន សូលីណា (RFI)