ខួបគម្រប់៦០ឆ្នាំគត់ នៃមរណភាពមេដឹកនាំផ្តាច់ការសូវៀត Staline
គឺថ្ងៃទី៥ មិនា ឆ្នាំ១៩៥៣ វេលាម៉ោង៩ និង៥០នាទីយប់ ដោយមកពីបញ្ហាសរសៃបេះដូងនិងស្ទះដង្ហើម ដែលបុរសមហាខ្លាំងក្រោមឈ្មោះថា Staline បានដាច់ខ្យល់ចាកស្ថានទៅក្នុងជន្មាយុ៧៤ឆ្នាំ ក្រោយពីគាត់កាន់តំណែងកំពូលជាអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្ត សហភាពសូវៀតអស់៣១ឆ្នាំជាប់។ ទោះបីកន្លងផុត៦០ឆ្នាំទៅហើយក្តី ក៏មកទល់ឥឡូវ អ្នកស្រុកបន្តសន្និដ្ឋានអំពីរូបគាត់ក្នុងន័យខុសគ្នាក្រៃ ៖ ខ្លះថាគាត់ជា “មេផ្តាច់ការ” ខ្លះថា គាត់ជា “បិតាប្រជាជាតិ”។
តើ Staline ជានរណា? ជាបឋម គាត់ជាជាតិហ្ស៊កហ្ស៊ី មានត្រកូលដើមជាភាសាហ្ស៊កហ្ស៊ីថា Djougachvili។ ដោយហេតុថាសម័យបដិវត្តន៍ គឺជាម៉ូដលាក់ឈ្មោះខ្លួនមែនពិតនៅពីក្រោយរហ័សនាម ដោយធ្វើត្រាប់តាមអគ្គមគ្គុ ទេសក៍បដិវត្តន៍រុស្ស៊ី Oulianov ដែលបានប្រែឈ្មោះឲ្យបន្លឺឡើងជាពីរព្យាង្គ ថា Lenine គាត់ក៏បានជ្រើសយកឈ្មោះពីរព្យាង្គបែបនេះដែរ ថា Staline។ ក្រោយមក មេខ្មែរក្រហមឈ្មោះ សាឡុត ស ក៏បានលាក់ខ្លួននៅពីក្រោយឈ្មោះមានពីរព្យាង្គ ដែលបន្លឺឡើងថា Pol Pot។
ថ្ងៃនេះ តាំងពីព្រឹកម៉្លេះ ពួកសកម្មជននៃបក្សកុម្មុយនិស្តរុស្ស៊ី ដែលបន្តវេនពីបក្សកុម្មុយនិស្តសហភាពសូវៀត បាននាំគ្នាដាក់កម្រងផ្កានៅលើផ្នូរ Staline ដែលស្ថិតនៅពីក្រោយមតចេតិយ Lenine ជាប់នឹងកំពែងវិមានក្រេមឡាំង រំលឹកដល់វិញ្ញាណក្ខន្ធ Staline ដែលត្រូវគេចាត់ទុកជា “បិតាប្រជាជាតិ” ជាអ្នកចេះដណ្តើមបានជ័យជំនះលើរបបហ្វាស៊ីស្ត អាល្លឺម៉ង់ ជំនាន់សង្គ្រាមលោកលើកទី២ដោយយុទ្ធជនដែលចេញទៅច្បាំងគឺសុទ្ធតែចងចាំជានិច្ចពាក្យស្លោក ដែលថា “គ្មានមួយជំហានថយក្រោយឡើយ” និង “ដើម្បីStaline, ដើម្បីមាតុភូមិ”។ សម្រាប់ពួកគេ មរណភាព Staline គឺទុកមាតុប្រទេសសូវៀតឲ្យនៅកំព្រា។
ជាការកត់សម្គាល់ ៤ថ្ងៃក្រោយពីមរណភាពគាត់ គឺនៅថ្ងៃ៩ មិនា ឆ្នាំ១៩៥៣ សព Staline ត្រូវបានលើកយកទៅដំកល់ក្នុងមតចេតិយនោះ នៅទន្ទឹមនឹងសព Lenine តែម្តង។ ប៉ុន្តែ ៨ឆ្នាំក្រោយមក ក្នុងយប់ឆ្លងពីថ្ងៃទី៣១ តុលា មកថ្ងៃទី១ វិច្ឆិកា ឆ្នាំ១៩៦១ ស្របនឹងការសម្រេចចិត្ត នៃសមាជលើកទី២២របស់មជ្ឈឹមបក្សកុម្មុយនិស្តសហភាពសូវៀត ដើម្បីរំសាយការលើកបុគ្គល Stalineជាទីសក្ការៈ សពគាត់ក៏បានត្រូវរើចេញពីមតចេតិយយកទៅកប់ក្នុងដីនៅជាប់នឹងកំពែង វិមានក្រេមឡាំងទៅវិញ។ សរឲ្យឃើញថារូប Staline ជាទីសក្ការៈ គឺពេលដង្ហែរសពគាត់ ពីក្នុងចំណោមមនុស្ស ២លាននាក់ ដែលបានមានវត្តមានក្នុងពិធីនោះ មានដល់ទៅ១.៥០០នាក់ បានធ្លាក់ខ្លួនស្លាប់ដោយត្រូវគេជាន់ មកពីពួកគេទាំងយំបោកខ្លួនបោកប្រាណ នាំគ្នាសម្រុកចូលទៅជិតម្ឈូស Staline។
ឈ្មោះ Staline ក៏ជាប់ក្នុងបណ្តាសារបស់អ្នកស្រុកណា ដែលសាច់ញាតិគេរងគ្រោះនឹងនយោបាយគាត់ ដែលមិនទុកចិត្តអ្នកនៅជុំវិញឡើយ ក្រោមឈ្មោះថា “កំចាត់ខ្មាំងកុំឲ្យវាចេញពន្លកមកកើត”។ គ្រាន់តែក្នុង “មហាប្រតិ បត្តិការបោសសំអាត” ឆ្នាំ១៩៣៧-១៩៣៨ មានចាប់ខ្លួនអ្នកដែលជាប់ក្នុងក្តីសង្ស័យថាក្បត់នោះ គឺចំនួន ១លាន៥សែននាក់ ដែលពីក្នុងនោះ ៦សែន៩ម៉ឺននាក់ ត្រូវបានកាត់ទោសប្រហារជីវិត។
ទោះយ៉ាងណាក្តី ក៏លទ្ធផលនៃការស្ទាបស្ទង់ដែលមានធ្វើឡើង ឧទ្ទិសដល់ខួប៦០ឆ្នាំនៃមរណភាព Staline សរឲ្យឃើញថា ប្រជាពលរដ្ឋរុស្ស៊ីដល់ទៅ៥៩% យល់ថា Staline បានដើរតួវិជ្ជមាន ច្រើនជាងអវិជ្ជមាន ក្នុងជីវភាពប្រទេស៕ដោយ កែវ ឆាយា (RFI)