លោកម៉ម សូណង់ដូនៅតែអះអាងថា មិនបានដឹងអំពីគម្រោងអបគមន៍
ភ្នំពេញ៖ នៅមុខក្រុមប្រឹក្សាជំនុំជម្រះនៅព្រឹកថ្ងៃទី៥ ខែមីនា ២០១៣ លោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ និងអ្នកភូមិប្រម៉ា២នាក់ទៀតសុទ្ធតែបានអះអាងថាពួកគេមិនបានដឹងអំពីគម្រោងធ្វើអបគមន៍ដែលរដ្ឋាភិបាលបានចោទប្រកាន់នោះឡើយ ហើយសវនាការបានផ្អាកនៅម៉ោង១២ថ្ងៃត្រង់ នឹងត្រូវបន្តនៅព្រឹកថ្ងៃពុធស្អែក។
នៅក្នុងសវនាការជាសាធារណៈដែលមានការចូលរួមស្តាប់ពីក្រុមអ្នកកាសែត សង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនផងនោះ លោកម៉ម សូណង់ដូរៀបរាប់ប្រាប់ក្រុមប្រឹក្សាជំនុំជម្រះដែលដឹកនាំដោយលោក ចៅក្រម ឃុន ម៉េងលាងថា «ថ្វីត្បិតលោកបានជួបឈ្មោះប៊ុន រដ្ឋាមែន ប៉ុន្តែជាការជួបគ្នាក្នុងប្រធានសមាគម និងសមាជិសមាគមអ្នកប្រជាធិបតេយ្យជាធម្មតានោះទេ»។
ប៊ុន រដ្ឋាត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថា ជាមេចលនាបង្កើតតំបន់អបគមន៍នៅក្នុងស្រុកឆ្លូងខេត្តក្រចេះដែល រដ្ឋាភិបាលបានបង្ក្រាបកាលពីពាក់កណ្តាលឆ្នាំ២០១២កន្លងទៅ ហើយក្រោយមកត្រូវបានកាត់ទោសកំបាំងមុខ៕