ការប្រកួតប្រជែងក្រុមមន្រ្តីព័ត៌មានទូទាំងប្រទេស ដើម្បីទៅលេងអាល្លឺម៉ង់
Cambodia News
ដើម្បីលើកទឹកចិត្តដល់ក្រុមមន្រ្តីព័ត៌មានរាជធានី-ខេត្តទូទាំងប្រទេស ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ បានប្រកាសនៅព្រឹកថ្ងៃទី ៥ មីនា នេះ ស្តីពីការប្រកួតប្រជែងការលើការងារផ្សព្វផ្សាយព័ត៌មាន ដើម្បីបានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសអាល្លឺម៉ង់ចំនួន ១០ ថ្ងៃ។
ថ្លែងនៅក្នុងពិធីបើកកម្មវិធីដែលមានឈ្មោះថា “ការប្រកួតប្រជែងក្រុមមន្រ្តីព័ត៌មានដើម្បីធានាឲ្យការផ្សព្វផ្សាយព័ត៌ មាន កាន់តែមានតម្លាភាព និងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ” នៅសណ្ឋាគារសាន់វេ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា នេះគឺជាការលើកទឹកចិត្តដល់ក្រុមមន្រ្តីព័ត៌មានរាជធានី-ខេត្ត។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវការដឹងពីព័ត៌មានដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់គាត់ ដូចនេះវាជាតួនាទីនិងភារកិច្ចរបស់ក្រុមមន្រ្តីព័ត៌មានរាជធានី-ខេត្តក្នុងការឆ្លើយតប និងពន្យល់ដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេល និងជាប្រចាំ។
លោកបានបន្តថា ព័ត៌មានអាចនឹងជួយកាត់បន្ថយចម្ងល់ ឬភាពតានតឹងណាមួយ ព្រោះថាបើបិទព័ត៌មាននាំឲ្យមានការបាត់បង់សេចក្តីទុកចត្តពីប្រជាពលរដ្ឋ ហើយនៅក្នុងសង្គមប្រជាធិតេយ្យ កាលបើបាត់បង់ជំនឿទុកចិត្តពីប្រជាពលរដ្ឋហើយ នោះនឹងឲ្យមានការបង់សន្លឹកឆ្នោត។
គួរបញ្ជាក់ដែរថា ក្រុមមន្រ្តីព័ត៌មានរាជធានី-ខេត្តនីមួយៗមានគ្នាបីរូប ដែលក្នុងនោះរួមមាន៖ អភិបាលរងរាជធានី-ខេត្ត នាយកទីចាត់ការរដ្ឋបាលរាជធានី-ខេត្ត និងប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត។ ក្រុមមន្រ្តីព័ត៌មានចំនួន ៣ រាជធានី-ខេត្ត (៣រូបក្នុងរាជធានី-ខេត្តនីមួយៗ) នឹងត្រូវជ្រើសរើសជាជ័យលាភី ហើយដំណើរទស្សនៈកិច្ចនេះនឹងត្រូវធ្វើនៅក្នុងខែតុលា ឆ្នាំ ២០១៣ នេះ៕