ឃុំខ្លួននិស្សិតពេទ្យស្រីបណ្ដោះអាសន្នពីបទបើកបរបណ្ដាលឲ្យអ្នកដទៃស្លាប់ដោយអចេតនា
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ លោក អ៊ី ថាវរៈ ជាចៅក្រមស៊ើបសួរបានសម្រេចឃុំនិស្សិតស្រីពេទ្យដែលបានបើករថយន្តបុក រះបណ្ដាល ឲ្យមនុស្ស៣នាក់ស្លាប់ និង១២នាក់រងរបួស ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់និស្សិត រូបនេះពីបទបើកបរបណ្ដាលឲ្យមនុស្សស្លាប់ដោយអចេតនា។
គ្រោះថ្នាក់ចរាចរកាលពីព្រលប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ នៅមុខក្រសួងមហាផ្ទៃ ដែលបង្ក ឡើងដោយយុវតីនិស្សិតពេទ្យឈ្មោះ គាមពិសិដ្ឋ ម៉ានី អាយុ២៣ឆ្នាំ បណ្ដាលឱ្យកុមារី២នាក់បងប្អូន និងកុមារាម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មានអាយុពី៨ដល់១២ឆ្នាំ និងរងរបួសធ្ងន់ ចំនួន៦នាក់ នៅចំណុចស្ដុប ពេទ្យកាកបាទក្រហមបណ្ដោយផ្លូវព្រះ នរោត្ដម ជិតវិមានឯករាជ្យ គឺជាកូនរបស់លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ អនុប្រធានមន្ទីរសុខាភិបាលខេត្ដកណ្ដាល និងជាម្ចាស់គ្លីនិកឯកជនមួយនៅក្រុងតាខ្មៅ ។
បើតាមការអះអាងពីមន្ដ្រីនគរបាល ចរាចរបញ្ជាក់ថា ឪពុកម្ដាយយុវតីនិស្សិត ពេទ្យបង្កហេតុបណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួសច្រើននាក់បានអះអាងប្រាប់ នគរបាលថា កូនរបស់គាត់ធ្លាប់មាន បញ្ហាសរសៃប្រសាទ ហើយវាធ្វើទុក្ខម្ដងៗ ប៉ុន្ដែនគរបាលចរាចរលើកឡើង ថា បើពិនិត្យមើលជាក់ស្ដែងជនបង្ក ហាក់ដូចជាមិនមានអ្វីពាក់ព័ន្ធទៅនឹង បញ្ហាសរសៃប្រសាទនោះទេ ពោលគឺ មានសុខភាពរឹងមាំ និងក្លាហានទៀតផង៕