បុរសម្នាក់ជិះម៉ូតូទៅប៉ះ នឹងម៉ូតូដួលចូលក្រោមរថយន្ត កិនបែកក្បាលស្លាប់
ភ្នំពេញ៖ កាលពីវេលាម៉ោង១៧ និង១៥ នាទីថ្ងៃទី៣ ខែមីនា បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលទៅប៉ះ នឹងម៉ូតូមួយគ្រឿងទៀត នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យដួលបោកចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ជនរងគ្រោះពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ពាក់អាវដៃវែង ក្រឡាការូ និងខោខ្មៅជើងវែង កំពស់ជាង១ម៉ែត្រ សម្បុរស្រអែម សក់ស្លូត ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាសពណ៌ខ្មៅស៊េរី ឆ្នាំ ២០០៦ ពាក់ស្លាកលេខភ្នំពេញ ១BA-3900 ជិះម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច រងរបួសបែកក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម៉ូតូមួយគ្រឿង ទៀត ដែលម៉ូតូរងគ្រោះប៉ះឈ្នាន់នោះម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1BB-1839 អ្នកបើកបរមានឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ១៣៩ សង្កាត់ផ្សារ កណ្តាល២ ខណ្ឌដូនពេញ ជិះគ្នាពីរនាក់ ក្នុងទិសដៅពី លិចទៅកើតពុំមានរងរបួសនោះទេ។
ដោយឡែករថយន្តដែលម៉ូតូដួលខ្ទាតទៅចូលនោះម៉ាកស្តារិច ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2Q-7358 អ្នក បើកបរមាន ឈ្មោះ ណា ភេទប្រុស អាយុ ៥០ឆ្នាំ ជាជនជាតិកូរ៉េមានមុខរបរជាជាងម៉ាស៊ីនរោងចក្រកាត់ដេរ បើកបរក្នុងទិសដៅពីលិចទៅកើតច្រាសទិសជាមួយម៉ូតូរងគ្រោះ។
មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងល្បឿនលឿនដល់កន្លែងកើត បានទៅប៉ះជាមួយនឹងឈ្នាន់ម៉ូតូសេ១២៥ បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ ខ្ទាតទៅចូលក្រោមកង់រថយន្តកិន បែកក្បាលស្លាប់ ទោះបីជនរងគ្រោះពាក់មួកសុវត្ថិភាពយ៉ាងណាក្តី។
បន្ទាប់ពីកើតនគរបាលចរាចរណ៍បានវាស់វែងនៅកន្លែងកើតហេតុ និងធ្វើកំណត់ហេតុរួចរាល់ វត្ថុតាងរួមមានម៉ូតូ ២គ្រឿង និងរថយន្ត រួមទាំងអ្នកបើកម៉ូតូ និងរថយន្តជាជនជាតិកូរ៉េ ត្រូវបញ្ជូនទៅកាន់ការិយាល័យនគរ បាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះទៅតាមផ្លូវច្បាប់៕ ហេង នាង