តើការជ្រើសរើសសម្តេចប៉ាបថ្មីត្រូវធ្វើឡើងដោយរបៀបណា?
សម្តេចប៉ាប Benoît ទី១៦ នឹងត្រូវបញ្ចប់តំណែងជាសម្តេចសង្ឃកាតូលិក នៅ ម៉ោង ៧យប់ថ្ងៃព្រហស្បតិ៍នេះ ម៉ោងសកល (ត្រូវនឹងម៉ោង ២រំលងអធ្រាត ថ្ងៃសុក្រស្អែក នៅក្នុងប្រទេសកម្ពុជា)។ សម្តេចប៉ាបថ្មីនឹងត្រូវជ្រើសរើស ដើម្បី ជាប្រមុខដឹកនាំអ្នកកាន់សាសនាកាតូលិកជាង១ពាន់លាននាក់ នៅទូទាំងពិភព លោក ។ តើការជ្រើសរើសសម្តេចប៉ាបថ្មីត្រូវធ្វើឡើងដោយរបៀបណា?
នៅពេល ដែលការលាឈប់ពីមុខតំណែងរបស់ព្រះអង្គចាប់ផ្តើមចូលជាធរមាន នៅយប់ថ្ងៃព្រហស្បតិ៍នេះ សម្តេចប៉ាប Benoît ទី១៦ ក្នុងឈ្មោះដើមថា Joseph Ratzinger នឹងត្រូវយាងទៅគង់ចូលនិវត្តន៍ក្នុងនិវេសនដ្ឋាន ដែលគេរៀបចំទុកសម្រាប់ព្រះអង្គ ហើយតំណែងជាប្រមុខរដ្ឋវ៉ាទីកង់ និងប្រមុខដឹកនាំសាសនាកាតូលិកនឹងត្រូវនៅទំនេរ ដែលគេចាំបាច់ត្រូវជ្រើសរើសអ្នកថ្មីមកជំនួស។
តាមច្បាប់របស់វិហារកាតូលិក សម្តេចប៉ាបត្រូវជ្រើសរើសឡើង តាមរយៈការបោះឆ្នោត ដោយមន្រ្តីសង្ឃជាន់ខ្ពស់ ដែលបច្ចុប្បន្ននេះ មានចំនួន ១១៥រូប មកពីទូទាំងពិភពលោក។ តាមការអនុវត្តកន្លងមក គេត្រូវរង់ចាំយ៉ាងតិច ១៥ថ្ងៃ ទៅ២០ថ្ងៃ ក្រោយពេលតំណែងសម្តេចប៉ាបនៅទំនេរ ទើបអាចចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មីបាន។ ក៏ប៉ុន្តែ ការ អនុវត្តបែបនេះ ដោយសារតែកន្លងមក ការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មី គឺធ្វើឡើង នៅក្រោយពេលសម្តេចប៉ាបចាស់សុគត ហើយគេត្រូវការពេលវេលា ដើម្បីរៀបចំបុណ្យសពសម្តេចប៉ាបចាស់ឲ្យបានចប់សព្វគ្រប់សិន ទើបចាប់ផ្តើមជ្រើសរើសសម្តេចប៉ាបថ្មី។
នៅពេលនេះ ខុសពីពេលមុនៗ តំណែងសម្តេចប៉ាបត្រូវនៅទំនេរ ដោយសារតែសម្តេចប៉ាបចាស់ គឺ Benoît ទី១៦ លាឈប់ពីមុខតំណែង។ បើតាមអ្នកនាំពាក្យបុរីវ៉ាទីកង់ ការជ្រើសរើសសម្តេចប៉ាបថ្មីអាចនឹងត្រូវធ្វើឡើង នៅមុនថ្ងៃទី១៥មីនា។
នៅពេលដែលដំណើរការបោះឆ្នោតនេះចាប់ផ្តើមឡើង មន្រ្តីសង្ឃកាតូលិក ទាំង ១១៥រូប នឹងត្រូវជួបប្រជុំគ្នា ដោយបិទទ្វារ នៅក្នុងបុរីវ៉ាទីកង់ ដោយមិនមានអ្នកណាម្នាក់អាចចេញពីទីប្រជុំ ឬទាក់ទងជាមួយនឹងពិភពខាងក្រៅបានទេ រហូតទាល់តែអាចជ្រើសរើសសម្តេចប៉ាបថ្មីបាន។ ការប្រជុំដោយបិទទ្វារនេះ គេ ឲ្យឈ្មោះថា Conclave ។
មន្រ្តីសង្ឃទាំង ១១៥រូប នឹងទទួលបានសន្លឹកឆ្នោតទទេមួយសន្លឹក ហើយអាចសរសេរឈ្មោះអ្នកណាក៏បាន ដែលខ្លួនចង់ឲ្យធ្វើជាសម្តេចប៉ាបថ្មី។ បេក្ខជនដែលគេអាចជ្រើសរើសជាសម្តេចប៉ាបថ្មីនេះ អាចជាមន្រ្តីសង្ឃក្នុងចំណោម ១១៥នាក់នេះក៏បាន ឬអ្នកណាម្នាក់ផ្សេងទៀតក៏បាន។ ការបោះ ឆ្នោតនេះត្រូវធ្វើឡើងដោយសម្ងាត់ ហើយការរាប់សន្លឹកឆ្នោតត្រូវធ្វើឡើងភ្លាមៗ។ ដើម្បីអាចជាប់ឆ្នោតជាសម្តេចប៉ាបបាន បេក្ខជនចាំបាច់ត្រូវមានសំឡេងឆ្នោតយ៉ាងតិច២ភាគ៣។ក្រោយពីការរាប់សន្លឹកឆ្នោតរួចសន្លឹក ឆ្នោតទាំងអស់នឹងត្រូវគេយកទៅដុត ដោយបង្ហុយផ្សែងចេញទៅក្រៅ ។ ប្រសិនបើមិនមានបេក្ខជនណាម្នាក់ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ទេ គេដាក់ជាតិគីមីម្យ៉ាងធ្វើឲ្យផ្សែងនេះមានពណ៌ខ្មៅ ដើម្បីឲ្យអ្នកនៅខាងក្រៅដឹងថា គេនៅមិនទាន់មានសម្តេចប៉ាបថ្មីទេ ហើយការបោះឆ្នោតនឹងត្រូវបន្តធ្វើនៅជុំបន្តបន្ទាប់មកទៀត រហូតទាល់តែអាចជ្រើសរើសសម្តេចប៉ាបថ្មីបាន។ នៅពេលដែលគេអាចបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មីបានហើយ គេយកសន្លឹកឆ្នោតទៅដុត ដោយមិនបន្ថែមជាតិគីមីអ្វីទាំងអស់ ដោយទុកឲ្យផ្សែងដែលហុយចេញទៅខាងក្រៅ ជាផ្សែងពណ៌ស ដើម្បីប្រាប់ដល់អ្នកដែលនៅរង់ចាំដំណឹង នៅខាងក្រៅថា គេជ្រើសរើសបានសម្តេចប៉ាបថ្មីហើយ។
រហូតមកទល់នឹងពេលនេះ បេក្ខជន ដែលគេរំពឹងថាអាចនឹងក្លាយជាសម្តេចប៉ាបថ្មីបាន គឺមានមន្រ្តីសង្ឃ មកពីអ៊ីតាលី, ប្រេស៊ីល, កាណាដា, អាមេរិក, អូទ្រីស, អាហ្សង់ទីន, ហ្កាណា និងហ្វ៊ីលីពីន៕ដោយ សេង ឌីណា(RFI)