ឆៃ លីដាឡែន លេចមុខជាថ្មីក្រោយស្ងប់ស្ងាត់រឿងអាស្រូវ
អតីតតារាចម្រៀងនៅក្នុងផលិតកម្មរ៉ៃមាស នាង ឆៃ លីដាឡែន បានបង្ហាញវត្តមានជាថ្មីនៅក្នុងកញ្ចក់ទូរទស្សន៍ បន្ទាប់ពីនាងបានបាត់មុខមួយរយះក្រោយរូបភាពនៃការស្លៀកបែបស៊ិចស៊ីធ្លាយចេញជាសាធារណះក្នុងពេលដែលនាងសម្តែងនៅអាមេរិក។
ក្រោយពីញាំញីដោយរឿងអាស្រូវមួយនេះតារាចម្រៀងរូបនេះបានបាត់មុខពីសិល្បះទាំងការសម្តែងនិងការឡើងច្រៀងតាមបណ្តាលប៉ុស្តិ៍ទូរទស្សន៍នានា បើទោះបីជាគេដឹងថានាងកំពុងតែមានវត្តមាននៅក្នុងស្រុកខ្មែរក៍ដោយ។
ការបាត់មុខនេះត្រូវបានមជ្ឈដ្ឋានខាងក្រៅនាំគ្នាខ្សឹបខ្សៀវថា ឆៃ លីដាឡែន អាចនឹងដើរចេញពីសិល្បះទាំងមិនអស់ចិត្ត បន្ទាប់ពីនាងទទួលការស្តីបន្ទោសនិងការរិះគន់យ៉ាងចាស់ដៃពីមជ្ឈដ្ឋានខាងក្រៅ បន្ទាប់ពីរូបភាពនៃការស្លៀកពាក់របស់នាងដែលស្ទើរតែប្រលែងសុដន់នៅកណ្តាលវាលនោះបានធ្លាយចេញជាសាធារណះ។
រឿងមួយនេះបានធ្វើឲ្យតារាសម្តែងដែលធ្លាប់តែលេចមុខលេចមាត់ស្ទើរគ្រប់កម្មវិធីសិល្បះបែជាលាក់ខ្លួនដូចកូនកណ្តុរនៅក្នុងរូងទៅវិញ ខណះពេលដែលរឿងអាស្រូវមួយនេះបានគ្រប់ដណ្តប់ក្នុងផ្លូវនៃដំណើរលើវិថីសិល្បះរបស់នាង បន្ទាប់ពីបណ្តាលប៉ុស្តិ៍ទូរទស្សន៍នៅក្នុងស្រុកហាក់មានការរអាមិនហ៊ានហៅនាងឡើងច្រៀងបន្តទៀតនោះ។
ក្រោយភ្លៀងមេឃក៍ស្រឡះ តារាចម្រៀងរូបនេះក៍មានឱកាសបានឡើងប៉ុស្តិ៍ទូរទស្សន៍ជាថ្មីម្តងទៀត បន្ទាប់ពីរឿងអាម៉ាស់របស់នាងស្ទើតែរសាត់បាត់ពីអារម្មណ៍ទស្សនិកជនទៅហើយនោះ។
ក្នុងពេលថ្មីៗនេះតារាចម្រៀង ឆៃ លីដាឡែន បានបង្ហាញមុខយ៉ាងក្រឡែតនៅក្នុងកម្មវិធីកំសាន្តមួយរបស់ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ ធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវត្តមានជាថ្មីរបស់តារាចម្រៀងរូបនេះ។
បើទោះបីជាកម្មវិធីនោះជាកម្មវិធីថតទុកក៍ដោយ តែទោះជាយ៉ាងនេះអាចទុកថា ឆៃ លីដាឡែន កំពុងតែបញ្ជ្រាបខ្លួនបន្តិចម្តងៗក្នុងដំណើរឆ្កោះមកកាន់ក្បាលមីក្រូច្រៀងជាថ្មីក្នុងវិថីសិល្បះ បន្ទាប់ពីរឿងអាស្រូវរបស់នាងហាក់មានការស្ងប់ស្ងាត់នោះ។
ក្នុងដំណើរវិលមកបង្ហាញមុខជាថ្មីតាមកញ្ចក់ទូរទស្សន៍នេះ ឆៃ លីដាឡែន បានអះអាង ថា នាងពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំងក្នុងឱកាសដែលនាងបានបង្ហាញមុខជាថ្មីតាមកញ្ចក់ទូរទស្សន៍នាពេលនេះ។ នាងសង្ឃឹមថា ការវិលមកសិល្បះជាថ្មីរបស់នាង នឹងនៅតែទទួលការគាំទ្រពីទស្សនិកដដែល ដោយលែងគិតនូវរឿងអតីតកាលដែលកន្លងមកនោះ។
នាងបញ្ជាក់ថា ចាប់តាំងពីនាងបានវិលមកពីសម្តែងនៅអាមេរិកវិញគឺនាងបាននិយាយសុំទោសជាសាធារណះចំពោះកំហុសដោយអចេតនាដែលនាងបានធ្វើក្នុងពេលដែលនាងសម្តែងនៅទីនោះ។ ចាប់តាំងពីពេលនោះមកនាងក៍បានផ្អាកការសម្តែងតាមកញ្ចក់ទូរទស្សន៍មួយរយះ ដោយត្រូវរង់ចាំរឿងមួយនេះមានការស្ងប់ស្ងាត់សិន ហើយការខកខានមិនបានចេញមុខតាមកញ្ចក់ទូរទស្សន៍នេះគឺមិនបានជាប់បំរាមពីស្ថាប័នណាមួយឡើយ។
នាងបញ្ជាក់ថា ឱកាសនៃការបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ជាថ្មីរបស់នាងនៅពេលនេះគឺនាងបានសន្យាថានឹងមិនប្រព្រឹត្តអ្វីដែលខុសឆ្គងទៀតឡើយ ហើយនាងនឹងរង់ចាំស្វាគមន៍ជានិច្ចចំពោះបណ្តាលស្ថានីយទូរទស្សន៍នានាដែលចង់ផ្តល់ឱកាសឲ្យនាងឡើងច្រៀងជាថ្មីនោះ៕ ស.រ