កូរ៉េ​ខាងត្បូង​ចេញ​កម្មវិធី​សិក្សា​លើ​ប្រជុំកោះ​ Dokdo​ កោះ​ជម្លោះ​ជាមួយ​ជប៉ុន​

ក្រសួង​​ការ​ពារ​ជាតិ​កូរ៉េ​ខាងត្បូង​ បាន​ប្រកាស​នៅ​ថ្ងៃ​​​អង្គារ​នេះ​ថា នឹង​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ស្តី​ពី​​ប្រជុំ​កោះ​Dokdo ​​កោះ​​ជម្លោះ​​​ជាមួយ​ជប៉ុន​ អោយ​ដល់​​សិស្សានុសិស្សកូរ៉េ​​​ ចាប់​ពីឆ្នាំ​នេះ​ទៅ។ សិស្ស​នៅ​កូរ៉េ​ខាង​ត្បូង​ ត្រូវ​តែ​​​​រៀន​ពី​​​ប្រជុំកោះ​ដូកូ​នេះ​ជា​ដាច់​​ខាត​។ គួរ​រំលឹក​ថា​ ប្រជុំកោះ​​Dokdo ​គ្មាន​មនុស្ស​នៅ ស្ថិត​នៅ​​សមុទ្រ​ភាគ​ខាង​កើត ហើយ​​កូរ៉េ​ខាង​ត្បូងនិង​ជប៉ុន តែងតែ​ឈ្លោះ​គ្នា​ដណ្តើម​បូរណ​ភាព​ដែន​​​កោះ​នេះ​ រៀងៗ​ខ្លួន។

ចាប់​ពី​ឆ្នាំ​នេះ​​ទៅ​ ប្រទេស​កូរ៉េ​ខាង​ត្បូង​តំរូវ​អោយ​​សិស្សា​នុសិស្ស​របស់​ខ្លួ​ន សិក្សា​ជា​ដាច់​ខាត​ នូវ​មេរៀន​ទាក់​ទង​នឹង​ប្រជុំ​កោះ​Dokdo​ ​ ដែល​ជា​ដែន​កោះ​ជម្លោះ​ជាមួយ​ជប៉ុន។ នេះ​​គឺ​ជា​ការ​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​ នៅ​ថ្ងៃ​អង្គារ​​នេះ។

សំរាប់​រយៈ​ពេល​សិក្សា​​មួយ​ឆ្នាំ​​ សិស្ស​កូរ៉េ​ខាង​ត្បូង​ត្រូវ​រៀន​មេរៀន​ទាក់ទង​ប្រជុំកោះ ​Dokdo ​យ៉ាងតិច​​ណាស់​ ក៏​អោយ​បាន​១០ ម៉ោង​ដែរ។ កន្លង​មក​ សាលា​​មួយ​ចំនួន​ធ្លាប់​មាន​កម្មវិធី​សិក្សា​ស្តី​ពី​​ដែន​កោះ​នេះ​រួច​មក​ ហើយ។ គួរ​រំលឹក​ថា​ ប្រជុំកោះ Dokdo​ ​​ជា​កោះ​​គ្មាន​មនុស្សរស់​​នៅ មាន​ទីតាំង​ស្ថិត​នៅ​​សមុទ្រ​ភាគ​ខាង​កើត​ ។ ​ជប៉ុន​បាន​ហៅ​សមុទ្រ​នេះ​ថា ជាសមុទ្រ​ជប៉ុន។ កូរ៉េ​ខាង​ត្បូងនិង​ជប៉ុន តែងតែ​ឈ្លោះ​គ្នា​ដណ្តើម​បូរណ​ភាព​ដែន​​​កោះ​នេះ​ រៀងៗ​ខ្លួន។

ជម្លោះ​ដែន​កោះ​នេះ ​បាន​​បង្ក​អោយ​​មាន​ស្ថានភាព​​​​តានតឹងកើត​ឡើង​​ ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​​ចាប់​​​​តាំង​​​តែ​ពី​​​​អតីត​ប្រធានាធិបតី​ជប៉ុន​​ លោក​ លី​ ម្យុងបាក់ បាន​មក​ទស្សនៈ​កិច្ច​ប្រជុំកោះ​ Dokdo​ ​​ នៅ​ក្នុង​​​​ខែ​សីហា ឆ្នាំ​​២១០២ កន្លង​ទៅ។

កាល​ពី​សប្តាហ៍​មុន​ ប្រជាជន​ជប៉ុន​​​៥០០នាក់ និង​តំណាង​រដ្ឋាភិបាល​​ជប៉ុន បាន​​ផ្តុំ​គ្នា​​​បាតុកម្ម​​​ថា ប្រជុំ​កោះ​នេះ​គឺ​ជា​​របស់​ប្រទេស​ខ្លួន។ ប្រជាជន​កូរ៉េ​ខាងត្បូង​រាប់​រយ​នាក់​ បាន​​បាតុកម្ម​តបត​មក​វិញ នៅ​មុខ​ស្ថានទូត​ជប៉ុន ក្នុង​ក្រុង​សេអ៊ូល និង​នៅ​មុខ​​សមាគម​​អ្នក​ជំនួញ​កូរ៉េ​ខាង​ត្បូង​មួយ​កន្លែង​​ ​ដោយអំពាវនាវ​​​​​​​​ពួក​គេ​ កុំ​អោយ​ប្រើប្រាស់​ផលិតផល​នាំ​មក​ពី​ជប៉ុន។

គួររំលឹក​ថា​ ប្រទេស​ជប៉ុន​ធ្លាប់​ដាក់​អាណានិគម​នៅ​កូរ៉េ​ខាង​ត្បូង​ ពី​ឆ្នាំ​ ១៩១០ ដល់​ឆ្នាំ​ ១៩៤៥។ អនុស្សាវរីយ៍​​ល្វីង​ជូរចត់​នៃ​​អាណានិគម​ជប៉ុន​​ នៅ​តែ​ដិត​ដាម​​ជាប់​ក្នុង​​​​​អារម្មណ៍​របស់​​ប្រជាជន​កូរ៉េ​គ្រប់​រូប៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close