អ្នកស្លាប់ ដោយសារ ជំងឺអេដស៍ មាន១,៩១៧នាក់នៅឆ្នាំ២០១២
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣នេះ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងជំងឺអេដស៍ លោក កៅ ទ្រី បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីបង្កើតក្របខណ្ឌវិនិយោគ ក្នុងការឆ្លើយតប និងមេរោគអេដស៍ និងជំងឺក្នុងប្រទេសកម្ពុជា នាសណ្ឋាគារណាហ្កាវើល ថា «ករណីស្លាប់ ដោយសារជំងឺអេដស៍ ក្នុងឆ្នាំ២០១២ មានចំនួន១,៩១៧នាក់»។
លោកបានបន្តថា សម្រាប់កុមារកំព្រាដែលឪពុក-ម្តាយស្លាប់ ដោយជំងឺអេដស៍ បានទទួលការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗ មានចំនួន១៧.២០០ នាក់ ទទួលការព្យាបាលបាន៤,៨០០នាក់ ទទួលបានការឧបត្ថម្ភចំណីអាហារ ១៩.៩៥២នាក់ ទទួលការថែទាំសុខភាព តាមសហគមន៍បាន ១,៧២៥នាក់ ទទួលបានការគាំទ្រ៦,៨៨០នាក់។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០១២ ចំនួនមនុស្សពេញវ័យ មានផ្ទុកមេរោគអេដស៍ ចំនួន ៧២.៥១២នាក់ ហើយតួលេខនេះ វានឹងនៅសល់ប្រហែល ៦៩.០០០នាក់ នៅឆ្នាំ២០១៥ ហើយទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកត្រូវការឱសថ ប្រឆាំងមេរោគអេដស៍ បានកើនឡើងពី ៥០.៩២៥ ក្នុងឆ្នាំ២០១០ ទៅ ៥៣.៣៥០ ក្នុងឆ្នាំ២០១២ ហើយនឹងកើនឡើងទៅដល់ ៥៥.៧៨៧ ក្នុងឆ្នាំ២០១៥៕