រឿងក្តីផ្ទុះគ្រាប់បែកត្រូវបានបើកឡើងវិញប្រឆាំងនឹងអ្នកនិពន្ធជាតិ ទួកគី
ប្រទេសទួកគី (Turkey) កំពុងប្រឈមមុខទៅនឹងការដាក់សម្ពាធកាន់តែខ្លាំងឡើងពីខាងក្នុង ប្រទេសនិងអន្តរជាតិ ទាក់ទងនឹងការបើកឡើងវិញនូវរឿងក្តីផ្ទុះគ្រាប់បែក ប្រឆាំងទៅលើអ្នកនិពន្ធនិងជាអ្នកសង្គមវិទ្យា លោកស្រី ភីណា សេឡេក (Pinar Selek)។ រឿងក្តីនេះបានក្លាយជាចំណុចស្នូលនៃការព្រួយ បារម្ភដែលកំពុងបន្តទៅលើប្រព័ន្ធតុលាការរបស់ទួកគី បើទោះជាមានការកែ ទម្រង់ អស់រយៈពេលមួយទសវត្សរ៍មកហើយក៏ដោយ។ Dorian Jones រាយការណ៍ពីទីក្រុងអ៊ីស្តង់ប៊ុល (Istanbul)។
ខ្សែវីដេអូមួយរបស់ក្រុមអ្នកនិពន្ធ អ្នកសិក្សា និងសកម្មជនសិទ្ធិមនុស្សនាំមុខគេរបស់ ទួកគី បានថ្កោលទោសសេចក្តីសម្រេចរបស់តុលាការក្រុង អ៊ីស្តង់ប៊ុល ដើម្បីជំរុញឲ្យតុលាការពិចារណាឡើងវិញចំពោះការលើកលែងឲ្យរួចទោសដល់ លោកស្រី ភីណា សេឡេក។ អស់រយៈពេល១៤ឆ្នាំមកហើយ លោកស្រី សេឡេក និងក្រុមអ្នកគាំទ្ររបស់លោកស្រី បានធ្វើយុទ្ធនាការដើម្បីបដិសេធការកាត់ទោសលើរូបលោកស្រី សម្រាប់ការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធជាមួយនឹងការផ្ទុះគ្រាប់បែក ប្រកបដោយគ្រោះថ្នាក់ដល់ជីវិតមួយ នៅក្នុងផ្សារ ស្ពាយស៍ (Spice Market) ក្នុងទីក្រុង អ៊ីស្តង់ប៊ុល កាលពីឆ្នាំ១៩៩៨។ សេចក្តីសម្រេចរបស់តុលាការក្នុងការពិនិត្យមើលឡើងវិញចំពោះការកាត់ ឲ្យរួចបានធ្វើឲ្យមានភាពរន្ធត់ចិត្តនិងការខឹងសម្បារ។
លោក សេនជីស អាកតា (Cengiz Aktar) ជាអ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ បាសេសហៀ (Bahcesehir University) ក្នុងទីក្រុង អ៊ីស្តង់ប៊ុល។
«នេះជារឿងអាស្រូវខាងផ្លូវច្បាប់ ជាត្លុកកំប្លែងខាងផ្លូវច្បាប់។ វាជា រឿងដែលមិនសមហេតុផលទាល់តែសោះ ពីព្រោះតុលាការដដែលនេះ ដែលបានសម្រេចរឿងក្តីនេះ ហើយបានដោះលែងលោកស្រី ភីណា សេឡេក។ ហើយ តុលាការដដែលនេះ បានវិលត្រឡប់ទៅរកសេចក្តីសម្រេចរបស់ខ្លួនវិញ ហើយបានស្នើសុំឲ្យដាក់ទោសលោកស្រីអស់មួយជីវិត។ វាគឺពិតជារឿងកំប្លែងមួយ ប៉ុន្តែជារឿងកំប្លែងដ៏ឆ្កួតលីលា»។
មានប្រតិកម្មយ៉ាងខ្លាំងក្លាពីអន្តរជាតិចំពោះសេចក្តីសម្រេចនេះ ដោយសមាជិកមួយចំនួនរបស់សភាអឺរ៉ុប បានថ្កោលទោសសេចក្តីសម្រេចនេះ ហើយអ្នករាយការណ៍ពិសេសរបស់អឺរ៉ុបស្តីពីប្រទេស ទួកគី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបានព្រមានអំពីផលប៉ះពាល់ ចំពោះសំណើរសុំចូលជាសមាជិកភាពរបស់អឺរ៉ុប របស់ប្រទេសនេះ។
ក្រុមអ្នកគាំទ្ររបស់លោកស្រី សេឡេក បានអះអាងថា លោកស្រីជាជនរងគ្រោះនៃការចោទប្រកាន់ដែលមានការលើកទឹកចិត្តផ្នែកនយោបាយ ដោយសារតែការស្រាវជ្រាវរបស់លោកស្រីទៅលើក្រុមឧទ្ទាម ឃឺឌ ឈ្មោះថា PKK។ បើយោងតាមលោកស្រី អេម៉ា ស៊ីនក្លែវែប (Emma Sinclair-Webb) នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក រឿងក្តីនេះបានគូសបញ្ជាក់អំពីបញ្ហាតុលាការប្រភេទនេះជាច្រើនរបស់ ទួកគី ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០។
«វាគឺជាការកាត់សេចក្តីប្រកបដោយភាពខុសឆ្គងយ៉ាងធំនៃប្រព័ន្ធ យុត្តិធម៌។ ករណីស្រ្តីម្នាក់ ដែលត្រូវបានចោទប្រកាន់ ដោយគ្មានភស្តុតាង ឬសេចក្តីថ្លែងការណ៍ដែលទទួលបានដោយសារការធ្វើទារុណកម្ម ត្រូវបានប្រើប្រាស់ដើម្បីកាត់ទោសលោកស្រី ភីណា សេឡេក។ ភស្តុតាងស្តីពីការផ្ទុះគ្រាប់បែក គឺគ្មានទាល់តែសោះ។ គ្មានភស្តុតាងផ្នែកកោសល្យវិច្ច័យណាមួយ ដែលថាមានការផ្ទុះគ្រាប់បែកនៅក្នុងផ្សារ ស្ពាយស៍បាស្សា (Spice Bazaar) កាលពីឆ្នាំ១៩៩៨ នោះទេ»។
លោកស្រី សេឡេក ដែលត្រូវបានកាត់ឲ្យរួចទោសចំនួនបីដង ហើយឥឡូវនេះ រស់នៅបរទេស ត្រូវបានដោះលែងបន្ទាប់ពីសាក្សីទាំងអស់របស់ភាគីចោទប្រកាន់ បានដកសេចក្តីថ្លែងរបស់ខ្លួនវិញ ដោយសាក្សីភាគច្រើនបានអះអាងថា ពួកគេត្រូវបានធ្វើទារុណកម្ម។ លោកស្រី សេឡេក ក៏បានអះអាងផងដែរថា លោកស្រីត្រូវបានធ្វើទារុណកម្ម។ ក្រុមអ្នកជំនាញខាងកោសល្យវិច្ច័យថ្លែងថា ការផ្ទុះនៅក្នុងទីផ្សារនោះ បានបង្កឡើងដោយធុងឧស្ម័ន ដែលប្រើប្រាស់ដោយភោជនីយដ្ឋានមួយកន្លែងនៅទីនោះ។
ក្រុមអ្នកសង្កេតការណ៍ថ្លែងថា រឿងក្តីនេះមានសារសំខាន់ជានិមិត្តរូប ក្នុងការជួយឲ្យប្រទេស ទួកគី បិទទំព័រអតីតកាលថ្មីៗរបស់ខ្លួន ដែលត្រូវបានស្តែង ឡើងតាមរយៈការរំលោភសិទ្ធិមនុស្សនិងភាពខុសឆ្គងនៃ ការកាត់ទោសរបស់ប្រព័ន្ធយុត្តិធម៌។ រដ្ឋាភិបាលអះអាងថា ខ្លួនបានអនុវត្តកំណែទម្រង់ចម្បងៗក្នុងប្រព័ន្ធតុលាការ ដើម្បីបញ្ចប់ការរំលោភបំពានបែបនេះ។ ប៉ុន្តែ អ្នកវិទ្យា សាស្ត្រនយោបាយ លោក សេនស្សីស អាកតា ព្រមានថា សេចក្តីសម្រេចរបស់តុលាការក្នុងការបើករឿងក្តីនេះឡើងវិញ បានបញ្ជូនសារប្រកបដោយការព្រួយបារម្ភមួយ។
«ខ្ញុំគិតថា រឿងក្តីនេះ ផ្តល់គំនិតស្តីពីស្ថានភាពបន្ទាន់របស់ប្រព័ន្ធតុលាការនៅក្នុង ប្រទេស ទួកគី។ បន្ទាប់ពីការផ្លាស់ប្តូរ ការធ្វើវិសោធនកម្ម និងកំណែទម្រង់ជាច្រើន ប្រព័ន្ធតុលាការនៅតែមិនទាន់មានដំណើរការត្រឹមត្រូវ នៅក្នុងប្រទេសនេះ ហើយយើងនឹងទទួលរងផលប៉ះពាល់ដោយសារបញ្ហានេះ នៅក្នុង រយៈពេលប៉ុន្មានទសវត្សរ៍ទៅមុខទៀតជាមិនខាន»។
តុលាការទីក្រុង អ៊ីស្តង់ប៊ុល ត្រូវបានរំពឹងថានឹងចេញសេចក្តីសម្រេចចុងក្រោយលើករណីរបស់លោកស្រី សេឡេក នៅខែមករានេះ។ រដ្ឋាភិបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយថ្លែងថា ប្រព័ន្ធតុលាការនេះមានភាពឯករាជ្យ។ ប៉ុន្តែ ក្រុមអ្នកសង្កេតការណ៍បានព្រមានថា សម្ពាធនៅក្នុងប្រទេសនិងអន្តរ ជាតិទៅលើរដ្ឋាភិបាល និងប្រព័ន្ធយុត្តិធម៌ ត្រូវបានរំពឹងថានឹងកើនឡើង នៅមុនពេលការចេញសាលក្រមរបស់តុលាការ៕ប្រែសម្រួលដោយ លី សុខឃាង (VOA)