សារសម្ងាត់របស់នាយករដ្ឋមន្ត្រីជប៉ុនទើបនាំមកជូនប្រធានាធិបតីរុស្ស៊ី
សារនេះ ពីក្រុងតូក្យ៉ូ ដែលទើបប្រគល់ជូនលោកពូទីន ដោយផ្ទាល់ដៃ គឺត្រូវបាន នាំមក ដោយ លោកអតីតនាយករដ្ឋមន្ត្រីជប៉ុន Yoshiro Mori និងជា អតីតសហប្រធាន នៃ “ក្រុមប្រឹក្សាគតិព្រឹទ្ធបណ្ឌិតរុស្ស៊ី-ជប៉ុន “។ វត្តមានរបស់គាត់ ក៏ដើម្បីរៀបចំ ទស្សនកិច្ចដែល ប្រមុខរដ្ឋាភិបាលជប៉ុនសព្វថ្ងៃ លោក Shinzo Abe គ្រោងធ្វើនៅម៉ូស្គូ ឆ្នាំនេះ ក្នុងបំណង ពិភាក្សាបញ្ហា ជុំវិញវិវាទដែនដីរវាងរុស្ស៊ី និង ជប៉ុន មកពី ប្រជុំកោះគួរីលខាងត្បូង។
តាមរយៈសម្ភាសន៍ ឲ្យថ្ងៃនេះទៅកាសែត Rossiskaya Gazeta ជា អង្គការសារព័ត៌មាន របស់រដ្ឋាភិបាលរុស្ស៊ី លោក Yoshiro Mori ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីជប៉ុន ឆ្នាំ២០០០-២០០១ បាន បង្ហើបឲ្យដឹងថា គាត់ទើបបាន ប្រគល់ជូនលោកប្រធានាធិបតីរុស្ស៊ីពូទីន នូវ សារសម្ងាត់ ពីលោក នាយក រដ្ឋ មន្ត្រី Shinzo Abe។ ដោយហេតុថា លិខិតនេះផ្តិតជាប់ដោយ លក្ខណៈពិសេស បានជា គាត់មិនអាច រំលេចខ្លឹមសារវា ទៅប្រព័ន្ធផ្សព្វផ្សាយឡើយ។
ប៉ុន្តែ លោក Yoshiro Mori បន្ថែមថា ៖ ចំណុចតែមួយគត់ ដែលខ្ញុំអាចនិយាយ គឺថា លោក នាយករដ្ឋមន្ត្រី Shinzo Abe ផ្តល់អត្ថន័យធំណាស់ ដល់ទំនាក់ទំនង ជាមួយរុស្ស៊ី ហើយគាត់ មានបំណង អញ្ជើញមកកាន់ប្រទេសរុស្ស៊ី ក្នុងឆ្នាំនេះតែម្តង។ បំណងគាត់ មានលាតត្រដាង ឲ្យឃើញ ក្នុងសារសម្ងាត់នោះឯង។
ស្រដី អំពីទស្សនកិច្ចថ្ងៃមុខ របស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Yoshiro Mori កត់សម្គាល់ថា ៖ អស់ជាង១០ឆ្នាំមកហើយ ដែលគ្មានប្រមុខរដ្ឋាភិបាលជប៉ុនណាម្នាក់ បានមកបំពេញ ទស្សនកិច្ចផ្លូវការ នៅប្រទេសរុស្ស៊ីឡើយ ហើយស្ថានការណ៍នេះ អាចត្រូវគេចាត់ទុកថា “មិនប្រក្រតី” ឡើយ។ ខ្ញុំសង្ឃឹមថា ទស្សនកិច្ច លោក នាយករដ្ឋមន្ត្រី Shinzo Abe មុខជានឹង ផ្តល់សន្ទុះ ច្រានទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យវិវឌ្ឍល្អឡើង។
ក្នុងបរិបទ នៃ“ជំនួបកំពូលរុស្ស៊ី-ជប៉ុន” នៅម៉ូស្គូថ្ងៃមុខ នឹងក្លាយជា “បញ្ហា មួយគន្លឹះ” គឺបញ្ហា កោះ៤ នៅខាងត្បូងជួរកោះគួរីល ដ្បិតតាំងពីខែមីនាឆ្នាំ ២០១២ម៉្លេះ លោកពូទីន បានថ្លែងថា ទីក្រុងម៉ូស្គូ ចង់ខ័ណ្ឌបញ្ចប់ជារៀង រហូត បញ្ហាកោះគួរីល។
ជាការរំលឹក កោះ៤ នៅខាងត្បូងជួរកោះគួរីល គឺកោះ Iturup Kunashir Shikotan Habomai មានផ្ទៃក្រឡាសរុប ៥.០០០គ.ម.២បាន ឆ្លងមកនៅក្រោម អធិបតេយ្យភាពរុស្ស៊ីកាលក្នុងឆ្នាំ ១៩៤៥ ក្រោយពីជប៉ុនចាញ់សង្គ្រាមលោក ទី២។ វាតែង ត្រូវជប៉ុនហៅថា “ដែនដីខាងជើង” របស់ខ្លួន ដោយវាស្ថិតនៅ ជាប់នឹងកោះ Hokkaido កោះប៉ែកខាងជើងបង្អស់ របស់ជប៉ុន។
ជប៉ុនតែងទាមទារពី ម៉ូស្គូឲ្យ បង្វែរដែនដីនេះ ទៅក្រុងតូក្យ៉ូវិញ។ មកពីបញ្ហា នេះ ដោះស្រាយ មិនរួច ជប៉ុនមិនព្រមចុះឡើយ ជា “សន្ធិសញ្ញាសន្តិភាព” ជាមួយរុស្ស៊ី បានន័យថា ជប៉ុន នៅតែ បន្តចាត់ទុកខ្លួនឯងថា “ស្ថិតនៅក្នុង ភាពសង្រ្គាមដដែល ជាមួយរុស្ស៊ី”៕ដោយ កែវ ឆាយា (RFI)