កូរ៉េខាងត្បូងនិងអាមេរិកគ្រោងបើកធ្វើសមយុទ្ធធំប្រចាំឆ្នាំនៅខែក្រោយ
កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ អំពីគម្រោង ធ្វើសមយុទ្ធរួមគ្នាដ៏ធំមួយ នៅខែក្រោយ។ សមយុទ្ធប្រចាំឆ្នាំ ដែលនឹងត្រូវធ្វើរហូតដល់ទៅ២ខែនេះ គឺរៀបចំធ្វើឡើង នៅក្នុងពេលដែលស្ថានភាពនៅឧបទ្វីបកូរ៉េកំពុងតែតានតឹងខ្លាំង ក្រោយពីកូរ៉េខាងជើងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៣ ហើយទំនងជាកំពុងរៀបចំសាកល្បងអាវុធនុយក្លេអ៊ែរថ្មីៗបន្ថែមទៀត។
សមយុទ្ធ រួមគ្នា ដែលនឹងត្រូវបើកធ្វើ ចាប់ពីថ្ងៃទី១មីនា ដល់ថ្ងៃទី៣០មេសាខាងមុខនេះ គឺជាសមយុទ្ធក្នុងទ្រង់ទ្រាយធំបំផុត ដែលកងទ័ពកូរ៉េខាងត្បូង និងកងទ័ពអាមេរិកតែងតែបើកធ្វើរួមគ្នាជារៀងរាល់ឆ្នាំ។ សមយុទ្ធប្រចាំឆ្នាំនេះ ត្រូវបានគេឲ្យឈ្មោះជាភាសាអង់គ្លេសថា “Foal Eagle” (ឬកូនឥន្រ្ទីយ៍) ហើយមានការចូលរួមពីកងទ័ពទាំង៣ប្រភេទគឺកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ក្នុង នោះ មានកងទ័ពអាមេរិកប្រមាណជា ១ម៉ឺននាក់។
ជារៀងរាល់លើក កូរ៉េខាងជើងតែងតែបរិហាររិះគន់ការធ្វើសមយុទ្ធរវាងកងទ័ពកូរ៉េខាង ត្បូង និងកងទ័ពអាមេរិក ដោយចោទថា នេះគឺជាការហាត់សម ដើម្បីវាយលុកឈ្លានពានចូលក្នុងទឹកដីកូរ៉េខាងជើង។ ក៏ប៉ុន្តែ នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះ អាមេរិក និងកូរ៉េខាងត្បូងបានលើកឡើងថា សមយុទ្ធប្រចាំ ឆ្នាំនេះគឺធ្វើឡើងក្នុងគោលដៅ ដើម្បីហាត់សមត្រៀមការពារខ្លួន និងបង្ហាញ កម្លាំងទ័ព ដើម្បីកុំឲ្យកូរ៉េខាងជើងវាយប្រហារមកលើកូរ៉េខាងត្បូងតែប៉ុណ្ណោះ។
យើងសង្កេតឃើញថា ចាប់តាំងពីពេលដែលកូរ៉េខាងជើងធ្វើការបាញ់សាកល្បងរ៉ុកកែត កាលពីខែធ្នូ និងសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកទី៣ កាលពីដើមខែកុម្ភៈនេះមក កូរ៉េខាងត្បូងបានបើកធ្វើសមយុទ្ធជាច្រើនលើក ទាំងសមយុទ្ធដាច់ដោយឡែក និងសមយុទ្ធរួមជាមួយកងទ័ពអាមេរិក។ កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូង និងអាមេរិកទើបនឹងបានធ្វើសមយុទ្ធរួមគ្នាខាងផ្នែកទ័ពជើងទឹក ដោយមានការចូលរួមពីនាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិក ហើយបន្ទាប់មកទៀត បានធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាមួយទៀត។ កាលពីថ្ងៃអង្គារកន្លងទៅនេះ កងទ័ពជើងទឹកកូរ៉េខាងត្បូងទើបនឹងបានបើកធ្វើសមយុទ្ធមួយទៀត ដែលរហូតមកទល់ពេលនេះ នៅមិនទាន់បញ្ចប់នៅឡើយផង។
គួររំឭកឡើងវិញថា នៅក្រោយសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានចុះត្រឹមតែបទឈប់បាញ់ប៉ុណ្ណោះ ដោយមិនទាន់បានចុះកិច្ច ព្រមព្រៀងសន្តិភាពជាមួយគ្នានៅឡើយទេ។ ដូច្នេះ បើនិយាយតាមលក្ខណៈបច្ចេកទេស បច្ចុប្បន្ននេះ សង្រ្គាមកូរ៉េនេះ នៅមិនទាន់បញ្ចប់ជាផ្លូវការនៅឡើយទេ។
ចាប់តាំងពីក្រោយសង្រ្គាមកូរ៉េនេះមក អាមេរិកបានរក្សាទុកកងទ័ពរបស់ខ្លួនជាប្រចាំ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីត្រៀមចាំជួយការពារ ក្នុងករណីមានការវាយប្រហារពីសំណាក់កូរ៉េខាងជើង។ បច្ចុប្បន្ននេះ កងទ័ពអាមេរិក ដែលកំពុងឈរជើងនៅក្នុងទឹកដីកូរ៉េខាងត្បូង មានចំនួន ២ម៉ឺន ៨ពាន់ ៥រយនាក់៕ដោយ សេង ឌីណា (RFI)