ចិនច្រានចោលការចោទប្រកាន់របស់អាមេរិកលើការវាយលុកប្រព័ន្ធអ៊ីនធ័រនែត
ក្រសួងការពារជាតិចិន មិនបង្អង់ឡើយក្នុងការបញ្ចេញប្រតិកម្មរិះគន់តបនឹងសុពលភាព នៃរបាយការណ៍វិទ្យាសាស្ត្ររបស់ការរិយាល័យខាងស្រាវជ្រាវ សន្តិសុខតាមប្រព័ន្ធអ៊ីនធ័រ នែតអាមេរិក Mandiant ដែលបានចោទថា ក្រុមយោធាចិនជាអ្នកនៅពីក្រោយខ្នងក្រុម Hackers ឬចោរវាយលុកអ៊ឺនធ័រនែត។
ក្រោយពីការចោទប្រកាន់របស់ការិយាល័យអាមេរិកខាងស្រាវជ្រាវសន្តិសុខតាម ប្រព័ន្ធអ៊ីនធ័រនែតឈ្មោះ Mandiant មក អាជ្ញាធរចិន បានបញ្ចេញប្រតិកម្មយ៉ាងរហ័សភ្លាមដែរ។
នៅក្នុងសេចក្តីជូនដំណឹងមួយដែលផ្សព្វផ្សាយនៅលើវិបសៃរ៍របស់ខ្លួនតាមរយៈ Reuters ក្រសួងការពារចិន បានវាយតម្លៃថា៖ របាយការណ៍ខាងលើរបស់អាមេរិកដែលចោទថាក្រុមយោធាចិននៅពីក្រោយខ្នង នៃការវាយលុកប្រព័ន្ធអ៊ីនធ័រនែត លើសហ គ្រាសនិងមន្ទីររដ្ឋបាល អាមេរិកជាច្រើន មានជាអាទិ៍ Facebook , Twitter, និង Apple នោះ គឺជាការចោទប្រកាន់មួយដែលគ្មានភស្តុតាងត្រឹមត្រូវ តាមបែបវិទ្យាសាស្ត្រ គ្មានមូលដ្ឋានច្បាស់លាស់និងគ្មានលក្ខណៈជាអ្នកមានអាជីព ក្នុងមុខងារឡើយ ។
ក៏ប៉ុន្តែការិយាល័យ Mandiant បានអះអាងថា៖ខ្លួន បានតាមដានស្រាវជ្រាវរហូតដល់រកឃើញអស័យដ្ឋាននានាដែលភាគច្រើនចេញមកពី អគារមួយដែលស្ថិតនៅជាយក្រុង Shanghai និងដែលប្រហែលជាមានទំនាក់ទំនងផ្ទាល់ជាមួយកងទ័ពរំដោះប្រជាមានិតចិន។ សូមបញ្ចាក់ថា ក្រុមចោរវាយលុកប្រព័ន្ធអ៊ឺនធ័រនែត ដែលគេហៅថា Hackers ជាភាសាអង់គ្លេសនោះមានសមាសភាពសុទ្ធសឹងជាអ្នកជំនាញខាងបង្កើតកម្មវិធី ក៏ព្រម ទាំង ជាអ្នកជំនាញខាងប្រើប្រាស់ភាសាអង់គ្លេសទៀតផង។
ការវាយប្រហារលុកលុយឯកសារនានារបស់ក្រុមចោរ Hackersចិន បានកើតឡើងតាំងពីចុងខែតុលាកន្លងម បន្ទាប់ពីកាសែតអាមេរិកឈ្មោះThe New York Timesបានចេញផ្សាយអត្ថបទមួយស្តីពីការស៊ើបអង្កេតមួយដែលបង្ហាញថា បក្សពួករបស់នាយករដ្ឋ មន្ត្រីចិន វេនជាបាវ បានទទួលផលប្រយោជន៍ជាទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងកិច្ចការ ជំនួញរបស់ពួកគេ។
ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះ ការវាយលុកនៅលើប្រព័ន្ធអ៊ីនធ័រ នែត និងបានអះអាងថា ប្រទេសចិនខ្លួនឯង ក៏ជាអ្នករងគ្រោះមួយដ៏ធ្ងន់ធ្ងរដែរ ។ ក្នុង ចំណោមការវាយប្រហារប្រព័ន្ធអ៊ីនធ័រនែតចិន ភាគច្រើនគឺចេញមកពី សហរដ្ឋអាមេរិក ប៉ុន្តែប្រទេសចិននឹងមិនយកបញ្ហាទាំងនេះមកប្រើប្រាស់ដើម្បី ធ្វើការរិះគន់ទិតៀនដល់សហរដ្ឋអាមេរិកវិញឡើយ-នេះជាការថ្លែងបញ្ចប់ របស់ក្រសួងការពារជាតិចិន៕ដោយ នុយ ប៊ែរណាដែត (RFI)