សកម្មភាពការទូតសម្រាប់ដោះស្រាយវិបត្តិនៅស៊ីរី
សំណុំរឿងប្រទេសស៊ីរី បានក្លាយជាប្រធានបទពិភាក្សាការទូត យ៉ាងពុះកញ្ជ្រោលជាថ្មី នៅថ្ងៃនេះ។ ព្រះមហាក្សត្រហ្ស័កដានី Abdallah ២ នឹងត្រូវទទួលជួបដោយប្រធាធិបតីរុស្ស៊ី ពូទីន នៅទីក្រុងម៉ូស្គូ ល្ងាចនេះ។ ឯចំណែកប្រមុខការទូតរុស្ស៊ីវិញ ក៏នឹងត្រូវអញ្ជើញមកកាន់ទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នៅថ្ងៃអង្គារនេះដែរ ដើម្បីជួបជាមួយនឹងតំណាងការទូតសហភាពអឺរ៉ុប។ ក្នុងពេលជាមួយគ្នានេះ នៅទីក្រុងហ្សឺណែវ មានបើកវេទិកាជំនួយមនុស្សធម៌ដល់ស៊ីរី ក្រោមការផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ។ នៅផ្ទៃក្នុងប្រទេស អំពើហិង្សាបានផ្តាច់ជីវិតមនុស្សប្រមាណ១០០នាក់។
សកម្មភាពការទូតកាន់តែមានទំហំធំឡើងៗ នៅជុំវិញវិបត្តិស៊ីរី។ ប្រមុខការទូតសហភាពអឺរ៉ុប នឹងទទួលជួបលោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃអង្គារ នេះ នៅក្រុងព្រុចសែល។ ទន្ទឹមគ្នានេះដែរ នៅម៉ូស្គូវិញ លោកប្រធានាធិបតីរុស្ស៊ីពូទីននឹងទទួលជួប សន្ទនាជាមួយព្រះចៅ Abdallah2 ។ ចំណែកសហគមន៍អន្តរជាតិវិញ នៅតែខិតខំជានិច្ចដើម្បីរកដំណោះស្រាយតាមផ្លូវនយោបាយ នៅក្នុង វិបត្តិស៊ីរីនេះ។
លោក Lakhdar Brahimi អន្តរការីពិសេសរបស់អ.ស.ប. សំរាប់វិបត្តិស៊ីរីវិញ ក៏មានចេតនាចង់ឲ្យគូបដិបក្សស៊ីរីទាំងពីរ រកកិច្ចចរចាជាមួយគ្នាដើម្បីដោះស្រាយវិបត្តិជម្លោះដ៏រ៉ាំរ៉ៃ នៅ ក្នុងប្រទេស។ កាលពីថ្ងៃអាទិត្យមុន លោក Lakhdar Brahimiបាន ស្នើឲ្យមានការរៀបចំជំនួបចរចាគ្នាមួយក្រោមការឧបត្ថម្ភ របស់អសប និងអញ្ចើញតែអ្នកតំណាងរបបស៊ីរីណា ដែលអាចទទួលយកបាន។
ចំណែករបបស៊ីរី ដែលមានជំហរដាច់ខាត ជាមួយបក្សប្រឆាំង ឥឡូវនេះ ហាក់ដូចជាបានបន្ទន់ឥរិយាបទបន្តិចតាមរយៈពាក្យសំដី។ ពីព្រោះ រដ្ឋមន្ត្រីទទួលបន្ទុក ផ្នែកការផ្សះផ្សាជាតិ បានថ្លែងឲ្យដឹងថា របបស៊ីរី នឹងធ្វើការចរចាជាមួយក្រុមអង្គការនានានៃបក្ស ប្រឆាំង ស៊ីរីរួមទាំង អ្នកតំណាងនៃក្រុមកងទ័ពប្រឆាំង ដែលពីពេលមុនរហូតមកដល់ពេលនេះត្រូវបានរបបដាម៉ាសចាត់ទុកជាស្វ័យប្រវត្តិ ថាជាពួកភេរវជន។
នៅលើសមរភូមិស៊ីរី ក្រុមយុទ្ធជនឧទ្ទាម បានរុលទៅមុខ នៅភាគខាងជើងប្រទេសនិង បន្តទៅដល់ព្រលានយន្តហោះនិងមូលដ្ឋានយោធានៅក្រុងអាឡិប។ ការវាយប្រយុទ្ធគ្នាមានលក្ខណៈដ៏កាចសាហាវនិង បានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាន៩៤នាក់កាលពីម្សិលមិញ-នេះបើយោងតាម អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី OSDH។
នៅលើវិស័យមនុស្សធម៌វិញ រុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរី បានបញ្ជូនយន្តហោះ ពីរគ្រឿងដែល ដឹកជំនួយជាស្បៀងអាហារនិងជំរំសំពត់ ទៅកាន់តំបន់ Lattaquié នៅស៊ីរី ដែលជាបន្ទាយមួយនៃ របបលោកប្រធានាធិបតី Bachar el Assad។ ទន្ទឹមនេះ រដ្ឋា ភិបាលរុស្ស៊ី បានអះអាងថា ពលរដ្ឋរុស្ស៊ីណា ដែលមានបំណងចង់ចាកចេញពីទឹកដីស៊ីរី អាចនឹងជិះតាមយន្តហោះនេះវិល ត្រឡប់មកប្រទេសកំណើតរបស់ខ្លួន។
មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិរុស្ស៊ី បានជូនដំណឹងដែរថា រុស្ស៊ីបញ្ជូននាវាចម្បាំង ៤ គ្រឿងបន្ថែមទៀត ទៅកាន់សមុទ្រ Mediterranée។ យោងតាមការអះអាង ពីប្រភព យោធារុស្ស៊ីមួយ នាវាចម្បាំងទាំងបួនគ្រឿងនោះ គឺដើម្បីដឹកជម្លៀសពលរដ្ឋរុស្ស៊ីចេញពី ប្រទេសស៊ីរីផងដែរ៕ដោយ នុយ ប៊ែរណាដែត (RFI)