លោកស្រី ម៉ែន សំអន ទទួលជូបគណៈប្រតិភូ ខេត្ដសានតុងចិន
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៣ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ដប្រចាំការ និងជារដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជូបគណៈប្រតិភូខេត្ដសានតុងប្រទេសចិន ដែលដឹកនាំដោយលោក ជែរ វ៉ាន់ស៊ឺ អភិបាលខេត្ដសានតុង នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ។
ក្នុងជុំនួប ពិភាក្សានេះ លោកស្រី ម៉ែន សំអន បានថ្លែងថា រដ្ឋាភិបាលនិងប្រជាជនចិនក៍ដូចអ្នកវិនិយោគមកពីខេត្ដសានតុង ដែលបាននិងកំពុងសហការជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើគ្រប់វិសយ័ ដែលជានិច្ចជាកាលតែងតែយកចិត្ដទុកដាក់ជួយកម្ពុជា ដោយទឹកចិត្ដស្មោះត្រង់ នៅពេលនេះកិច្ចសហប្រតិបត្ដិការទ្វេភាគីកម្ពុជា- ចិនត្រូវបានឈានដល់កំរិតកិច្ចសហប្រតិបត្ដិការជាដៃគូយុទ្ធសាស្ដ្រ គ្រប់ជ្រុងជ្រោយ ។
កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមួយនឹងបណ្ដារប្រទេសជាសមាជិកអាស៊ាន និងដៃគូរបស់អាស៊ាន ដើម្បីលើកកំពស់ដល់ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា ។ វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមូលដ្ឋានដ៏សំខាន់លើការពង្រឹងសមត្ថភាពលើគ្រប់ វិស័យ គាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។
លោកស្រី ឧបនាយករដ្ឋមន្ត្រីបន្តថា កិច្ចសហប្រតិបតិ្ដការនេះនឹងជួយលើកកំពស់បន្ថែមទៀត ដល់ការកសាងសមត្ថភាពរបស់មន្ត្រីរាជការ និងវិស័យឯកជនលើផ្នែក វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ពិសេសវិសយ័ បច្ចេកវិទ្យា ឧស្សាហកម្មខ្នាតតូច មធ្យម និងធំ និជួយដល់ការផលិតផលិតផលចំណីអាហារក្នុងការទទួលបានចំណេះដឹង ផ្នែកបច្ចេកវិទ្យា។
លោក ជែរ វ៉ាន់ស៊ឺ អភិបាលខេត្ដសានតុងបានបញ្ជាក់ថាក្រៅពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងប្រទេសយើងទាំង ២ ក៏នៅមាន កិច្ចសហប្រតិបត្តិការ មួយចំនួនទៀត ដូចជាការទំនាក់ទំនងរវាងបណ្ដាញស្ត្រី និងស្ត្រី ប្រទេសយើងទាំង ២ កម្ពុជា ចិន ក៏មានការរីកចំរើនគួរឲ្យកត់សំគាល់កន្លងមកដែរ ជាក់ស្ដែងសហព័ន្ធស្ត្រីចិន បានបង្កលក្ខណងាយស្រួលសព្វបែបយ៉ាង ដល់ការធ្វើទស្សនៈកិច្ចផ្លូវការ របស់ក្រសួងកិច្ចការនារី កម្ពុជាចិន៕