អគ្គិភ័យឆាបឆេះ រោងចក្រកាត់ដេរ នៅចាក់អង្រែ
ភ្នំពេញ៖ កាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី១៩ ខែកុម្ភៈ អគ្គិភ័យមួយ បានធ្វើឱ្យរោងចក្រ កាត់ដេរ យូអេសអេ ហូលីហ្វៀល ដែលសិ្ថតនៅ សង្កាត់ចង្រែក្រោម ខណ្ឌមានជ័យ ឆាបឆេះ មួយភ្លេត ហើយក៏បានរលត់ទៅវិញ ក្រោយពេល ដែលរថយន្ត ពន្លត់អគ្គិភ័យ បានទៅដល់មួយសន្ទុះ ។
យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យមួយចំអិនកំពឹសនេះ បានបង្កឡើង ដោយជាងផ្សារដំបូល រោងចក្រ មិនប្រយ័ត្ន ធ្វើឱ្យកម្ទេចភ្លើង ធ្លាក់ចុះមកក្រោម ត្រូវជាមួយនឹងពូក បណ្តាលឱ្យ ឆេះឡើងភ្លាមៗ ផ្អើលដល់កម្មករ កម្មការិនី រោងចក្រតែម្តង ។
នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះ មួយភ្លេតនេះ មានរថយន្តពន្លត់អគ្គិភ័យចំនួន៤ បានទៅដល់ និងបាញ់ពន្លត់អស់តែ មួយគ្រឿងប៉ុណ្ណោះ ភ្លើងក៏រលត់តែម្តង។ អគ្គិភ័យនេះ មិនបណ្តាល ឱ្យកម្មករ កម្មការិនី ណាម្នាក់រងរបួសនោះទេ ៕ ហេង នាង