បុរសម្នាក់ស្រវឹងជិះម៉ូតូទៅបុកកង់រងរបួសធ្ងន់ទាំងសងខាង
ភ្នំពេញ៖ កាលបីវេលាម៉ោង០១ និង៣០នាទី រសៀល ថ្ងៃទី១៩ ខែកុម្ភៈ អ្នកបើកបរម៉ូតូ ស្ថិតក្នុងស្ថានភាព ស្រវឹង បាន បើកទៅបុក អ្នកជិះកង់ ពីក្រោយពេញមួយទំហ៊ឹង បណ្ដាលឲ្យ របួសខ្លួនឯងជាទម្ងន់ ចំណែកអ្នកជិះកង់វិញក៏ រងរបួសធ្ងន់ធ្ងរដែរ ស្ថិតនៅក្រុមហ៊ុនលក់ រថយន្ដម៉ាកតូយូតា លើដងផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ភាគីបង្កដែលបើកបរម៉ូតូ ទៅបុកកង់ មានឈ្មោះ យឹម សារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុបមន្ន មានទំនៅភូមិខ្សាច់ ឃុំវាលពន់ ស្រុកឧតុង្គ ខេត្ដកំពង់ស្ពឺ រងរបួស ដោយសារ ដួលម៉ូតូបោក ទៅថ្នល់ បែកក្បាល សន្លប់ឈឹង ដែលស្ថានភាព នេះនៅមានសង្ឈឹមតិចណាស់ ។ ចំណែកភាគីអ្នកជិះកង់ វិញមានឈ្មោះ ទេព សារិត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត ស្នាក់នៅ ផ្ទះលេខ១១៤ ផ្លូវលេខ ៥៩៨ សង្កាត់បឹងកក់ទី២ មានស្រុកកំណើតនៅទីរួម ខេត្ដស្វាយរៀង ។
មុនកើតហេតុ គេឃើញម៉ូតូ មួយគ្រឿង បើកបរក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ហើយបានបុកអ្នកជិះ ពីក្រោយពេញ មួយទំហ៊ឹង បណ្ដាលឲ្យដួល បោកក្បាលទៅនឹង ថ្នល់ទាំង២នាក់ ប៉ុន្ដែបើស្ថានភាពរររបួស គឺអ្នកបើកបរ ម៉ូតូមានស្ថានភាពធ្ងន់ធ្ងរណាស់។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្ដដឹក យកទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ចំណែក កង់នឹងម៉ូតូ នគរបាលចរាចរ បានដឹកយកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំដោះ ស្រាយតាមច្បាប់៕ ហេង នាង