ព្រុចសែលលើកពិភាក្សាគ្នាជាថ្មីទៀតអំពីបញ្ហាការហាមឃាត់អាវុធនៅស៊ីរី
ក្រុមរដ្ឋមន្ត្រីក្រសួងការបរទេស អឺរ៉ុប ត្រូវរួមប្រជុំគ្នានៅព្រុចសែលនៅថ្ងៃចន្ទ១៨កុម្ភៈនេះ ដើម្បីធ្វើការពិភាក្សាគ្នាជាអាទិ៍អំពីបញ្ហាការដាក់ទណ្ឌកម្ម ប្រឆាំងទល់នឹងរបបស៊ីរីនិង ការហាមឃាត់អាវុធនៅក្នុងប្រទេសនេះ។ បញ្ហាចុងក្រោយនេះ ស្ថិតនៅជាប្រធានបទដ៏រំសើបបំផុត ដែលក្រុមប្រទេសអឺរ៉ុបខ្លះ នៅតែមានគំនិតខ្វែងគ្នានៅឡើយ។
ចាប់តាំងដើមឆ្នាំ២០១១ម៉្លេះ សហភាពអឺរ៉ុប បានចាប់ផ្តើមបង្កើនការដាក់ទណ្ឌ កម្មប្រឆាំងនឹងប្រទេសស៊ីរី ។ ជាសរុប សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មទាំងអស់ចំនួន១៩ដងមកហើយ គឺទាំងនៅលើវិស័យនយោបាយក៏ព្រមទាំងនៅលើវិស័យសេដ្ឋកិច្ច។
ទណ្ឌកម្មស្តីពីការហាមលក់អាវុធទៅឲ្យស៊ីរី គឺ គ្រាន់តែជាផ្នែកមួយនៃទណ្ឌ កម្មរបស់សហភាពអឺរ៉ុប ប៉ុន្តែ វាក៏ជាបញ្ហាដ៏រសើបខ្លាំងដែរ។ ទណ្ឌកម្មនេះ ដែលមានទាំងការលក់អាវុធនិងប្រព័ន្ធសព្វាវុធ ក៏រួមមានផងដែរ ការហាមលក់នូវគ្រឿងបន្លាស់នានា ព្រមទាំងសេវ៉ាជួសជុលនិងការបណ្តុះបណ្តាលដល់អ្នកប្រើប្រាស់ដែរ។
ប្រទេសជាច្រើន បានអំពាវនាវតាំងពីឆ្នាំទៅមិញ សុំឲ្យមានការលើកទណ្ឌកម្មខ្លះ ដើម្បីជាផលប្រយោជន៍ដល់ក្រុមអ្នកប្រឆាំងស៊ីរី។ ប្រទេសអង់គ្លេស និង អីតាលី ក៏គាំទ្រឲ្យមានការលើកទណ្ឌកម្មមួយនេះដែរ ។
នៅក្នុងការសុំទាមទាររបស់អង់គ្លេសនេះ គឺ ឧទារហរណ៍ មានដូចជាការដកចេញពីបញ្ជីស្តីពីអាវុធការពារខ្លួន ឬក៏អាវុធផ្សេងៗ ដែលពុំបង្កគ្រោះថ្នាក់ដល់ជីវិត។ប៉ុន្តែជំហរនេះ ត្រូវបានបណ្តាក្រុមប្រទេសអឺរ៉ុបខាងជើងមានការជំទាស់យ៉ាងខ្លាំង។
ចំណែក ប្រទេសបារាំងមានជំហរផឿនលឿន ដោយនៅឱកាសនៃជំនួបកំពូលអឺ់រ៉ុបកាលពីលើកមុន ប្រធានាធិបតីបារាំង លោក François Hollande បានគិតថា បញ្ហាលើកទណ្ឌកម្មនេះ វាពុំចោទជាបញ្ហាអ្វីទេ ដ៏រាបណា គេនៅមានលទ្ធ ភាពធ្វើការចរចាគ្នាដើម្បី ដោះស្រាយ តាមផ្លូវនយោបាយនៅក្នុងវិបត្តិដ៏រាំរៃនៅស៊ីរីនេះ៕ដោយ នុយ ប៊ែរណាដែត (RFI)