ក្រុមនិកាយChiite នៅ​ប៉ាគីស្ថាន​ក្លាយ​​ជា​​ផ្ទាំង​ស៊ីប​នៃ​ការ​វាយ​ប្រហារ​​ភេរវកម្ម

តុល្យការ ​នៃ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក ​ នៅ​ល្ងាច​​ថ្ងៃ​សៅរ៍​ទី​១៦​កុម្ភៈ ឆ្នាំ​២០១៣ នៅ​ក្រុង​​Quetta ខេត្ត​Baloushistan ភាគ​ខាង​និរតី​ប្រទេស​ប៉ាគីស្ថាន កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ៗ​ជា​លំដាប់។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៨១​នាក់ និង​ជាង​២០០​នាក់​រង​របួស ក្នុង​នោះ​២០​ធ្ងន់​ធ្ងរ​ខ្លាំង។ គ្រាប់​បែក​បញ្ជា​ពី​ចម្ងាយ​បាន​ផ្ទុះ​ឡើង​នៅ​ក្បែរ​ផ្សារ ឯ​ការ​ស្វែង​រក​ជន​រង​គ្រោះ​ក្នុង​គំនរ​ថ្ម​បាក់​បែក នៅ​តែ​បន្ត​​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

ដោយ ​ហេតុ​ថា​ក្នុង​ចំណោម​អ្នក​របួស​ជិត​២០០​នាក់ មាន​​​ប្រមាណ​២០​នាក់​ ស្ថិត​ក្នុង​ស្ថានភាព​ដុន​ដាប​ខ្លាំង តុល្យការ​នៃ​មនុស្ស​ស្លាប់​ក្នុង​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ថ្ងៃ​ទី ១៦​កុម្ភៈ នឹង​អាច​កើន​ឡើង​ជាក់​ជា​ប្រាកដ។

ភេរវកម្ម​ បាន​កើត​ឡើង​នៅម៉ោង ៦​ល្ងាចថ្ងៃ​សៅរ៍​ម្សិលមិញ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃអាទិត្យ​នេះ ហ្វូង​មនុស្ស​នៅ​បន្ត​រុក​រក​​​ក្នុង​គំនរ​បែកបាក់​។ យប់មិញ ក្រុម​អ្នក​សង្គ្រោះ​បាន​ រក​ឃើញ​ជន​រងគ្រោះ​ជា​ច្រើន​នៅ​ក្រោម​ផ្ទាំង​គំនរ​ថ្ម​អាគារ​និង​ផ្ទះ​ដែល​ បាក់​ស្រុត​ក្រោម​ឥទ្ធិពល​នៃ​បំផ្ទុះ​គ្រាប់​បែក។

គ្រាប់​បែកដែល​ត្រូវ​បាន​យក​មក​បង្កប់​ក្នុង​ឡាន​ស៊ីទែន​ដឹក​ប្រេង ចត​ក្បែរ​ផ្សារ​មួយ​​ ក្នុង​សង្កាត់​របស់ក្រុង​ Quetta ​ដែល​មាន​បណ្តា​ជន​ប៉ាគីស្ថាន​និកាយ​Chiitesរស់​នៅ​ច្រើន​កក​កុញ។ ក្រុម​និកាយ​ឈីអ៊ីត​ប៉ាគីស្ថាន គឺ​ជា​ក្រុម​ជនជាតិ​ភាគតិច​ដើម​កំណើត Hazara តំណាង​ឱ្យ​តែ​ប្រមាណ​២០%​នៃ​ប្រជាជន​ប៉ាគីស្ថាន​សរុប​ជាង​១៨០លាន​នាក់ (ភាគច្រើន​ជា​អ្នក​កាន់​សាសនាអ៊ីស្លាម​និកាយ​Sunnites)។ ក្រុម​និកាយ​នេះ ​តែង​រង​គ្រោះ​ជា​ញឹកញាប់​ពី​ការ​វាយប្រហារ​​ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ ​ក្នុង​តំបន់ Baloutchistan ​មានជា​អាទិ៍​​អង្គការ​ប៉ាគីស្ថាន​ជ្រុលនិយម ​Lashkar-e-Jhangvi (LeJ)ដែល​បាន​ប្រកាស​ភាព​នៅ​ល្ងាច​ម្សិលមិញ ថា​ជា​អ្នក​រៀប​ចំ​ធ្វើ​ភេរវកម្ម​បំផ្ទុះគ្រាប់​បែកនេះ។ ​

សូម​បញ្ជាក់​ថា អង្គការ​ Lashkar-e-Jhangvi នេះ​ជា​ក្រុម​ដែល​ហាម​ឃាត់​ដោយ​ច្បាប់​ នៅ​ប៉ាគីស្ថាន ប៉ុន្តែ​ក្រុម​នេះ​តែង​បន្ត​ធ្វើ​ភេរវកម្ម​ប្រឆាំង​នឹង​ពួក​ chiites។
ព្រឹក​មិញ សារព័ត៌មាន​ប៉ាគីស្ថាន​ បាន​យក​​ ព្រឹត្តិការណ៍​ភេរវកម្ម​នេះ មក​ចុះ​ផ្សាយ​នៅទំព័រ​មុខ និង​បាន​រំលឹក​ថា កាលពី​ពី​ជាង​មួយ​ខែ​មុន​ក៏​មាន​ភេរវកម្ម​បង្ហូរ ឈាម​ធ្ងន់ធ្ងរ​ ផ្តាច់​ជីវិត​បណ្តា​ជន​និកាយ​ឈីអ៊ីត​​ជិត​មួយ​រយ​នាក់​ដូចគ្នា។​

បើ​តាម​អភិបាល​ខេត្ត​ Baloutchistan ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​និកាយ​Chiites បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយ​ប្រហារ​ពី​សំណាក់​អង្គការ​(LeJ) ដែល​ជា ​ក្រុម​ ​ជ្រុលនិយម​និកាយ​Sunnites។ ប៉ុន្តែ​ក៏​សបញ្ជាក់​ឱ្យ​ឃើញ​អំពី​បរជ័យ​របស់​ក្រុមស៊ើប​ការណ៍​សំងាត់ និងកង​រក្សា​សន្តិសុខ​ប៉ាគីស្ថាន​ផង​ដែរ។

ក្រុម​Lashkar-e-Jhangvi ដដែល​នេះ ធ្លាប់​បាន​ធ្វើ​ភេរវកម្ម​ នៅ​មុខ​និង​ខាង​ក្នុង​ក្លឹប​ប៊ីយ៉ា នៃ​ក្រុង​ Quetta ដែល​កាលណោះ​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង​៩០​នាក់ ភាគ​ច្រើន​ជា​ក្រុម​និកាយ​chiitesដែរ។ ក្រោយ​ភេរវកម្មនោះ​ភ្លាម ក្រុមគ្រួសារ​ជន​រងគ្រោះ បាន​បដិសេធ​មិន​ព្រម​បញ្ចុះ​សព​ភ្លាម​ទេ។ បាតុកម្ម​ជា​ច្រើន​បាន​រៀប​ចំឡើង​នៅ​ស្ទើរ​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ការពារ​ក្រុម​ជនជាតិ​ភាគ​តិច​និកាយ​Chiites។ជា​ចម្លើយ​ តបក្រុង​អ៊ីស្លាម៉ាបាត បាន​​បញ្ចប់​​​តំណែង​អភិ បាលខេត្ត​​ Baloutchistan។ ដូច្នេះ​គឺ​អំណាច​កណ្តាល​នៅ​អ៊ីស្លាម៉ាបាត​ជា​អ្នក​គ្រប់គ្រង​រដ្ឋាបាល​ ខេត្ត​នេះ​ផ្ទាល់ តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ទប់​ស្កាត់​អំពើ​ភេរវកម្ម​ដូច​ថ្ងៃ​ម្សិលមិញ​ នេះ​បាន​ឡើយ។

នៅ​ថ្ងៃ​នេះ​ទៀត ក្រុម​និកាយ​Chiites បាន​ប្រកាស​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ប្រសិន​បើ​អាជ្ញាធរ​មិន​​ចាត់​វិធានការណ៍​ចាប់​ខ្លួន​មេខ្លោង​ធ្វើ​​ ភេរវកម្ម​ប្រឆាំង​នឹង​ក្រុម​និកាយ​ជនជាតិ​ភាគ​តិច​នេះ​ឱ្យ​បាន​ឆាប់ៗ​នោះទេ៕ដោយ អៀង សុខម៉ិញ(RFI)

Related Articles

Back to top button
Close
Close