ប្រទេសអាហ្វ្រិកខាងត្បូងកំពុងនាំមុខគេនៅក្នុងពិភពលោកចំពោះអំពើរំលោភសេពសន្ថវៈ
ជារឿយៗ ប្រទេសអាហ្វ្រិកខាងត្បូង (South Africa) ត្រូវបានគេហៅថាជា «ទីក្រុងនៃអំពើរំលោភសេពសន្ថវៈរបស់ពិភពលោក» ហើយមានការប៉ាន់ស្មានថា ស្ត្រីជាង៧០ភាគរយធ្លាប់ជួបប្រទះនឹងការរំលោភបំពានផ្លូវភេទ។ កាលពីថ្ងៃអង្គារសប្តាហ៍មុន បុរស៥នាក់បានវាយប្រហារនិងរំលោភជាក្រុមទៅលើស្ត្រីវ័យក្មេង ម្នាក់នៅក្នុងទីក្រុង ប្រេតូរីយ៉ា (Pretoria)។ នៅក្រោមស្រមោលនៃការវាយប្រហារស្រដៀងគ្នានេះដែរនៅក្នុងប្រទេសឥណ្ឌា ដែលបានបង្កឲ្យមនុស្សរាប់លាននាក់ចេញមកតវ៉ា សកម្មជននៅទីក្រុង ចូហាន ណេសប៊ឺក (Johannesburg) និយាយថា ពួកគេមិនយល់ទេថាតើហេតុអ្វីបានជាជនជាតិអាហ្វ្រិកខាងត្បូងជាច្រើន មិនមានការខឹងសម្បារខ្លាំងក្លាបែបនេះ។ Anita Powell រាយការព័ត៌មានបន្ថែមពីទីក្រុង ចូហានណេសប៊ឺក។
ក្រុម ប៉ូលីសនិយាយថា ស្ត្រីវ័យក្មេងម្នាក់នេះកំពុងរង់ចាំនៅក្នុងជួរ នៅយប់ថ្ងៃអង្គារ ដើម្បីចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យបច្ចេកទេសថ្វាណេ (Tshwane University of Technology)។
បុរស ៥នាក់បានចាប់អូសនាងចូលទៅក្នុងគុម្ពោតព្រៃ រំលោភនាង ហើយលួចទូរស័ព្ទនិងប្រាក់របស់នាង។ ក្រុមប៉ូលីសនិយាយថា មិនមានជនសង្ស័យណាមួយ ត្រូវបានចាប់ខ្លួននៅឡើយទេ។
នៅ ពេលដែលនិស្សិតវ័យក្មេងម្នាក់នៅទីក្រុង ញ៉ូវដេលី (New Delhi) ត្រូវបានរំលោភជាក្រុមដោយបុរស៦នាក់ វាយដំ ហើយបណ្តាលឲ្យស្លាប់កាលពីខែមុន សកម្មភាពដ៏ឃោរឃៅនេះបានបណ្តាលឲ្យមានការតវ៉ាយ៉ាងធំ នៅទូទាំងប្រទេសឥណ្ឌា។
កាល ពីពេលថ្មីៗនេះ ឪពុករបស់ជនរងគ្រោះបានប្រកាសឈ្មោះរបស់នាងទៅដល់ពិភពលោក។ ឈ្មោះរបស់នាងគឺ យ៉ូទី (Jyoti) ដែលជាឈ្មោះក្នុងសាសនាហិនឌូ ដែលមានន័យថា «រស្មី»។
ហើយ ស្ថានភាពដ៏អាក្រក់របស់នាង បានបង្កឱ្យមានជាស្ថានភាពសមស្របមួយ ដែលបានទាញការចាប់អារម្មណ៍របស់ពិភពលោក ទៅលើភាពរីករាលដាលនៃអំពើរំលោភសេពសន្ថវៈ នៅក្នុងប្រទេស ឥណ្ឌា។ ជនសង្ស័យ៥នាក់ក្នុងចំណោមជនសង្ស័យ៦នាក់បានបង្ហាញខ្លួននៅចំពោះមុខ តុលាការទីក្រុង ញ៉ូវដេលី ហើយត្រូវបានចោទប្រកាន់ពីបទចាប់ជំរិត ការរំលោភជាក្រុម និងការសម្លាប់។ ចំណាត់ការឆាប់រហ័សនៃរឿងក្តីនេះ មិនធ្លាប់ឮទេនៅក្នុងប្រទេសមួយ ដែលជាធម្មតា រដ្ឋអាជ្ញាចំណាយពេលជាច្រើនខែ ដើម្បីកសាងសំណុំរឿងសម្រាប់រឿងក្តីមួយ។
សកម្ម ជន ហ្ស៊ូបេដា ដានហ្គោ (Zubeda Dangor) ថ្លែងថា នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង វាទំនងជាថា ពិសោធន៍ដ៏ឃោរឃៅរបស់និស្សិតម្នាក់នេះ នឹងសាបរលាបចេញពីមតិសាធារណដោយសាមញ្ញ។ លោក ដានហ្គោ ដែលមានសែស្រឡាយឥណ្ឌាដែរនោះ គឺជានាយកប្រតិបត្តិរបស់វិទ្យាស្ថាននីស្សាដើម្បីអភិវឌ្ឍស្ត្រី (Nisaa Institute for Women’s Development)។ ឈ្មោះអង្គការមិនមែនសាសនាមួយនេះនិយាយយោងដល់ជំពូកមួយរបស់គម្ពីរ កូរ៉ាន ដែលនិយាយអំពីសិទ្ធិរបស់ស្ត្រី។
«ហេតុ អ្វីបានជាសង្គមអាហ្វ្រិកខាងត្បូងស្កប់ស្កល់ក្នុងរឿងបែបនេះ យ៉ាងដូច្នេះ? ហើយមេរៀនដែលយើងពិតជាបានទទួលមកពីបទពិសោធន៍របស់ឥណ្ឌាគឺថា យើងពិតជាត្រូវការលទ្ធភាពក្នុងការក្រោកឈរឡើង។ យើងគឺជាមនុស្សដែលមានប្រវត្តិសាស្ត្រប្រកបដោយការតស៊ូមួយ និងដែលមានការរៀបចំឡើង។ យើងបានរៀបចំទាក់ទងទៅនឹងការរំដោះប្រទេសអាហ្វ្រិកខាងត្បូង ប៉ុន្តែយើងហាក់ដូចជាមិនអាចរួបរួមសកម្មភាពរបស់យើង ទាក់ទងនឹងការរៀបចំប្រឆាំងនឹងអំពើហិង្សាផ្លូវភេទសោះ»។
ក្រុម ប៉ូលីសអាហ្វ្រិកខាងត្បូងបានចងក្រងសំណុំឯកសារនៃអំពើរំលោភ សេពសន្ថវៈជាង៦៤.០០០ ករណី កាលពីឆ្នាំទៅ។ ហើយតួលេខនេះរាប់បញ្ចូលតែអំពើរំលោភសេពសន្ថវៈ ដែលត្រូវបានរាយការតែប៉ុណ្ណោះ។ ការរំលោភផ្លូវភេទគឺជាអំពើឧក្រិដ្ឋកម្មដែលមិនសូវត្រូវបាន រាយការភាគច្រើនបំផុតនៅទូទាំងពិភពលោក។
ការ សិក្សាក្នុងឆ្នាំ២០១០ដែលត្រូវបានដកស្រង់យ៉ាងទូលំទូលាយ បានរកឃើញថា បុរសអាហ្រ្វិកខាងត្បូងចំនួនជាង១ភាគ៤បានសារភាពថាបានរំលោភក្មេង ស្រី ឬស្ត្រី។ បុរសម្នាក់ក្នុងចំណោមបុរស៧នាក់បានសារភាពថា បានចូលរួមការរំ លោភជាក្រុម។
លោក ដានហ្គោ ថ្លែងថា គ្មានស្ត្រីណាម្នាក់មានសុវត្ថិភាពទេ។ ជនរង គ្រោះនៃអំពើរំលោភសេពសន្ថវៈ រាប់បញ្ចូលទាំងទារក ក្មេងស្រី និងស្រ្តីវ័យ ចំណាស់។
ប្រទេស អាហ្វ្រិកខាងត្បូងក៏បានតស៊ូជាមួយនឹងកម្រិតនៃការរំលោភ បំពានយ៉ាងខ្ពស់ ដែលមិនអាចទទួលយកបានផងដែរ។ យោងតាមតួលេខរបស់រដ្ឋាភិបាល ស្ត្រីចំនួន៩០ភាគរយ បានជួបប្រទះនូវការរំលោភបំពានខាងផ្លូវចិត្តនិងរូបរាងកាយ ហើយ៧១ភាគរយ បានជួបប្រទះនូវការរំលោភបំពានផ្លូវភេទ។
អង្គការ របស់លោក ដានហ្គោ បានជួយប្រមូលហត្ថលេខារាប់ពាន់សម្រាប់ការធ្វើញ្ញាត្តិជូនទៅ រដ្ឋាភិបាលឥណ្ឌា ដែលត្រូវបានបញ្ជូនទៅកាលពីថ្ងៃអង្គារសប្តាហ៍មុន។ ញ្ញាត្តិនេះស្នើសុំឲ្យរដ្ឋាភិបាលឥណ្ឌាចាត់វិធានការប្រឆាំងនឹង អំពើចាប់រំលោភ និងការពារជនរងគ្រោះនៃអំពើចាប់រំលោភ។ លោក ដានហ្គោ និយាយថា បទពិសោធន៍របស់ឥណ្ឌាផ្តល់ក្តីសង្ឃឹមសម្រាប់ប្រទេសអាហ្រ្វិកខាង ត្បូង ដែលជាប្រទេសកំណើតរបស់លោក។
«ខ្ញុំ គិតថា មេរៀនដែលយើង ក្នុងនាមជាជនជាតិអាហ្រ្វិកខាងត្បូងអាចរៀន ពីរឿងនេះ គឺថាមនុស្សគ្រប់គ្នាកោតសរសើរសង្គមឥណ្ឌាចំពោះការក្រោកឈរឡើង ជាពិសេសនៅក្នុងពេលនេះតែម្តង។ ដូច្នេះជនរងគ្រោះ ដែលជាស្ត្រីនៃអំពើរំលោភឬការបំពាបំពានផ្សេងៗ អាចទទួលបានការជួយឧបត្ថម្ភ។ យើងដឹងថា ក្រុមប៉ូលីសឥណ្ឌា មានភាពយឺតយ៉ាវយ៉ាងខ្លាំងក្នុងការចាត់វិធានការ ហើយនោះគឺជាស្ថានភាព ស្រដៀងគ្នានៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងដែរ។ យើងមានច្បាប់យ៉ាងល្អ ប៉ុន្តែច្បាប់របស់យើងមិនត្រូវបានអនុវត្តឲ្យបានគ្រប់គ្រាន់ សម្រាប់ស្រ្តីដើម្បីទទួលបានយុត្តិធម៌នោះទេ។
ស្រ្តី អ្នកនាំពាក្យរបស់ក្រុមប៉ូលីសអាហ្វ្រិកខាងត្បូងមួយរូប បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ ប៉ុន្តែក្រុមប៉ូលីសបាននិយាយថា ពួកគេប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការរំលោភផ្លូវភេទ។
ប៉ុន្តែ ទម្រាំតែពួកគេទទួលបានជោគជ័យ វាទំនងជាថា នៅថ្ងៃស្អែក ក្មេងស្រីនិងស្ត្រីអាហ្រ្វិកប្រហែល១៧៥នាក់ទៀត នឹងត្រូវបានរំលោភ។
ហើយ១៧៥នាក់ទៀតនៅថ្ងៃបន្ទាប់ ហើយនិងបន្តបន្ទាប់ទៅទៀត៕ប្រែ សម្រួលដោយ លី សុខឃាង (VOA)