ការសាកល្បងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងបង្កឲ្យមានការព្រួយបារម្ភ
បន្ទាប់ពីការព្រមានប្រកបដោយភាពប្រទូស្តរ៉ាយអស់រយៈពេលបីសប្តាហ៍ រួចមក ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងលើកទីបីនូវកម្មវិធីអាវុធ នុយក្លេអ៊ែរបស់ខ្លួន ដែលបានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ១៩៦០មកម៉្លេះ។ Mark Snowiss នៃវីអូអេ ពិនិត្យមើលពីអ្វីដែលការបំផ្ទុះនេះបានលាតត្រដាងអំពីការរីកចំរើន ខាងបច្ចេកទេសរបស់ទីក្រុង ព្យុងយ៉ាង (Pyongyang) និងថាតើមហាអំណាចធំៗទំនងជានឹងឆ្លើយតបយ៉ាងដូចម្តេច។
ការប៉ាន់ស្មានជាបឋមបានបង្ហាញថា ការសាកល្បងអាវុធនុយក្លេអ៊ែចុងក្រោយបំផុតរបស់កូរ៉េខាងជើង គឺជាឥទ្ធិពលខ្លាំងបំផុតរបស់ប្រទេសនេះ នៅក្នុងបរិមាណដ៏ធំមួយ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានពណ៌នាការសាកល្បងនេះថាជា«ទង្វើបង្កហេតុខ្លាំងបំផុត»។ ការថ្កោលទោសយ៉ាងឆាប់រហ័សរបស់លោក ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ពី សំណាក់រដ្ឋាភិបាលនៅជុំវិញពិភពលោក ដោយរាប់បញ្ចូលទាំងប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន និង រុស្ស៊ី។
លោក មីសែល រ៉េស (Mitchell Reiss) អតីតមន្ត្រីនៃក្រសួងការបរទេសសហរដ្ឋអាមេរិក មានប្រសាសន៍ថា ការសាកល្បងនៅក្រោមដីកាលពីថ្ងៃអង្គារនេះ គឺជាការបញ្ជាក់បន្ថែមទៀត ដែលថាទីក្រុងព្យុងយ៉ាងកំពុងធ្វើដំណើរ«ប្រកបដោយរបៀបរៀបរយនិង មានចេតនា»ឆ្ពោះទៅការពង្រីកសមត្ថភាពខាងអាវុធនុយក្លេអ៊ែនិង កាំជ្រួចផ្លោងយ៉ាងជឿនលឿន។ លោកបាននិយាយថា គន្លងទាំងពីរនេះគឺធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
«វាជាការប្រកាសអាសន្នគ្រប់គ្រាន់ ដែលពួកគេកំពុងធ្វើការការសាកល្បងទាំងនោះដាច់ដោយឡែកពីគ្នា។ ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នានៃកត្តាទាំងពីរ ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក មិត្តភក្តិរបស់យើង និងសម្ព័ន្ធមិត្តនៅក្នុងតំបន់»។
អ្នកវិភាគ លោក ព្រុស ឃ្លីងន័រ (Bruce Klingner) ដែលសិក្សាអំពីប្រទេសកូរ៉េខាងជើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (Central Intelligence Agency) ថ្លែងថា ទ្វីបអាមេរិកកំពុងត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយសារ ភាពជឿនលឿនទៅមុខរបស់កូរ៉េខាងជើង ដោយរាប់បញ្ចូលទាំងការសាកល្បងកាំជ្រួចកម្រិតចម្ងាយឆ្ងាយប្រកបដោយ ជោគជ័យ កាលពីខែធ្នូរឆ្នាំទៅ។
«បន្ទាប់ពីពួកគេបានស្រង់បំណែកកាំជ្រួចពីបាតសមុទ្រ ក្រុមមន្ត្រីកូរ៉េខាងត្បូងបានប៉ាន់ស្មានថា គ្រាប់រ៉ុកែតអាចធ្វើដំណើរបានរហូតដល់ទៅចម្ងាយ៦ពាន់ម៉ាល (៩៥០០គីឡូម៉ែត្រ) ឬ១ម៉ឺនម៉ាល (១៦០០០គីឡូម៉ែត្រ) ដែលអាចគំរាមកំហែងមិនត្រឹមតែរដ្ឋ ហាវៃ (Hawaii) និងអាឡាស្កា (Alaska) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្នែកដទៃទៀតនៃទ្វីបអាមេរិកទៀតផង»។
កូរ៉េខាងជើងអះអាងថា ការសាកល្បងកាលពីថ្ងៃអង្គារបានប្រើប្រាស់ «ឧបករណ៍នុយក្លេអ៊ែដែលមានទំហំតូច និងទម្ងន់ស្រាលជាងមុនដោយមានសមត្ថភាពផ្ទុះខ្លាំងជាងមុន»។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា ការផ្ទុះនោះបង្កើតឲ្យមានកម្លាំងផ្ទុះនៅចន្លោះពី៦ទៅ៧គីឡូតោន។ ការផ្ទុះនោះមានកម្លាំងខ្លាំងជាងការសាកល្បងអាវុធនុយក្លេអ៊ែ ចំនួនពីរដងកាលពីមុនរបស់កូរ៉េខាងជើង ក្នុងឆ្នាំ២០០៦និងឆ្នាំ២០០៩ ប៉ុន្តែមិនអាចឈានដល់កម្រិតអាវុធដ៏មានឥទ្ធិពលបំផុតរបស់សហរដ្ឋ អាមេរិក ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះ ដោយមានកម្លាំងរហូតដល់ទៅ១ពាន់គីឡូតោន។
លោក ឃ្លីងន័រ មានប្រសាសន៍ថា ជារឿយៗ ក្រុមអ្នកសង្កេតការច្រានចោលការរីកចំរើនរបស់កូរ៉េខាងជើង ដោយសារតែការសាកល្បងកាំជ្រួយរយៈចម្ងាយឆ្ងាយរបស់ប្រទេសនេះ បានបរាជ័យ រហូតដល់មានការបាញ់បង្ហោះកាលពីខែធ្នូរ។ ប៉ុន្តែ លោកបានថ្លែងថា ការសាកល្បងនេះបង្ហាញថា កូរ៉េខាងជើងមានលទ្ធភាពក្នុងការដាក់ផ្កាយរណបនៅលើគន្លងតារាវិថី ដែលជាសមត្ថភាពដូចគ្នា ដែលអាចតម្រូវឲ្យដាក់ក្បាលកាំជ្រួច «នៅត្រង់កន្លែងណាក៏បាននៅលើផែនដី»។
អ្នកវិភាគ លោក រ៉េស មានប្រសាសន៍ថា ការផ្ទុះនោះបង្ហាញអំពីទ្វេរគ្រោះយ៉ាងធ្ងន់ធ្ងរសម្រាប់រដ្ឋបាល របស់លោក អូបាម៉ា និងក្រុមមេដឹកនាំថ្មីនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង និង ជប៉ុន»។
«លទ្ធផលនោះគឺថា រដ្ឋាភិបាលខាងជើងបានធ្វើសេចក្តីសម្រេចចិត្តប្រកបដោយយុទ្ធសាស្ត្រ ក្នុងការក្លាយខ្លួនទៅជារដ្ឋដែលមានអាវុធនុយ ក្លេ អ៊ែយ៉ាងពេញលេញ។ សម្រាប់ឥឡូវនេះ បញ្ហាប្រឈមគឺថា តើអ្វីដែលសហរដ្ឋអាមេរិក មិត្តភក្តិរបស់យើង និងសម្ព័ន្ធមិត្តក្នុងតំបន់ ហើយជាពិសេស រដ្ឋា ភិបាលចិន នឹងធ្វើអំពីរឿងនេះ»។
លោក ឃ្លីងន័រ ថ្លែងថា ការសាកល្បងកាលពីថ្ងៃអង្គារធ្វើឲ្យលោកមានការសង្ស័យអំពីថាតើ ប្រទេសចិននឹងមានប្រតិកម្មតបយ៉ាងដូចម្តេច ដោយសារតែខ្លួនមានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែកើនឡើង ជាមួយកូរ៉េខាងជើង។
«វាបានបង្ហាញយ៉ាងច្បាស់ថា តើរដ្ឋាភិបាលទីក្រុងប៉េកាំងមានឥទ្ធិពលតិចតួចប៉ុនណា ឬថាតើទីក្រុងប៉េកាំងមានឆន្ទៈប្រើប្រាស់ឥទ្ធិពលនោះតិចតួចប៉ុនណា។ តាម ពិតទៅ ការជាប់ពាក់ព័ន្ធផ្នែកសេដ្ឋកិច្ចរបស់ពួកគេកាន់តែច្រើនឡើងជាមួយ កូរ៉េ ខាងជើង បានបំផ្លាញដល់ការលើកទឹកចិត្តណាមួយ សម្រាប់កូរ៉េខាងជើង ក្នុងការវិលត្រឡប់ទៅរកកិច្ចចរចា៦ភាគីឡើងវិញ»។
បន្ទាប់ពីការបំផ្ទុះនោះមក រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាននិយាយថា ការសាកល្បងនេះបានបង្ហាញថា ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរបស់ខ្លួន «មានច្រើនសណ្ឋាន» ដែលបានចោទជាសំណួរអំពីថាតើកូរ៉េខាងជើងបានប្រើប្រាស់សារជាតិ ចំរាញ់អ៊ុយរ៉ានីញ៉ូម ជាជាងសារជាតិភ្លុយតូនីញ៉ូមដែលត្រូវបានដំណើរ ការ សារជាថ្មី ដូចការបំផ្ទុះកាលពីលើកមុនដែរឬទេ។
បញ្ហានេះបានធ្វើឲ្យមានការព្រួយបារម្ភសម្រាប់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដោយសារតែថា ខណៈពេលដែលកូរ៉េខាងជើងមានសារជាតិភ្លុយតូនីញ៉ូមគ្រប់គ្រាន់ ល្មមសម្រាប់គ្រាប់បែកចំនួនតែពី៦ទៅ៨គ្រាប់នោះ ប្រទេសនេះអាច ចំរាញ់ជាតិអ៊ុយរ៉ានីញ៉ូមបានយ៉ាងល្អនាពេលអនាគត។
លោក រ៉េស និយាយថា រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន (Washington) គួរតែជំរុញឲ្យទីក្រុង សេអ៊ូល (Seoul) ចែករំលែកព័ត៌មានសម្ងាត់ជាមួយរដ្ឋាភិបាល ជប៉ុន (Japan) ពីព្រោះការធ្វើបែបនេះ នឹងជួយធានាឲ្យមានការឆ្លើយតបស្របគ្នាចំពោះការគំរាមកំហែងនេះ។ លោកក៏បានព្រមានផងដែរថា ទីក្រុង តេហ៍រ៉ង់ (Tehran) កំពុងឃ្លាំមើលការឆ្លើយតបរបស់ពិភពលោកយ៉ាងដិតដល់បំផុត។
«ប្រសិនបើសហរដ្ឋអាមេរិកមិនដាក់ទណ្ឌកម្ម មិនដាក់ទោសកូរ៉េខាងជើងតាមរបៀបណាមួយទេនោះ វានឹងក្លាយជាការផ្តល់ភ្លើងខៀវឲ្យទៅប្រទេស អ៊ីរ៉ង់ យ៉ាងមានប្រសិទ្ធភាព ឬយ៉ាងហោចណាស់ ជាការផ្តល់យោបល់មួយថា ប្រទេសនេះអាចដើរតាមគន្លងនេះបាន ហើយនឹងមិនទទួលរងនូវផលវិបាកណាមួយឡើយ»។
ខណៈដែលគ្មានមហាអំណាចណាមួយរបស់ពិភពលោកអះអាងចង់ឲ្យមានរដ្ឋដែល បំពាក់ដោយអាវុធនុយក្លេអ៊ែនៅ កូរ៉េខាងជើង ឬ អ៊ីរ៉ង់ នោះ សំណួរស្ថិតនៅត្រង់ថា តើពួកគេមានលទ្ធភាពទប់ស្កាត់លទ្ធផលបែបនោះដែរឬយ៉ាង ណា៕ប្រែសម្រួលដោយ លី សុខឃាង (VOA)