កូរ៉េខាងត្បូង​បង្អួត​មីស៊ីល​ប្រភេទថ្មី​ក្រោយពី​កូរ៉េខាងជើង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

នៅថ្ងៃ ​ព្រហស្បតិ៍​នេះ កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ឲ្យដឹង​ថា​ខ្លួន​ទើប​នឹង​បាន​ដាក់ពង្រាយ​មីស៊ីល ​ប្រភេទ​ថ្មី​ទំនើប​ ដែល​អាច​បាញ់​ទៅលើ​គោលដៅ នៅ​គ្រប់​កន្លែង​ទាំងអស់ នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាង​ជើង។ ការប្រកាស​បង្អួត​មីស៊ីល​ប្រភេទ​ថ្មី នេះ ធ្វើឡើង​តែ​ពីរថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ជាលើកទី៣ កាលពីថ្ងៃ​អង្គារ។

ការបង្ហាញ ​ពី​មីស៊ីល​ប្រភេទ​ថ្មីនេះ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​សន្និសីទ​សារព័ត៌ មាន​ពិសេស​មួយរៀបចំ​ឡើង​ដោយ​ក្រសួង​ការពារជាតិ​កូរ៉េ​ខាងត្បូង។ ក្រ សួង​ការពារ ជាតិ​បាន​បង្ហាញ​ដល់​អ្នកសារព័ត៌មាន នូវ​រូបភាព​វីដេអូ អំពី​​ការបាញ់​សាកល្បង​មីស៊ីល​ប្រភេទ​ថ្មីនេះ ចេញ​ពី​នាវាចម្បាំង​ធម្មតា និង​ចេញ​ពី​នាវាមុជទឹក។

​ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ត្បូង​មិន​បាន​បញ្ជាក់ច្បាស់​ថា តើ​មីស៊ីល​នេះ​អាច​បាញ់​បាន​ដល់​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​នោះទេ គ្រាន់តែ​បាន​ប្រាប់​ថា វា​អាច​បាញ់​ទៅលើ​គ្រប់​គោលដៅ​ និង​​គ្រប់ទីកន្លែង​ទាំងអស់ នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាង​ជើង។ ម្យ៉ាង ទៀត មីស៊ីល​ថ្មីនេះ​មាន​ប្រព័ន្ធ​កំណត់​គោលដៅ​ដ៏​ទំនើប ដែល​គេ​អាច​កំណត់​គោលដៅ​បាញ់​ឲ្យ​ចូល​ក្នុង​បង្អួច​អគារ​ណាមួយ​បាន​យ៉ាង​ ជាក់លាក់។

គួរបញ្ជាក់ថា កងទ័ព​កូរ៉េ​ខាង​ត្បូងត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​សភាព​ប្រុងជើងការ​ ខ្ពស់ នៅ​ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ជាលើកទី៣ កាល​ពីថ្ងៃ​អង្គារ​ ដើមសប្តាហ៍​នេះ។ កាលពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា ខ្លួននឹង​ពន្លឿន​​កម្មវិធី​ផលិត​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ឆ្ងាយរបស់​ ខ្លួន ព្រមទាំង​ប្រព័ន្ធ​ខែល​ការពារមីស៊ីល ដើម្បី​បាញ់​ទម្លាក់​មីស៊ីល​របស់​កូរ៉េ​ខាងជើង ក្នុងករណី​ចាំបាច់។

គួររំឭកថា នៅ​ក្នុង​កិច្ចព្រមព្រៀង​សម្ព័ន្ធមិត្ត​ រវាង​កូរ៉េ​ខាង​ត្បូង និង​អាមេរិក អាមេរិក​បាន​រក្សា​កងទ័ព​ចំនួន​ជិត ២ម៉ឺន ៨ពាន់ ៥រយ​នាក់ នៅ​លើ​ទឹកដី​កូរ៉េ​ខាង​ត្បូង ហើយ​សន្យា​ថា​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​​វាយប្រហារ​ទៅលើ​ប្រទេស​ណា ដែល​ហ៊ាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ​មក​លើ​កូរ៉េ​ខាង​ត្បូង។ ជាថ្នូរ​មកវិញ អាមេរិក​​​ដាក់​កម្រិត​មិន​ឲ្យ​កូរ៉េ​ខាង​ត្បូង​ផលិត​មីស៊ីល​បាលីស្ទិក​រយៈ​ ចម្ងាយ​ឆ្ងាយ​ទេ។ ក៏ប៉ុន្តែ កាល​ពី​ខែ​តុលា ឆ្នាំ​ទៅមិញ​នេះ អាមេរិក​បាន​សុខចិត្តឲ្យ​កូរ៉េ​ខាង​ត្បូង​ផលិត​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ ឆ្ងាយ​ ទៅតាម​ការ​ស្នើសុំ​របស់រដ្ឋាភិបាល​ក្រុង​សេអ៊ូល ដែល​បាន​លើក​ហេតុផល​ថា ​ការអភិវឌ្ឍ​កម្មវិធី​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ឆ្ងាយ​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​កម្មវិធី​មីស៊ីល​បាលីស្ទិក​របស់​កូរ៉េ​ខាង​ជើង ដែល​កាន់តែ​ទំនើបឡើងៗ។

ការបាញ់​សាកល្បង​ប្រកបដោយជោគជ័យ នូវ​រ៉ុកកែត​ផ្ទុក​ផ្កាយរណប​របស់​កូរ៉េ​ខាងជើង កាល​ពី​ខែ​ធ្នូ​កន្លងទៅនេះ គឺ​ជា​ការបង្ហាញ​ថា កូរ៉េ​ខាងជើង​មាន​បច្ចេកវិទ្យា​គ្រប់គ្រាន់ ក្នុង​ការ​ផលិត​មីស៊ីល​បាលីស្ទិក ដែល​អាច​នឹង​បាញ់​ទៅ ដល់​ទឹកដី​មួយផ្នែក​របស់​អាមេរិក៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close