សម្តេចប៉ាប Benoît ១៦ ប្រកាសលាលែងពីតំណែង
នៅទ្វីបអឺរ៉ុប អ្វីដែលពិភពសាសនាគ្រិស្តកំពុងតែចាប់អារម្មណ៍ និងមានការងឿង ឆ្ងល់នៅពេលនេះ គឺការប្រកាសលាលែងពីតំណែងរបស់សម្តេចប៉ាប Benoît ១៦ នៅរដ្ឋវ៉ាទីកង់។ កាលពីថ្ងៃចន្ទម្សិលមិញ Benoît ១៦ ដែលជាសម្តេចប៉ាបតំណាងគ្រិស្តសាសនាដ៏ធំ ក្នុងពិភពលោក បានប្រកាសថានឹងលាលែងពីតំណែង នៅចុងខែកុម្ភៈនេះ។ បន្ទាប់ពីគ្រប់គ្រងនៅរដ្ឋវ៉ាទីកង់ អស់រយៈពេល ៨ឆ្នាំមក សម្តេចប៉ាបលើកហេតុផលថា លោកមានវ័យចាស់ជរា ហើយគ្មានកំលាំងគ្រប់គ្រាន់នឹងបន្តកិច្ចការតទៅទៀត។ ក្នុងជន្មាយុ ៨៥ ឆ្នាំ Benoît ១៦ គឺជាសម្តេចប៉ាបទីមួយក្នុងប្រវត្តិសាស្ត្រ ដែលបានបដិសេធបន្តកាន់តំណែងជាសម្តេចសង្ឃសាសនាគ្រិស្ត តាំងពីសម័យបុរាណមក។ ការប្រកាសនេះ បានបិទទ្វារបញ្ចប់រឿងអាស្រូវផ្លូវភេទលើកុមារ របស់បព្វជិតនៅរដ្ឋវ៉ាទីកង់។
ការ ប្រកាសលាលែងពីតំណែងរបស់សម្តេចប៉ាប Benoît ១៦ កាលពីថ្ងៃចន្ទម្សិលមិញ បានធ្វើអោយអ្នកកាន់សាសនាគ្រិស្តនានា មានការងឿងឆ្ងល់ជាខ្លាំង។ គ្មានអ្នកណាម្នាក់បានគិតថា សម្តេចប៉ាបនឹងចាកចេញពីរដ្ឋវ៉ាទី កង់នោះទេ។ សម្តេចប៉ាប Benoît ១៦ មានជន្មាយុ ៨៥ ឆ្នាំ បានលើកហេតុផលថា លោកមានវ័យកាន់តែចាស់ជរា ហើយគ្មានកំលាំងគ្រប់គ្រាន់នឹងបន្តកិច្ចការតទៅទៀត។ សម្តេចប៉ាប Benoît ១៦ មិនបានត្រូវបង្ខំ ឬក៏ស្នើអោយលាលែងពីតំណែងនោះទេ នេះជាការសំរេចចិត្តរបស់លោកផ្ទាល់។
ការលាលែងពីតំណែងនឹងប្រព្រឹត្តទៅជាផ្លូវការ នៅថ្ងៃទី២៨ កុម្ភៈ ហើយរដ្ឋវ៉ាទីកង់នឹងប្រកាសឈ្មោះសង្ឃដែលត្រូវបន្តតំណែង ពីសម្តេចប៉ាប Benoît ១៦នៅថ្ងៃទី៣១ មិនា ក្នុងឧកាសនៃបុណ្យសាសនាគ្រិស្តខាងមុខនេះ។ សម្តេច ប៉ាប Benoît ១៦ នឹងមិនចូលរួមក្នុងការប្រជុំជ្រើសរើសយកអ្នកបន្តតំណែងពីលោក នោះទេ។
នេះជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រសាសនាគ្រិស្តតាំងពីសម័យបុរាណមក ដែលសម្តេចប៉ាបបានលាលែងពីតំណែង។ បើគិតទៅគឺរយៈពេល៧០០ ឆ្នាំមកហើយ។ កាលពីឆ្នាំ ១២៩៤ សម្តេចសង្ឃ Célestin ៥ បានចុះចេញពីតំណែង នៅក្នុងឆ្នាំដែលលោកត្រូវបានជ្រើសរើសអោយត្រួសត្រាយគ្រិស្តសាសនា។
ទោះយ៉ាងណាក្តី បព្វជិតនិងអ្នកកាន់សាសនាគ្រិស្ត ព្រមទាំងមេដឹកនាំបណ្តាប្រទេសនានា បានគោរពការសំរេចចិត្តរបស់សម្តេចប៉ាប Benoît ១៦ ដោយវាយតំលៃថាលោកមានសេចក្តីក្លាហាន និងទឹកចិត្តបរិសុទ្ធ។
ក្នុងការកាន់តំណែងរបស់សម្តេចប៉ាបរយៈពេល៨ឆ្នាំ កន្លងមក វិហារសាសនា គ្រិស្តបានប្រឈមមុខនូវរឿងអាស្រូវផ្លូវភេទរបស់ បព្វជិតទៅលើកុមារ។ រឿងអាស្រូវនេះ គឺជាវិបត្តមួយធ្ងន់ធ្ងររបស់វិហារកាតូលិក នាសម័យបច្ចុប្បន្ន។ វិហារគ្រិស្តសាសនាតែងតែរងនូវការរិះគន់ថា មានវិន័យតឹងតែង មិនព្រមទទួលស្គាល់នូវការវិវត្តន៍នៃសង្គម។
អ្នកវិភាគនានាយល់ថា សម្តេចប៉ាប Benoît ១៦ នៅមានសុខភាពល្អនៅឡើយ ប៉ុន្តែភាពរហ័សរហួនរបស់លោក មិនគ្រប់គ្រាន់នឹងជួយលោកអោយបន្តការគ្រប់គ្រងរដ្ឋវ៉ាទីកង់ទៀត បាន ពីព្រោះថា ការគ្រប់គ្រងរដ្ឋវ៉ាទីកង់មានលក្ខណៈស្មុគ្រស្មាញ មានបែងចែកជាច្រើនផ្នែក។
សម្តេចប៉ាប Benoît ១៦ មានដើមកំណើតក្នុងគ្រួសារកាន់សាសនាកាតូលិកដ៏សាមញ្ញមួយ ក្នុងប្រទេសអាល្លឺម៉ង់។ លោកមានឈ្មោះដើមថា Joseph Ratzinger។ ក្នុងខែមេសា ឆ្នាំ២០០៥ លោកត្រូវបានជ្រើសរើសអោយកាន់តំណែងនៅវិហារកាតូលិក រដ្ឋវ៉ាទីកង់ បន្ទាប់ពីសម្តេចប៉ាប Jean Paul ២ បានទទួលអនិច្ចកម្មទៅ៕ដោយ ព្រំ សឿន សូលីណា (RFI)