ផ្តើមវាស់វែង រៀបចំសាងសង់រូបសំណាកសម្តេចតា
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៣ កុម្ភៈ ២០១៣នេះ ក្រុមអ្នកជំនាញ អាជ្ញាធរ ព្រមទាំងតាអាច្ចារ្យ បានចុះវាស់វែង គូសវាង និងដាំបង្គោល នៅកន្លែងរៀបចំសាងសង់រូបសំណាក សម្តេចព្រះមហាវីរក្សត្រ សម្តេចឪ សម្តេចតា នៅលើសួនច្បារ ជិតដើមពោធិ៍ ខាងកើតវិមានឯករាជ្យ។
ការចុះអនុវត្តការងារជាក់ស្តែងនេះ បានធ្វើឡើង ក្រោយពីអនុគណៈកម្មការទទួលបន្ទុកព័ត៌មានផ្សព្វផ្សាយ និងសាងសង់ព្រះបរមរូបសម្តេចព្រះ នរោត្តម សីហនុ បានបញ្ចប់ការពិភាក្សាអំពីគម្រោងសាងសង់ កាលពីល្ងាចថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៣។
លោក ទិត សុធា សមាជិកអនុគណៈកម្មការព័ត៌មានផ្សព្វផ្សាយ និងសាងសង់ព្រះបរមរូបសម្តេចព្រះមហាវីរក្សត្រ បានឲ្យដឹងថា រាជរដ្ឋាភិបាល មានបំណង ចង់អោយក្រុមហ៊ុន សិលា ដែលទទួលបន្ទុកការសាងសង់ សំរេចបានស្តូបព្រះបរមរូបសម្តេចតា ចប់នៅមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ដើម្បីរាជរដ្ឋាភិបាលអាចរៀបចំការសម្ពោធស្តូបព្រះបរមរូបនេះ នៅចំថ្ងៃប្រសូត្ររបស់សម្តេចព្រះ នរោត្តម សីហនុ គឺថ្ងៃទី៣១ តុលា។
យ៉ាងណាក៏ដោយ មន្ត្រីរាជរដ្ឋាភិបាល មិនបានបញ្ជាក់អំពីតម្លៃសំណង់ព្រះបរមរូបនេះឡើយ ដោយគ្រាន់តែបញ្ជាក់ថា រាជរដ្ឋាភិបាល ជាអ្នកទទួលបន្ទុកលើការសាងសង់នេះ៕