អំពើហិង្សាក្នុងគ្រួសារបន្ទុច​បង្អាក់ការអភិវឌ្ឍ

ដោយ វ៉ន សុខាន់

២៧ កុម្ភៈ ២០១២

ភ្នំពេញ៖ សកម្មជនការងារ​ផ្នែកយេនឌ័រមួយរូបបាន​មានប្រសាសន៍ថា អំពើហិង្សា​ក្នុង​គ្រួសារ​ជាផ្នែកមួយ​នៃខាតបង់ និង​បាន​បន្ទុច បង្អាក់​ការអភិវឌ្ឍ​គ្រួសារ សង្គម ក៏ដូចជា​ប្រទេសជាតិ​ទាំង​មូល​ដែរ។

ថ្លែងនៅ​ក្នុង​កិច្ចសម្ភាសន៍​មូយ​តាមរយៈទូរស័ព្ទ​ លោកស្រី​ រស់ សុភាព​ នាយិកាប្រតិបត្តិប្រចាំ​អង្គការ​​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GAD/C) ​បាន​បញ្ជាក់ថា ការ​ប្រើប្រាស់​អំពើហិង្សា​ក្នុង​គ្រួសារ​​​គឺ​​បាន​​ផ្តល់​ផល​វិបាក​ជា​ច្រើន​ដល់សមាជិកគ្រួសារ និង​សង្គមជាតិ ដែល​ពលរដ្ឋ​គ្រប់ៗគ្នា​ត្រូវ​តែ​ចៀសវាង។

លោកស្រីបានលើក​ឧទាហរណ៍ថា ក្នុងករណីដែលអំពើហិង្សាបង្ករឲ្យមាន​របួស​ស្នាម​ដល់​សមាជិក​ក្នុង​​គ្រួសារ ​​ដូចជា​ប្រពន្ធ ប្តី ឬក៏កូនៗ ជា​ដើម នោះពួកគេនឹងមានកា​ឈឺចាប់ ហើយ​ត្រូវ​ខាត​បង់​ថវិកា ដោយ​សារ​តែ​​ត្រូវ​ចំណាយ​លើការព្យាបាល។

លោកស្រីបន្តថា អំពើហិង្សាក្នុង​គ្រួសារខ្លះ​អាច​ធ្វើ​ឲ្យ​ជនរង​គ្រោះក្លាយ​ទៅជា​ជន​ពិការ ហើយ​ក៏​អាច​ឈាន​ទៅ​ដល់​​បាត់​បង់អាយុជីវិត ហើយ​អ្នកបង្ករ​ត្រូវ​ជាប់ទោស ឬក៏រត់ចោលស្រុក ដែលបញ្ហានេះ​បាន​ធ្វើ​​ឲ្យ​គ្រួសារ​បាត់បង់សមាជិក និងបាត់បង់កំលាំងពលកម្ម ។

លោកស្រីបានអះអាងថា ជាង​នេះ​ទៅទៀត ក្មេងដែលជាកូន​ៗនៅក្នុង​គ្រួសារប្រើ​អំពើហិង្សានោះ​បានខកខាន​មិន​បាន​ទៅសាលា​ព្រោះ​រ ដោយសារតែនៅ​ជួយ​មើល​ថែ​ម្តាយ ឬសមាជិក​គ្រួសារ​ដែលរងរបួស​ពី​អំពើ​ហិង្សានោះ ហើយថា ក្នុងករណីខ្លះក្មេង​គេច​វេសពីការសិក្សាទៅសេពគប់មិតភក្តិមិនល្អ ហើយងាយប្រឈមនឹងការកេងប្រវញ្ចកម្លាំងពលកម្ម ងាយ​ចាញ់​បោកគេ ក្លាយជា​ក្មេងអនាថា ក្មេងទំនើង ប្រើបា្រស់​គ្រឿងញៀន​ដែលសង្គម​កំពុង​ស្អប់ខ្ពើម​។

ជាទូទៅ កាលណាបើ​​សង្គមពោរពេញទៅដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ក្មេងអនាថា ក្មេងទំនើង ការ​ប្រើប្រាស់​គ្រឿង​ញៀន នោះ​វាជាបញ្ហាស្មុគ្រស្មាញ​ ដែលនាំ​ឲ្យសង្គមមានភាពច្របូកច្របល់ រញែរញៃ អសន្តិសុខ​និង​គ្មាន​សណ្តាប់ធ្នាប់។

ទាក់ទិននឹងចំណុចនេះ លោកស្រី រស់ សុភាព បាន​រំលឹកថា     «រាល់​អំពើ​ហិង្សា​ដែល​កើត​មាន​ឡើង រដ្ឋាភិបាល​​​គឺជាអ្នក​ទទួល​ខុសត្រូវ» ព្រោះថា រដ្ឋា​ភិបាល​មាន​តួរនាទី​លើក​ស្ទួយវប្បធម៌ និង យកចិត្ត​ទុក​ដាក់​ពី​បញ្ហា​កាត់បន្ថយ និង​ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ​។

លោកស្រីបានស្នើឲ្យរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ​ស្ថាប័ន​ដែល​ពាក់ព័ន្ធទាំងអស់​មានការអនុវត្ត​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី៣​របស់​ក្រសួង​កិច្ចការ​នារី​ ដើម្បី​ចូលរួមលប់បំបាត់អំពើហិង្សាក្នុងគ្រួសា ហើយ​ជម្រុញ​ឱ្យ​ច្បាប់គោល​នយោបាយ ​ឱ្យ​ឆ្លើយតប​នឹង​យេនឌ័រ និង​ធានា​ឱ្យ​មាន​វិធានការ​ផ្លូវ​ច្បាប់​សមស្រប​ក្នុង​ការ​ទប់ស្កាត់​រាល់ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី និង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម។

ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នំា២០១១ និងលើកទិសដៅឆ្នំា ២០១២ របស់​គណៈកម្មាធិការ​ជាតិ​លើក​កម្ពស់​សីលធម៌សង្គមនៅ​ឯសណ្ឋាគារភ្នំពេញកាលពីថ្ងៃទី ៩ កុម្ភៈ ឆ្នាំ ២០១២ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ក៏បានបញ្ជាក់ដែរ​ថា ការទប់ស្កាត់​អំពើហិង្សាក្នុងគ្រួសារ គឺជា​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ ហើយអាច​ធ្វើឲ្យសម្រេចបាននូវ​វិធានការច្បាប់ ការ​ទទួល​បាន​នូវ​យុត្ដិធម៌​ដល់ពលរដ្ឋដែលងាយរងគ្រោះ។

លោកជំទាវបានបញ្ជាក់ថា ដើម្បី​ឲ្យប្រជាជនរស់នៅ​មាន​សុវត្ថិភាពក្នុង សង្គម​មួយមានសន្ដិសុខ សណ្ដាប់​ធ្នាប់ មានសីលធម៌ សេចក្ដី ថ្លៃថ្នូរ និងមានការគោរពសិទ្ធិគ្នាទៅវិញទៅមក​នោះ ការទប់ស្កាត់​អំពើហិង្សាក្នុងគ្រួសារ​គឺជា​ការ​ចាំ​បាច់​ដែល​ត្រូវធ្វើ៕

Related Articles

Back to top button
Close
Close