ការ​អភិវឌ្ឍ​កំពង់​ផែ​រួម​រវាង​ថៃ​-ភូមា​ជាប់​គាំង​ដំណើរ​

រដ្ឋមន្រ្ដី​ក្រសួង​ដឹក​ជញ្ជូន​នៃ​ប្រទេស​ថៃ​ មាន​ប្រសាសន៍​ថា កំពង់​ផែ​ក្នុង​ទឹក​ជ្រៅ​ដែល​រដ្ឋាភិបាល​ថៃ​របស់​លោក​កំពុង​ស្នើ​អភិវឌ្ឍ​ រួម​ជា​មួយ​នឹង​ភាគី​ប្រទេស​ភូមា​អាច​នឹង​គាំង​ដំណើរ​អស់​ពេល​១​ឆ្នាំ​ទៀត។

លោក ឆាដ​ឆាត សិទិ្ធពូន (Chadchat Sittipunt) មាន​ប្រសាសន៍​ថា កំពង់​ផែ​នេះ ដែល​គេ​គ្រោង​សង់​នៅ​ខេត្ដ​ Dawei ប៉ែក​ខាង​ត្បូង​ប្រទេស​ភូមា​ដែល​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ បាន​គាំង​ដំណើរ​ដោយ​សារ​តែ​ភាព​មិន​ប្រាកដ​ច្បាស់​នៃ​គម្រោង​ផែនការ រួម​ជា​មួយ​នឹង​បញ្ហា​ជម្លោះ​ក្នុង​ចំណោម​វិនិយោគិន។

កាសែត​បាង​កក​ ប៉ុស្ដិ៍​រាយការណ៍​ថា រដ្ឋមន្រ្ដី​ថៃ​រូប​នេះ ដែល​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​មួយ​ខាង​ផ្នែក​អភិវឌ្ឍន៍​តំបន់​ Dawei និយាយ​ថា រដ្ឋាភិបាល​ថៃ​របស់​លោក​ក៏​ជួប​ប្រទះ​នឹង​ការ​លំបាក​ផង​ដែរ ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​ដ៏ធំ​មួយ​ពី​ប្រទេស​ជប៉ុន​។

លោក​មាន​ ប្រសាសន៍​ថា ភាព​មិន​ស៊ីសង្វាក់​គ្នា​រវាង​ភាគី​ថៃ និង​ជប៉ុន​ជុំវិញ​បញ្ហា​មួយ​ចំនួន​នៃ​គម្រោង​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ការ​ដើរ​ទៅ​មុខ​នៃ​គម្រោង​អភិវឌ្ឍន៍​នេះ។

កិច្ច ​ព្រម​ព្រៀង​មួយ​ជុំវិញ​ការ​អភិវឌ្ឍ​កំពង់​ផែ​រវាង​រដ្ឋាភិបាល​ថៃ និង​ភូមា​ ត្រូវ​បាន​ភាគី​ទាំង​ពីរ​ចុះ​ហត្ថ​លេខា​កាល​ពី​ឆ្នាំ​មុន ប៉ុន្ដែ​កាសែត​បាង​កក​ប៉ុស្ដិ៍​រាយការណ៍​ថា គេ​នៅ​មិន​ទាន់​​រក​បាន​ប្រាក់​បោះ​ទុន​ប្រហែល​៩ពាន់​លាន​ដុល្លារ​នៅ​ឡើយ​ ទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close