បាតុកម្ម​នៅ​តំបន់​Cachemire​ឥណ្ឌា​ ក្រោយ​ពេល​សកម្មជន​Cachemire​ ម្នាក់​ត្រូវ​ព្យួរ​ក​

បាតុកម្ម ​ដ៏​ពុះ​ពោរដោយ​កំហឹង​ ​ចំនួន​បួន ​បាន​កើត​ឡើង​​ នៅ​​​តំបន់ ​Cachemire ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​​សៅរ៍​ម្សិល​មិញ​ ក្រោយ​ពីសកម្ម​ជន​​​​ Cachemire ម្នាក់​​​ត្រូវ​ព្យួរ​ក​​​​។ ការ​ប្រឈម​មុខ​រវាង​ក្រុម​បាតុករ​ និង​ប៉ូលិស​បាន​បង្ក​អោយ​មាន​មនុស្ស​ ៣៦​ នាក់​​រង​របួស ក្នុង​នោះ​មាន​ប៉ូលិស​ ២៣​នាក់។ សកម្ម​ជន​​​​ Cachemire ដែល​​​​ត្រូវបាន​គេ​​ព្យួរ​ក ឈ្មោះ​ Mohammad Afzal Guru ត្រូវ​បាន​តុលាការ​ដាក់​​​ទោស​ប្រហារ​ជីវិត​​​ ពី​បទ​បាន​រៀបចំ​ផែនការ​​​​ភេរវកម្ម​​​ប្រឆាំង​សភា​ឥណ្ឌា កាល​ពី​ខែ​​ធ្នូ​ ឆ្នាំ​២០០១​ ធ្វើ​អោយ​មនុស្ស​​៩នាក់​ បាត់​បង់​ជីវិត។ អ្នក​សង្កេត​ការណ៍​នានា​យល់​ថា ការ​ព្យួរ​ក​សកម្ម​ជន​រូប​នេះ​ គឺ​បង្ហាញ​ច្បាស់​ពី​លទ្ធផល​នៃ​យុទ្ធសាស្ត្រ​​នយោបាយ​​​ របស់​គណបក្ស​សមាជ​​ដែល​កំពុង​កាន់​អំណាច​នៅ​សភា​ឥណ្ឌា សំរាប់​ការ​បោះឆ្នោត​សភា​​ នៅ​ឆ្នាំ​ ២០១៤​ ខាង​មុខ​នេះ។

បាតុកម្ម ​នានា​​​ដែល​បាន​កើត​ឡើង​ នៅ​​តំបន់​Cachemire ក្នុង​ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​សៅរ៍​​ម្សិលមិញ​នេះ បានប្រែ​ក្លាយ​​ទៅ​ជា​អំពើ​ហិង្សា ហើយ​ការ​​​ប្រឈម​មុខ​រវាង​ក្រុម​បាតុករ​ និង​ប៉ូលិស​ បាន​បង្ក​អោយ​​​មនុស្ស​ ៣៦​ នាក់​​រង​របួស ក្នុង​នោះ​មាន​ប៉ូលិស​ ២៣​នាក់។

ក្រុម​បាតុករ​មាន​ការ​ខឹង​សម្បារ​​ ចំពោះ​ការ​​ប្រហារ​ជីវិត​ដោយ​ព្យួរ​ក​សកម្ម​ជន Mohammad Afzal Guru មាន​ប្រភព​មក​ពី​តំបន់ Cachemire ឥណ្ឌា។  Afzal Guru ត្រូវ​បាន​តុលាការ​ដាក់​​​ទោស​ប្រហារ​ជីវិត​​​ ពី​បទ​​​រៀបចំ​ផែនការ​​​​ភេរវកម្ម​​​ប្រឆាំង​សភា​ឥណ្ឌា កាល​ពី​​ខែ​​ធ្នូ​ ឆ្នាំ​២០០១។ ភេរវកម្ម​នេះ​​​បាន​បង្ក​អោយ​មាន​​​ស្លាប់​​មនុស្ស​​៩នាក់​។ ​​ប្រធានាធិបតី​ឥណ្ឌា​ បាន​បដិសេធ​​​សំណើ​​​សុំ​លើក​លែង​ទោស​លើក​ចុង​ក្រោយ​ ​​របស់​សកម្ម​ជន​រូប​នេះ។ Afzal Guru​ ត្រូវ​បាន​គេ​​ព្យូរ​ក​​​យ៉ាង​សំងាត់​ នៅ​ពេល​​ថ្ងៃ​សៅរ៍​​ព្រឹក​​​ព្រលឹម។​

នៅ​ក្រុង​ញូវដេល្លី គេ​ឃើញ​​មាន​ជម្លោះ​​​​ប្រឈម​មុខ​​គ្នា រវាង​សកម្មជន​​​សាសនា​ហ៊ីនឌូ និង​បាតុករ​​នានា​​​​ដែល​បាន​មក​​ផ្តុំ​គ្នា​នៅ​កន្លែង​មួយ​ក្នុង​ទី​ប្រជុំ ​ជន​​ ដើម្បី​​តវ៉ា​ប្រឆាំង​​នឹង​ការ​ព្យួរ​ក​​នេះ។ នៅឯ​​តំបន់​​Cachemire ក្នុង​ប្រទេស ប៉ាគីស្ថាន​​​​ជិតខាង​​ឯណោះ​វិញ​ បាតុករ​ ២៥០នាក់ ក៏​បាន​​ចុះ​ធ្វើ​បាតុកម្ម​ប្រឆាំង​​នឹង​ការ​ព្យួរក​​សកម្ម​ជន Cachemire នេះ​​ផង​ដែរ។ ​

ដើម្បី​ចៀសវៀង​ភាព​វឹកវរ​ខ្លាំង​​​បង្ក​ដោយ​បាតុកម្ម​ទាំង​នេះ អាជ្ញាធរ​​បាន​ដាក់​បំរាម​គោចរណ៍​ នៅ​​តាម​ទី​កន្លែង​នានា ក្នុង​តំបន់ Cachemire ​ហើយ​​​​​​រដ្ឋ​អំណាច​​ក្នុង​​រដ្ឋ​​ Jammu និង​​ Cachemire ស្ថិត​នៅ​ភាគ​ខាង​ជើង​ឥណ្ឌា​​​ បាន​អំពាវនាវ​អោយ​មាន​ការ​ស្ងប់​ស្ងាត់។

សភា​ឥណ្ឌា​គិត​ថា ការ​ព្យួរ​ក​នេះ​គឺ​​បាន​ផ្តល់​​យុត្តិ​ធម៌​​​​ដល់​ជន​​រងគ្រោះ​ ក្នុងអំពើ​​ភេរវកម្ម​​ នា​ឆ្នាំ​ ២០០១ ហើយ​​យុត្តិសាស្ត្រ​​​​​ត្រូវ​បាន​គេ​គោរព​យ៉ាង​ពេញលេញ។ គណបក្ស​កាន់​អំណាច​បាន​បដិសេធ​ នូវ​រាល់​ទស្សនៈ​ដែល​ថា​ការ​​ប្រហារ​ជីវិត​​សកម្ម​ជន​​រូប​នេះ ធ្វើ​ឡើងដើម្បី​​ទទួល​​ប្រយោជន៍​នយោបាយ​។ ​​

ផ្ទុយ​ទៅវិញ​ នៅ​​ពេល​ដែល​ឥណ្ឌា​​កំពុង​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​សភា សំរាប់​ឆ្នាំ​ ២០១៤​ខាង​មុខ​នេះ អ្នក​វិភាគ​នានា​យល់​ថា ការ​​ព្យួរ​ក​នេះ​ គឺ​​​​ជា​យុទ្ធ សាស្ត្រ​នយោបាយ​របស់​គណបក្ស​​សមាជ ដែល​កំពុង​កាន់​អំណាច​​ នៅ​សភា​ឥណ្ឌា។ ជាមួយ​នឹង​យុទ្ធសាស្ត្រ​នេះ គណបក្ស​​​កណ្តាល​​ឆ្វេង​និយម​​​​ បាន​ទទួល​​ពិន្ទុ​​ខ្ពស់​​ក្នុង​​វិស័យ​​​សន្តិសុខ។ វិស័យ​សន្តិសុខ​​ដែល​គេ​គិត​ថា ជា​​ឯកទេស​ជំនាញ​របស់​​​គណបក្ស​ប្រឆាំង​​ឯណោះ​​ទៅ​វិញ​ទេ។ ​

ក្នុង​រយៈ​​​ពេល​​​ជាប់​​គុក ​១២​ឆ្នាំ​ របស់​​សកម្ម​ជ​ន Guru​ មុន​នឹង​មាន​ការ​ប្រហារ​ជីវិត​នៅ​ថ្ងៃ​សៅរ៍​នេះ​​ ​​ គណបក្ស​​ស្តាំ​​ជាតិ​និយម​​សាសនា​​ហ៊ីនឌូ​ ដែល​ជា​គណបក្ស​ប្រឆាំង​ បាន​ចោទ​រដ្ឋាភិបាល​ឥណ្ឌា​ ថា​ឆ្លៀត​​ឧកាស​​​​ចំណេញ​ផល​​ប្រយោជន៍​​នយោបាយ​​ ពី​សំណុំ​រឿង​នេះ ដើម្បី​បង្ហាញ​ពី​​ករុណាធម៌​របស់​សភា។ គណបក្ស​ប្រឆាំង​តែង​តែ​ចោទ​​សភា​ថា​ ខ្លាច​​​​មិន​ចង់​​​​​ដាក់​សម្ពាធ​ដល់​​​អ្នក​​បោះឆ្នោត​​សាសនា​អ៊ីស្លាម៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close