កូរ៉េខាងជើងទំនងជានឹងសាកល្បងអាវុធនុយក្លេអ៊ែរច្រើនគ្រាប់
លោកលី ម្យ៉ុងបាក់ ប្រធានាធិបតីផុតអាណត្តិរបស់កូរ៉េខាងត្បូង បានលើកឡើង នៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងទំនងជានឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរនៅច្រើន កន្លែង ក្នុងពេលតែមួយ ហើយថា ការសាកល្បងអាវុធនុយក្លេអ៊ែរនេះអាចនឹងត្រូវធ្វើ នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ក្នុងពេលជាមួយគ្នា ក្រុម ប្រឹក្សាសន្តិសុខអ.ស.ប. បានព្រមានថា នឹងចាត់វិធានការធ្ងន់តបនឹងការសាកល្បងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែតកូរ៉េខាងត្បូង ដែលចេញផ្សាយ នៅ ថ្ងៃអង្គារនេះ លោកលី ម្យ៉ុងបាក់ បានទទួលស្គាល់ថា ការដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង គឺជាបញ្ហាស្មុគស្មាញខ្លាំង ដែលសហគមន៍អន្តរជាតិត្រូវប្រឈម។ លោកលី ម្យ៉ុងបាក់ ក៏បានអះអាងផងដែរថា នៅក្នុងការសាកល្បងអាវុធនុយក្លេអ៊ែរលើកនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងទំនងជានឹងធ្វើការសាក ល្បងអាវុធច្រើន គ្រាប់ ហើយធ្វើនៅពីរ ឬច្រើនកន្លែងផ្សេងគ្នា នៅក្នុងពេលតែ មួយ។
នៅពេលនេះ ក្រុមអ្នកជំនាញខាងអាវុធនុយក្លេអ៊ែរនៅជុំវិញពិភពលោកកំពុងតែនាំគ្នា ត្រៀម រង់ចាំឃ្លាំមើលការសាកល្បងអាវុធនុយក្លេអ៊ែរនេះ ដើម្បីធ្វើការសិក្សាអំពីសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ចំណុចសំខាន់ ដែលគេទន្ទឹងចាំមើលនោះ គឺចាំមើលថា តើកូរ៉េខាងជើងអាចផលិតអាវុធនុយក្លេអ៊ែរ ដែលមានទំហំតូច និងស្រាលល្មមអាចបំពាក់លើក្បាលគ្រាប់មីស៊ីលបានដែរឬក៏យ៉ាងណា?
គួរបញ្ជាក់ថា នៅក្នុងការសាកល្បងពីរលើកកន្លងទៅ កូរ៉េខាងជើងគ្រាន់តែធ្វើការបំផ្ទុះអាវុធនុយក្លេអ៊ែរ នៅក្រោមដី ប៉ុន្តែ អាវុធនុយក្លេអ៊ែរនោះមានទំហំធំ និងធ្ងន់ មិនទាន់អាចប្រើជាក្បាលគ្រាប់ ដើម្បីបាញ់នៅលើមីស៊ីលបាននៅឡើយ ទេ។ ប្រសិនបើរបបដឹកនាំក្រុងព្យុងយ៉ាងមានបច្ចេកវិទ្យាគ្រប់គ្រាន់ ដើម្បីផលិតជាក្បាលគ្រាប់មីស៊ីលនុយក្លេអ៊ែរបានមែននោះ វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងនឹងឈានដល់របត់ថ្មីមួយទៀត ដែលពិបាកនឹងដោះស្រាយបំផុត។
នៅទីក្រុងញូវយ៉កឯណោះវិញ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ដែលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប. សម្រាប់ខែកុម្ភៈនេះ បានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាសន្តិសុខទាំង ១៥ បានមូលមតិគ្នាជាឯកច្ឆន្ទថា នឹងចាត់វិធានការធ្ងន់ៗបំផុត ដើម្បីតបទៅនឹងការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងក៏បានអះអាងផងដែរថា ការសាកល្បងអាវុធនុយក្លេ អ៊ែររបស់កូរ៉េខាងជើងអាចនឹងត្រូវធ្វើឡើង នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រុមអ្នកជំនាញខាងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងវិញបាននាំគ្នា ធ្វើការព្យាករថា កូរ៉េខាងជើងនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរនេះ នៅមុនចូលឆ្នាំចិន ថ្ងៃទី១០ កុម្ភៈ ឬបើមិនដូច្នោះទេ នឹងត្រូវធ្វើនៅថ្ងៃទី១៦ កុម្ភៈ ដែលចំថ្ងៃបុណ្យកំណើតរបស់លោកគីម ជុងអ៊ុន៕ដោយ សេង ឌីណា (RFI)