រដ្ឋាភិបាលជប៉ុនកោះឯកអគ្គរដ្ឋទូតចិនទាក់ទងរឿងនាវាចិនដែលបើកចូលក្នុងដែនទឹកក្បែរប្រជុំកោះជម្លោះ
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលជប៉ុនកោះឯកអគ្គរដ្ឋទូតចិន អោយចូលមកបំភ្លឺនូវហេតុការណ៍ ទាក់ទងនឹងនាវាល្បាតសមុទ្រចិនពីរគ្រឿង ដែលបានចូលខ្លួនមកកាន់ដែនទឹកក្បែរប្រជុំកោះជម្លោះ សេនកាគូ កាលពី ថ្ងៃចន្ទកន្លងមក។ ប្រជុំកោះគ្មានមនុស្សនៅ សេនកាគូ ដែលចិនហៅថា ប្រជុំកោះ Diaoyu នៅតែជាបញ្ហាជម្លោះក្តៅគគុក រវាងចិន និងជប៉ុន។ តាំងពីជប៉ុនទិញយកមួយភាគនៃកោះនេះ ដាក់អោយមកជាដែនដីជាតិខ្លួន ជាញឹកញយ គេសង្កេតឃើញមានកប៉ាល់ចិន និងយន្តហោះចិននានា តែងតែបើកចូលមកជុំវិញដែនដីនេះ ធ្វើអោយរដ្ឋាភិបាលជប៉ុនផ្ទុះកំហឹង។ ទន្ទឹមនឹងនេះដែរ ក្រសួងការពារជាតិជប៉ុនបានប្រកាសថា នាវាចំបាំងចិនបានវាយប្រហារកប៉ាល់របស់ទាហានជប៉ុនមួយគ្រឿង នៅដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃ ៣០ មករា កន្លងមក ជាមួយនឹងរ៉ាដាដែលប្រើសំរាប់បង្ខាំងគោលដៅនៃការវាយលុក។
យោង តាមអ្នកទទួលខុសត្រូវមួយរូប នៃក្រសួងការបរទេសជប៉ុន នៅថ្ងៃអង្គារនេះ គឺក្រសួងការបរទេសជប៉ុន ជាអ្នកដែលកោះហៅឯកអគ្គរដ្ឋទូតចិន អោយមកបកស្រាយបំភ្លឺនូវហេតុការណ៍ទាក់ទងនឹងនាវា ល្បាតសមុទ្រចិនពីរគ្រឿង ដែលបានចូលខ្លួនមកកាន់ដែនទឹកក្បែរប្រជុំកោះជម្លោះ សេនកាគូ កាលពីថ្ងៃចន្ទកន្លងមក។
គួររំលឹកថា កាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ នាវាល្បាតដែនទឹកចិនចំនួនពីរគ្រឿង បានបើកចូលមកកាន់ ប្រជុំកោះសេនកាគូ ហើយបានចាកចេញពីទីនោះ នៅពេលល្ងាច។
កាលពីថ្ងៃពុធ សប្តាហ៍មុន នាវាចិន៣ គ្រឿងទៀត ក៏បានចូលមកក្នុងតំបន់កោះនេះដែរ។
នៅថ្ងៃអង្គារនេះដែរ ក្រសួងការពារជាតិជប៉ុនបានប្រកាសថា នាវាចំបាំងចិនបានវាយប្រហារកប៉ាល់របស់ទាហានជប៉ុនមួយគ្រឿង កាលពីថ្ងៃ ៣០ មករា កន្លងមក ជាមួយនឹងរ៉ាដាដែលប្រើសំរាប់បង្ខាំងគោលដៅនៃការវាយលុក។
ប្រជុំកោះគ្មានមនុស្សនៅ សេនកាគូ ដែលចិនហៅថា ប្រជុំកោះ Diaoyu នៅតែជាបញ្ហាជម្លោះក្តៅគគុក រវាងចិន និងជប៉ុន។ តាំងពីជប៉ុនទិញយកមួយភាគនៃកោះនេះ ដាក់អោយមកជាដែនដីជាតិខ្លួន កាលពីចុងឆ្នាំ ២០១២ កន្លងមក ជាញឹកញយ គេសង្កេតឃើញមានកប៉ាល់ចិន និងយន្តហោះចិននានា តែងតែបើកចូលមកជុំវិញដែនទឹកនេះ បង្កអោយរដ្ឋាភិបាលជប៉ុនមានការខឹងសម្បារ។
ទាក់ទងនឹងហេតុការណ៍អស់នេះ នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានសន្យាថា នឹងពង្រឹងវិធានការត្រួតពិនិត្យជុំវិញប្រជុំកោះនេះថែមទៀត ហើយបន្ថែមទៀតថា មិនអាចមានការចរចាតថ្លៃលើកម្មសិទ្ធិដែលជារបស់ជប៉ុនបាននោះ ឡើយ។
នាយករដ្ឋមន្ត្រីជប៉ុន ធ្លាប់បានប្រកាស នាពេលថ្មីៗនេះថា ដើម្បីទប់ទល់នឹងការឈ្លានពានដែនដីបង្កដោយប្រទេសជិតខាង ជប៉ុននឹងធ្វើការវាយបកតបតវិញ ទាំងតាមជើងគោគ ជើងទឹកនិងជើងអាកាស។ រដ្ឋាភិបាលជប៉ុន ទើបតែបានប្រកាសដាក់អោយមានកងកម្លាំងពិសេស ៦០០នាក់ និង នាវាការពារឆ្នេរសមុទ្រចំនួន ១២គ្រឿង ដើម្បីការពារប្រជុំកោះ សេនកាគូ៕ដោយ ព្រំ សឿន សូលីណា (RFI)