បញ្ជូនអ្នកបើករថយន្តបុកមនុស្សស្លាប់ពីរនាក់ទៅតុលាការ
ភ្នំពេញ៖ កាលពីថ្ងៃទី៤ ខែកុម្ភះ អ្នកបើករថយន្ត សាំយ៉ុងមួយគ្រឿង ដែលបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឲ្យ ស្លាប់ពីរនាក់ នៅខណ្ឌដង្កោ ត្រូវបានកម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ កសាង និងបញ្ជូនជននេះ ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ។
បុរស២បាន ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ខណៈដែលពួកគេជិះម៉ូតូ មួយគ្រឿងឌុបគ្នា ក្នុងល្បឿន ហើយត្រូវរថយន្ត សាំយ៉ុង ១២ កៅអីមួយគ្រឿង បើកបុកពេញទំហឹង កាលពីវេលាម៉ោង១៩ និង៣០ នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវចំការដូង ភូមិជើងឯកសង្កាត់ជើងឯក ខណ្ឌដង្កោ ។
សាក្សីដែលបានឃើញ ហេតុការណ៍ ខាងលើនេះបាន ឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ បុរសពីរ នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1C-6515 បានជិះក្នុង ទិសដៅពីត្បូង ទៅជើង តាមបណ្តោយ ផ្លូវចំការដូង ខណៈជិះដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្ត សាំយ៉ុង ១២កៅអី មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2A-6245 ដែលកំពុងបើកបញ្ច្រាស ទិសគ្នា ជាមួយ និងម៉ូតូនោះ បានជ្រុលល្បឿន ទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យជាអ្នក ឌុបម្នាក់ហោះផ្លោង បោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងចំណុច កើតហេតុ និងបុរសម្នាក់ទៀតបាន ត្រូវបានស្លាប់ ខណៈសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
បើតាមសមត្ថកិច្ច ជនរងគ្រោះទាំងពីរនាក់ រួមមាន ទី១ឈ្មោះ ស៊ិន ស៊ីណាត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២ ឈ្មោះ ហៃ នាងភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្រុមទី៨ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយឡែក អ្នកបើករថយន្តសាំយ៉ុង មានឈ្មោះ វ៉ែន អៀន ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិជំរុំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បើតាមសមត្ថកិច្ច ក្រោយពីកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ដែលរងការខូចខាត និងរថយន្តបង្កហេតុ ខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកអន្តរាគមន៍ វាស់វែង អូសយកទៅ រក្សាទុកនៅការិយាល័យ ចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ ៕
ដោយ៖ ហេង នាង