នុយក្លេអ៊ែរ ៖ អគ្គមគ្គុទ្ទេសក៍កូរ៉េខាងជើង ប្រកាសរបត់ថ្មីនៃវិស័យការពារជាតិ
អគ្គមគ្គុទេ្ទសក៍វ័យក្មេងរបស់កូរ៉េខាង ជើង លោក គីម ជុងអ៊ុន បានធ្វើជាអធិបតីក្នុងជំនួបប្រជុំយោធាមួយ កាលពីពេលថ្មីៗនេះ ដែលឧទ្ទិសទាំងស្រុងដល់ការត្រៀមរៀបចំ របត់ថ្មី នៃអំណាចយោធារបស់ខ្លួន ពោលគឺចង់សំដៅលើការសាកល្បងនុយក្លេអ៊ែរជាលើកទីបី ក្នុងពេលដ៏ឆាប់ៗខាងមុខ។ នេះបើតាមការប្រព័ន្ធ ឃោសនាព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA។
ដោយគ្មានបញ្ជាក់ពីកាលបរិច្ឆេទនៃជំនួបប្រជុំយោធា ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើងបានត្រឹមតែធ្វើអត្ថាធិប្បាយបំភ្លឺថា លោកអគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ុន បានឡើងថ្លែងសុន្ទរកថា “ជាប្រវត្តិសាស្ត្រ” នៅចំពោះមុខគណៈ កម្មាធិការការពារជាតិ និងទាហានគ្រប់ជាន់ថ្នាក់នៃរបបកុម្មុយនិស្ត បញ្ជាក់អំពីសមត្ថភាពនិងឥទ្ធិពលយោធារបស់ព្យុងយ៉ាងដែលប្រសើរឡើងជាលំដាប់ រហូត អាចចាត់ទុកបានថាកូរ៉េខាងជើងកំពុងធ្វើដំណើរមកដល់របត់ ថ្មីមួយសំខាន់បំផុត !
របត់ថ្មី នៃការពារជាតិ ដែលគ្មានអ្វីក្រៅពី លទ្ធភាពនៃការបាញ់សាកល្បងនុយក្លេអ៊ែរជាលើកទីបី ក្នុងពេលឆាប់ៗខាងមុខបំផុតនេះ ដើម្បីជាសងសឹកនឹងទណ្ឌ កម្មបន្ថែមរបស់ អង្គការសហប្រជាជាតិ ដែលក្រុមប្រឹក្សាសន្តិសុខបានអនុម័តជាឯកច្ឆ័ន្ទប្រឆាំងនឹងទង្វើ បាញ់បង្ហោះកាំជ្រួចផ្កាយរណប កាលពីថ្ងៃទី១២ធ្នូឆ្នាំ២០១២ ព្រោះយល់ថាជាបាញ់មីស៊ីលរយៈឆ្ងាយ រំលោភលើសេចក្តីហាមឃាត់អន្តរជាតិ។
បើតាមអ្នកឯកទេសអន្តរជាតិ របបកុម្មុយនិស្តក្រុងព្យុងយ៉ាងត្រៀមរួចរាល់ហើយ សម្រាប់ធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរជាលើកទីបី។ ការបាញ់សាកល្បងនេះអាចនឹងប្រព្រឹត្តទៅមុនថ្ងៃចូលឆ្នាំថ្មី ជាប្រពៃណីចិន (ថ្ងៃទី១០កុម្ភៈ)ផង។ នេះបើតាមការយល់ឃើញរបស់អ្នកឯកទេសកូរ៉េខាងត្បូង។ សូមបញ្ជាក់ថាកាលពីឆ្នាំ២០០៦ និង២០០៩ ក្នុងពេលធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកទីមួយ និងទីពីរ កូរ៉េខាងជើងបានទទួលទណ្ឌកម្ម ពីអង្គការសហប្រជាជាតិ។
ប៉ុន្តែព្យុងយ៉ាងមិនដែលញញើតម្តងណាឡើយ ហើយទាំងបានស្រែកយ៉ាងក្តែងៗជាថ្មីទៀត នៅថ្ងៃនេះ តាមរយៈសារព័ត៌មានរុស្ស៊ី ថា កូរ៉េខាងជើងត្រៀមរួចរាល់ប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ចនិងយោធាពី សំណាក់ក្រុមប្រឆាំង- ក្រុមអារិភាព។
ក្រុមសត្រូវ ដែល ក្លាយជាទិសដៅវាយប្រហារសងសឹកបង្ហូរឈាមមុនគេ គឺកូរ៉េ ខាងត្បូង។ គណៈកម្មាធិការបង្រួមបង្រួមកូរ៉េ បានចេញសេចក្តីថ្លែងការណ៍មួយព្រមានសេអ៊ូលដែលបានចូលរួម ដាក់ទណ្ឌកម្មកូរ៉េខាងជើងជាមួយអង្គការសហ ប្រជាជាតិ ថាព្យុងយ៉ាងនឹងធ្វើសង្គ្រាមបង្រួបបង្រួមជាតិកូរ៉េតែម្តង៕ ដោយ អៀង សុខម៉ិញ (RFI)