អំពើឃាតកម្ម និងអំពើប្លន់នៅតែធ្វើឲ្យប្រជាពលរដ្ឋភ័យបារម្ភ
នៅក្នុងពិធីបិទសន្និបាតបូកសរុបរបាយការណ៍ប្រចាំ ឆ្នាំ២០១១ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៣ កុម្ភៈ ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា នៅឆ្នាំ២០១០ និងឆ្នាំ២០១១នេះបញ្ហាអំពើឃាតកម្ម និងអំពើប្លន់នៅតែធ្វើឲ្យប្រជាពលរដ្ឋភ័យបារម្ភនៅឡើយ ដោយសារបទល្មើសទាំងនោះមានការកើនឡើងនៅទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តនានា។
យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃបានបង្ហាញថា ក្នុងឆ្នាំ២០១១ គ្រោះថ្នាក់នានាក្នុងសង្គមបានបណ្តាលឲ្យមនុស្សស្លាប់ជិត ៤ពាន់នាក់ និងរងរបួសជាងមួយម៉ឺននាក់។ គ្រោះថ្នាក់ដែលជាបញ្ហាស្មុគស្មាញជាងគេនោះ គឺគ្រោះអគ្គិភ័យ ចរាចរណ៍ និងអាវុធជាតិផ្ទុះ។
ដើម្បីដោះស្រាយបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាមទារឲ្យគណៈដឹកនាំការងារចរាចរណ៍ផ្លូវគោក ត្រូវពិនិត្យឡើងវិញឲ្យបានម៉ត់ចត់ និងស៊ីជម្រៅ៕