ក្រោយអំពើហិង្សាស្លាប់អស់ ៤៦នាក់ លោកប្រធានាធិបតីសម្រេចដាក់ភាពអាសន្នលើខេត្តចំនួន ៣
នៅប្រទេសអេហ្ស៊ីប លោកប្រធានាធិបតីបានចាត់វិធានការចាស់ដៃដោយប្រកាស ដាក់ភាពអាសន្នលើ ខេត្តចំនួន ៣ គឺ Port-Saïd Suez និង Ismaïlia។ ចំណាត់ការនេះបានធ្វើឡើង ក្រោយពីមានការផ្ទុះអំពើហិង្សានៅក្នុងតំបន់ដែលបានផ្តាច់ជីវិត មនុស្សចំនួន ៤៦នាក់ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ។ យ៉ាងណាក៏ដោយ ខេត្តពាក់ព័ន្ធទំាង ៣បានច្រានចោលវិធានការរបស់លោកប្រធានាធិបតី។
មិនបានបង្អែរបង្អង់ឡើយ ប្រជាជនដែលរស់នៅក្នុងខេត្តពាក់ព័ន្ធទំាង ៣បានទាត់ចោលក្រឹត្យប្រកាសដាក់ភាពអាសន្នរបស់លោកប្រធានាធិបតី Mohamed Morsi។ ពួកគេបានរៀបចំក្បួនបាតុកម្មនៅរំលងអធ្រាត្រយប់មិញ ពោលគឺក្រោយ ការចូលជាធរមាននូវច្បាប់ស្តីពីភាពអាសន្ន និងបំរាមគោចរ។ ក្បួនបាតុកម្មដែលមានការបាញ់កំាជ្រួច ដូចដែលពួកគេធ្លាប់បានធ្វើនៅក្នុងថ្ងៃចូលឆ្នំាថ្មីអ៊ីចឹងដែរ។ នៅខេត្ត Suez ក្រុមបាតុករបានលើកបង្ហាញស្បែកជើងរបស់ពួកគេដើម្បីសម្តែងភាពមិន សប្បាយចិត្តចំពោះលោកប្រធានាធិបតី។ នៅខេត្ត Port-Saïd វិញ ពាក្យស្លោកជេរប្រមាជត្រូវបានច្រៀងដោយក្រុមអ្នក ប្រឆំាងឆ្លើយតបនឹង ចំណាត់ការរបស់លោក Morsi។
នៅចំពោះមុខ ការអំពាវនាវឲ្យមានកិច្ចចរចាគឺជាជម្រើសមួយដ៏ល្អ។ សម្រាប់ក្រុមគណបក្សអ៊ីស្លាមនិយម ពួកគេពិតជាផ្តល់ចម្លើយវិជ្ជមានចំពោះការអំពាវ នាវរបស់លោក ប្រធានាធិបតី។ តែវាមិនជាជាក់ច្បាស់ទេ ចំពោះក្រុមគណបក្សផ្សេងទៀត ដូចយ៉ាងគណបក្សរណសិរ្យសង្រ្គោះជាតិ។ គណបក្សរណ សិរ្យសង្រ្គោះជាតិដែលបានបញ្ជាក់រួចជាស្រេចថា ខ្លួនបានទាមទារឲ្យកិច្ច ចរចានោះត្រូវរៀបចំឡើងដោយគណៈកម្មការមួយ ឯករាជ្យ និងអព្យាក្រឹត្យ ហើយថា គ្រប់កិច្ចព្រមព្រៀងទំាងអស់ក៏ត្រូវមានលក្ខណៈចាប់បង្ខំឲ្យគោរព ត្រឹមត្រូវដែរ។ សូមជម្រាបជូនថា កិច្ចព្រមព្រៀងដែលបានអនុម័តនៅក្នុងកិច្ច ចរចានាពេលកន្លងមកត្រូវ បានកប់ចោល ដោយលើកយកហេតុផលថា មកពីកិច្ច ព្រមព្រៀងទំាងនោះមិនមែនអនុម័តដោយក្រុមអ្នកតំណាងរាស្រ្ត៕ដោយ គួច គន្ធារ៉ា (RFI)