យុវសិស្ស ២នាក់ឆក់ទូរស័ព្ទត្រូវប្រជាពលរដ្ឋឃាត់ខ្លួនឱ្យនគរបាល
ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៨ ខែមករា យុវជន២នាក់ត្រូវបានប្រជាពលរដ្ឋ ព័ទ្ធចាប់ឃាត់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្ដិ៍ផ្សារកណ្ដាល២ បន្ទាប់ពីពួកគេឆក់ទូរស័ព្ទពីស្ដ្រីម្នាក់ នៅចំណុចមុខអតីតរោងភាពយន្ដព្រហ្មបាយ័ន តាមបណ្ដោយផ្លូវលេខ១៥៤ ភូមិ៩ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ហ៊ុល សុវណ្ណរតនៈ ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២C វិទ្យាល័យវត្ដកោះ ស្នាក់នៅផ្ទះមិនចាំលេខ ជាន់ទី៤ ផ្លូវលេខ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ និងបក្ខពួកម្នាក់ទៀតឈ្មោះ ពៅ ឡងឌី ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២C វិទ្យាល័យសន្ធរម៉ុក ស្នាក់នៅផ្ទះលេខ១០១ ផ្លូវលេខ៤៧៨ សង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូធ្វើសកម្មភាព១គ្រឿងម៉ាក ស្គូពី ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BJ-7430 ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះស៊ីក្លូម្នាក់ឯង ចេញពីផ្សារកណ្ដាល លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យជិះម៉ូតូមកអែប ហើយលូចដៃឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូនពីជនរងគ្រោះ ធ្វើឱ្យមានការស្រែកឆោ ហើយជនសង្ស័យក៏បានព្យាយាមបើកម៉ូតូគេច ក៏ជ្រុលបុកម៉ូតូកង់បីបណ្តាលឲ្យដួល ក៏ត្រូវប្រជាពលរដ្ឋនៅក្បែរេនោះចាប់ឃាត់ខ្លួននិងម៉ូតូប្រគល់ឱ្យ នគរបាលតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្ដ ។ ចំណែកវត្ថុតាងប្រគល់ឱ្យជនរងគ្រោះវិញ ៕
ដោយ៖ ហេង នាង