ទាហានបារាំងនិងម៉ាលីវាយដណ្តើមកាន់កាប់ក្រុងដែលជាមូលដ្ឋានក្រុមភេរវជន
ប្រតិបត្តិការកងទ័ពបារាំង និងម៉ាលី បានបោះជំហានដ៏សំខាន់មួយ កាលពីថ្ងៃសៅរ៍ ម្សិលមិញ ដោយវាយដណ្តើមកាន់កាប់ទីក្រុង Gao ដែលជាទីក្រុងធំបំផុត កាន់កាប់ដោយក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម ស្និទ្ធនឹងអាល់កៃដា។ នៅថ្ងៃអាទិត្យនេះ កងទ័ពបារាំងកំពុងបន្តដំណើរ ឆ្ពោះទៅកាន់ទីក្រុង Tombouctou ដែលជាទីក្រុងបុរាណ ស្ថិតក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់យូណេស្កូ។ ក្នុងពេលជាមួយគ្នា អាមេរិកបានប្រកាសថានឹងបញ្ជូនយន្តហោះចាក់សាំងជាច្រើនគ្រឿងទៅជួយ ក្នុងប្រតិបត្តិការរបស់កងទ័ពបារាំង នៅម៉ាលីនេះ។
យោងតាមរដ្ឋមន្រ្តីក្រសួងការពារជាតិបារាំង កងកុម្ម៉ង់ដូបារាំង រួមជាមួយនឹងកង ទ័ពថ្មើជើងម៉ាលី ដោយមានយន្តហោះ និងឧទ្ធម្ភាគច្រកចម្បាំងជាជំនួយ ដែលបានបើកប្រតិបត្តិការវាយប្រហារលើទីក្រុង Gao តាំងពីយប់ថ្ងៃសុក្រ បានវាយលុកដណ្តើមកាន់កាប់ក្រុងនេះបាន នៅរសៀលថ្ងៃសៅរ៍ម្សិលមិញ។
កងទ័ពជើងគោកបារាំងផ្សេងទៀត កំពុងធ្វើដំណើរទៅកាន់ទីក្រុង Gao នេះ រួមមួយនឹងទាហានមកពីប្រទេសឆាដ និងនីហ្សែរ ដែលសុទ្ធតែមានបទពិសោធន៍ខ្ពស់ខាងសង្រ្គាមវាលខ្សាច់។
ការវាយដណ្តើមកាន់កាប់ទីក្រុង Gao នេះ អាចរាប់ថាជាជោគជ័យដ៏ធំមួយ របស់កង ទ័ពបារាំង និងម៉ាលី ក្នុងប្រតិបត្តិការរំដោះតំបន់ខាងជើងប្រទេសម៉ាលី ពីពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយម។
នាយករដ្ឋមន្រ្តីបារាំងបានបញ្ជាក់បន្ថែមថា បន្ទាប់ពីវាយបានទីក្រុង Gao នេះ កងទ័ពបារាំងនឹងចាប់ផ្តើមបើកប្រតិបត្តិការវាយលុកចូលក្នុងទីក្រុង Tombouctou នៅក្នុងពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា Tombouctou គឺជាទីក្រុងបុរាណ ស្ថិតក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក របស់យូណេស្កូ។ ទីតាំងប្រវត្តិសាស្រ្តជាច្រើនកន្លែង នៅក្នុងទីក្រុងនេះ ត្រូវបានក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយមវាយកម្ទេចចោល ដោយពួកគេចាត់ទុកថាជាទីតាំងដែលមិនស្របនឹងជំនឿរបស់សាសនាអ៊ីស្លាម។
នៅក្នុងពេលដែលប្រតិបត្តិការយោធាបារាំងនៅប៉ែកខាងជើងម៉ាលីកំពុង បោះជំហានទៅមុខ ប្រទេសជាសម្ព័ន្ធមិត្ត រួមជាមួយនឹងបណ្តាប្រទេសនៅ អាហ្វ្រិក ក៏បានបញ្ជាក់ពីការគាំទ្រកាន់តែខ្លាំងដែរ។
ក្រោយពីលោកអូបាម៉ាបានទូរស័ព្ទទៅលោកហ្វ្រង់ស័រ ហូឡង់ ដើម្បីបញ្ជាក់ប្រាប់ពីការគាំទ្ររបស់អាមេរិក ចំពោះប្រតិបត្តិការយោធាបារាំង នៅម៉ាលី ក្រសួងការពារជាតិអាមេរិក បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ម្សិលមិញថានឹងបញ្ជូនយន្តហោះចាក់សាំងលើ អាកាស ដើម្បីទៅជួយកងទ័ពអាកាសបារាំង នៅម៉ាលី។
មេដឹកនាំកងទ័ពនៅតាមបណ្តាប្រទេសអាហ្វ្រិកខាងលិចវិញ ក៏បានប្រកាសឲ្យដឹង ពីម្សិលមិញនេះដែរថា នឹងបង្កើនចំនួនទាហាននៅម៉ាលី ពី ៥ ៧០០នាក់ ទៅ ដល់ ៧ ៧០០នាក់។ ចំណែកជប៉ុនវិញ ដែលមានពលរដ្ឋត្រូវស្លាប់ ក្នុងវិបត្តិចំណាប់ខ្មាំង នៅអាល់ហ្សេរី កាលពីពេលថ្មីៗនេះ បានប្រកាសសន្យាផ្តល់ជំនួយជាទឹកប្រាក់ ដើម្បីជួយដល់ការដាក់ពង្រាយកងកម្លាំងអាហ្វ្រិក នៅម៉ាលីនេះដែរ៕ដោយ សេង ឌីណា(RFI)