នយោបាយ​សេដ្ឋកិច្ច​ជប៉ុន​បង្ក​ឲ្យមាន​ការ​បារម្ភ​ខ្លាច​ផ្ទុះ “សង្រ្គាមរូបិយវត្ថុ”

នយោបាយ ​សេដ្ឋកិច្ចនៃ​រដ្ឋាភិបាល​របស់​លោក ​ស្ហ៊ីនហ្សូ អាបេ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏ក្តៅ​មួយ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នៅ​ដាវ៉ូស (Davos World Economic Forum) ប្រទេស​ស្វ៊ីស ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយចំនួន បានរិះគន់​​នយោបាយ​សេដ្ឋកិច្ច​ជប៉ុន ដែល​កំពុង​តែ​ធ្វើ​ឲ្យ​តម្លៃ​លុយ​យេន​ធ្លាក់ថ្លៃ ដើម្បី​ជំរុញ​ការ​នាំចេញ​ ក៏ប៉ុន្តែ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​នាំចេញ​របស់​ប្រទេស​ផ្សេង។

ចាប់តាំង ​ពី​ជាប់ឆ្នោត ឡើង​កាន់អំណាច​មក រដ្ឋាភិបាល​របស់​លោក​ស្ហ៊ីនហ្សូ អាបេ បាន​ព្យាយាម​ជំរុញ និង​ដាក់សម្ពាធ លើ​ធនាគារ​កណ្តាល​ជប៉ុន ឲ្យ​ចាត់វិធាន ការ​ ដើម្បី​បង្កើន​អត្រា​អតិផរណា និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជប៉ុន ដែល​កំពុង​ធ្លាក់ ដុនដាប​ក្នុង​វិបត្តិ។

កាលពីថ្ងៃ​អង្គារ ធនាគារ​កណ្តាល​ជប៉ុន​ក៏​បាន​ប្រកាស​ កំណត់​គោលដៅ​អត្រា​អតិផរណា​ប្រចាំ​ឆ្នាំ ២% ទៅតាម​ការ​ចង់បាន​របស់​រដ្ឋាភិបាល ព្រមទាំង​ដាក់ចេញ​នូវ​កម្មវិធី​ទិញមូលបត្រ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ឯកជន (ឬ​និយាយ​ដោយ​សង្ខេប គឺ​បោះពុម្ពលុយ) ហើយ​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ។

ទាំង​នេះ​បាន​បង្ក​​​ឲ្យ​មាន​ការ​រិះគន់​យ៉ាងច្រើន​​ថា ធនាគារ​កណ្តាល​ជប៉ុន​​ដាក់ចេញ​នយោបាយ​រូបិយវត្ថុ ទៅតាម​ការ​ទាមទារ​ចង់​បាន​របស់​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ធនាគារ​កណ្តាល​បាត់បង់​នូវ​ឯករាជ្យ។ ម្យ៉ាងវិញ​ទៀត នយោបាយ​សេដ្ឋ កិច្ច​​ថ្មី​របស់​ជប៉ុន​នេះ កំពុង​តែ​ធ្វើ​ឲ្យ​លុយ​យេន​ចេះតែ​ធ្លាក់ថ្លៃ​ឥតឈប់ឈរ​ ធៀប​នឹង​​លុយ​បរទេស​ផ្សេងទៀត ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​ព្រួយ បារម្ភ ពី​ប្រទេសមួយចំនួន​​ថា ជប៉ុន​កំពុងតែ​អនុវត្ត​នយោបាយ​សេដ្ឋកិច្ច “ជាន់ ពន្លិច​គេ ដើម្បី​ឲ្យ​ខ្លួនឯង​រស់”។

ការរិះគន់​ខ្លាំង​ៗ​ជាងគេ គឺ​ចេញ​ពី​លោកស្រី​អង់ហ្កេឡា មែរកិល ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​​បាន​ថ្លែង​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដាវ៉ូស​ថា វិធាន ការ​​រ​បស់​ជប៉ុន​នៅពេលនេះ ​គឺ​អាច​រាប់ថា​ជា​ការ​លូកដៃ​របស់​រដ្ឋាភិបាល​ ចូល​ធ្វើ​អន្ត រាគមន៍​ទៅលើ​អត្រា​ប្តូរប្រាក់ ហើយ​ថា ការ​ដាក់ចេញ​នូវ​នយោបាយ​បែបនេះ​មិនអាច​លាក់បាំង​ពី​ភ្នែក​អ្នក​ដទៃ​​បានទេ។

លោក​តារ៉ូ អាសូ (Taro Aso) រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន ដែល​មាន​វត្តមាន​​នៅ​ដាវ៉ូស​ដែរ​នោះ​ ​បាន​បញ្ចេញ​ប្រតិកម្ម​តបមក​វិញ​ទាំងកំហឹង ដោយ​​​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មានថា ការ​រិះគន់​​មក​លើ​នយោបាយ​សេដ្ឋកិច្ច​ជប៉ុន​នេះ ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ហេតុផល។

រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​អះអាង​ផងដែរ​​ថា គោលដៅ​អតិផរណា ដែល​ធនាគារ​កណ្តាល​ជប៉ុន​​កំណត់ កាល​ពីថ្ងៃ​អង្គារ​កន្លងទៅនេះ ថ្វីដ្បិត​តែ​មើលទៅ គឺ​ដូច​នឹង​អ្វី ដែល​រដ្ឋាភិបាល​ជប៉ុន​ចង់បាន ក៏ប៉ុន្តែ ធនាគារ​កណ្តាលជប៉ុន​ជា​អ្នក​ស្ម័គ្រ ចិត្ត​សម្រេច​ដោយ​ខ្លួនឯង មិនមែន​ធ្វើ​ទៅតាម​ការ​បញ្ជា​ពី​រដ្ឋាភិបាល​នោះ ទេ។​ ចំណែក​ទាក់ទង​នឹង​រឿង​លុយ​យេន​ដែល​ធ្លាក់ថ្លៃ​ឥតឈប់ឈរ​នោះ មន្រ្តី​រដ្ឋាភិបាល​ជប៉ុន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់។

ការ​ធ្វើ​អត្ថាធិប្បាយ ការ​រិះគន់​ ទិតៀនគ្នា ជុំវិញ​​នយោបាយ​រូបិយវត្ថុ​ជប៉ុន នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ដាវ៉ូស នៅពេលនេះ បាន​ធ្វើ​ឲ្យ​​អ្នក​សង្កេតការណ៍​មួយ​ចំនួន មាន​ការបារម្ភ​ខ្លាច​ផ្ទុះ​ទៅជា​ “សង្រ្គាម​រូបិយវត្ថុ” មានន័យថា ប្រទេស​មួយ​ធ្វើ​អន្តរាគមន៍​បញ្ចុះ​លុយ​ជាតិ​របស់ខ្លួន ដើម្បីជំរុញ​ការ​នាំចេញ ក៏ប៉ុន្តែ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​វិស័យ​នាំចេញ​របស់​ប្រទេស​ផ្សេងៗទៀត ដែល​ជា​គូប្រជែង ហើយ​ប្រទេស​ទាំងនោះ​ក៏​នាំគ្នា​​ធ្វើ​អន្តរាគមន៍​បញ្ចុះលុយ​ជាតិ​​របស់​គេ​ រៀងៗ​ខ្លួន​ដែរ។

ការ​យក​អត្រាប្តូប្រាក់​ធ្វើ​ជា​អាវុធ ក្នុង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​អន្តរជាតិ​បែប នេះ​ គឺ​ជា​សេណារីយ៉ូ​ដ៏​គ្រោះថ្នាក់​មួយ​ ដែល​គេ​ធ្លាប់​ជួប​ប្រទះរួចហើយ ជាពិសេស កាល​ពី​ទសវត្សរ៍​ឆ្នាំ ១៩៣០ ដែល​បណ្តាល​ឲ្យ​មាន​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ពិភពលោក ហើយ​ដែល​គេ​មិន​ចង់​ឲ្យ​កើតមាន​សាជាថ្មី​ទៀត​ នៅ ពេលនេះ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close