អំពើហិង្សាក្នុងគ្រួសារ និងសុខភាពសាធារណៈជាបញ្ហាតែមួយ
ដោយ កញ្ញា ផល សុវណ្ណវត្តី
Cambodia News
នៅពេលថ្មីនេះ ដោយសារតែអង្គការសុខភាពពិភពលោក (World Health Organisation) បានហៅ «អំពើហិង្សានៅក្នុងគ្រួសារ» ថាជា «បញ្ហាសុខភាពសាធារណៈ» ដែលត្រូវតែគិតជាអាទិភាពនិងជាសកលនោះ ទើបអង្គការចិត្តសាស្ត្រគ្មានព្រំដែន បានបើកវគ្គបណ្ដុះបណ្ដាលមួយដោយផ្តោតលើប្រធានបទ «អំពើហិង្សានៅក្នុងគ្រួសារ»។
វគ្គនេះមានរយៈពេលបីថ្ងៃ ដែលមានអ្នកចូលរួមជាមន្ត្រីសុខាភិបាល បម្រើការនៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកមួយចំនួននៅក្នុងខេត្តរតនគិរី ។
បើតាមការអះអាងពីមន្រ្តីរៀបចំវគ្គបណ្ដុះបណ្ដាលបានឲ្យដឹងថា គោលបំណងនៃវគ្គនេះ គឺដើម្បីផ្ដល់ព័ត៌មាន និងចំណេះដឹងបន្ថែមដល់មន្ត្រីបម្រើការលើវិស័យសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារព្រមទាំងយល់ដឹងបន្ថែមពីរបៀបស្វែងរកករណីអំពើហិង្សា ការផ្ដល់ការព្យាបាល និងការបញ្ជូនជនរងគ្រោះ ។
មន្រ្តីរូបនោះបានបញ្ជាក់ថា «ការបណ្ដុះបណ្ដាលនេះគឺដើម្បីឆ្លើយតបទៅនិងតម្រូវការដោយ ប្រើប្រាស់យុទ្ធសាស្ត្រសម្របសម្រួល និងសមាហរណកម្មរវាងអ្នកឯកទេស និងស្ថាប័នផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា» ។
ខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាលរួមមាន និយមន័យនៃអំពើហិង្សា និងប្រភេទ បុព្វហេតុ ផលប៉ះពាល់ចំពោះសុខភាព ជំនឿ និងការយល់ខុស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការចិត្តសាស្ត្រគ្មានព្រំដែនបានបង្ហាញថា ការបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តិទៅដោយមានការចូលរួមសួរសំនួរ និងពិភាក្សាយ៉ាងល្អិតល្អន់ពាក់ព័ន្ធតួនាទីរបស់សុខាភិបាលក្នុងការ ចូលរួមអន្តរាគមន៍នៃអំពើហិង្សានៅក្នុងគ្រួសារ ហើយពួកគេបានសន្យានឹងយកចំណេះដឹងនេះទៅអនុវត្តន៍ការងារប្រចាំថ្ងៃរបស់ពួកគេ។
អ្នកចូលរួមក្នុងវគ្គនោះមានមន្ត្រីសុខាភិបាលបម្រើការនៅតាមមូលដ្ឋានចំនួន ២៦ រូប (បុរស១៦រូប ស្ត្រី១០រូប) ដែលជាឆ្មប មន្ត្រីធ្វើការនៅផ្នែកពិគ្រោះជំងឺនិងប្រធានប៉ុស្តិ៍សុខភាពមកពីស្រុកបរកែវ អូយ៉ាដាវ អណ្តូងមាស បានលុង អូរជុំ តាវែង វ៉ឺនសៃ កូនមុំនិងលំផាត់ សរុបមានមន្ទីរពេទ្យ១ មណ្ឌលសុខភាព១ និងប៉ុស្តិ៍សុខភាពចំនួន ១៨ កន្លែង។
គួររំលឹកដែរថា នៅក្នុងឆ្នាំ១៩៩៨ អង្គការសុខភាពពិភពលោកបានចាត់ទុក «អំពើហិង្សានៅក្នុងគ្រួសារ» ថាជា «បញ្ហាសុខភាពសាធារណៈ» ដែលត្រូវតែយកចិត្តទុកដាក់និងផ្ដល់សេវាថែទាំជាចម្បង៕ (23 Feb, 2012)