ទីក្រុង​ម៉ូស្គូ​បរិហារ “គំនិតមមៃ” ដែល​ចង់តែ​ទម្លាក់​រូបលោក​អាសាដ

ការបរិហារនេះ ត្រូវបាន​លើកឡើង ដោយ​លោក​ប្រមុខ​ការទូត​រុស្ស៊ី Serguei Lavrov ក្នុង​សន្និសីទ​កាសែត​រសៀល​ម្សិលមិញ ទាំង​សង្កត់ធ្ងន់ថា មកពី “គំនិតមមៃ” បែបនេះ ដែល​ជម្លោះ​នៅស៊ីរី មិនអាច​ដោះស្រាយ​តាមផ្លូវ​នយោបាយ​ទៅកើត។ សន្និសីទ​កាសែត​បែបនេះ តែង​ត្រូវ​គាត់ធ្វើ​ជា​ប្រពៃណី​ទៅហើយ រៀង រាល់​តែ​ខែ​មករា ក្នុង​ក្រសួង​ការបរទេស​ផ្ទាល់ ដើម្បី​បូកសរុប​តុល្យាការ នៃ​នយោ បាយ​ក្រៅប្រទេស​រុស្ស៊ី ក្នុងឆ្នាំ​កន្លងទៅ។

ទាក់ទងនឹងស្ថានការណ៍​នៅស៊ីរី ដោយ​ឆ្លើយតប​នឹង​សំនួរ​មួយ​របស់​អ្នកកាសែត លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov សង្កត់ធ្ងន់ថា ៖ មកពី “គំនិតមមៃ” គ្មានឈប់ ចិញ្ចឹមទុក​ដោយ​ភាគីប្រឆាំង និង​ពួកឧទ្ទាម​នៅស៊ីរី ដែល​មាន​បស្ចិមលោក និង​ប្រទេស​អារ៉ាប់​មួយចំនួន នៅ​ពីក្រោយខ្នង ចង់តែ​ផ្តួល​លោក​ប្រធានាធិបតី អាសាដ បានជា​សង្គ្រាម​បង្ហូរឈាម នៅស៊ីរី ចេះតែ​បន្ត​ឆាបឆេះ​គ្មានទីបញ្ចប់។ តាមដែល​ប្រមុខ​ការទូត​រុស្ស៊ី​ថ្លែងអះអាង ការ​ទម្លាក់​រូបលោក​អាសាដ គឺ​ជារឿង​ដែល “មិនអាច​ធ្វើទៅកើត​សោះឡើយ”។

លោក Lavrov រំលឹកជាថ្មីពី គោលជំហរ​ខុសគ្នា រវាង ម្ខាង គឺ​ពួកឧទ្ទាម​នៅស៊ីរី ដែល​គាំទ្រ​ដោយ​បស្ចិមលោក និង​ប្រទេស​អារ៉ាប់​មួយចំនួន ដែល​រឹងរូស​ចង់តែ​ផ្តួល​លោក​អាសាដ ហើយ​បន្ត​ធ្វើសង្គ្រាម មិនខ្ចី​រកផ្លូវ​ដោះស្រាយ​អធិករណ៍ ដោយ​វិធី​ការទូត​និង​នយោបាយ​ឡើយ និង​ម្ខាងទៀត គឺ​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​មួយ​របស់​ស៊ីរី ព្រមទាំង​ចិន និង អ៊ីរ៉ង់ ដែល​ខំអន្ទង រាល់​ភាគី​បដិបក្ខ​នៅស៊ីរី ឲ្យ​ចរចាគ្នា ដោះស្រាយ​វិបត្តិរ៉ាំរ៉ៃ​ក្នុង​ប្រទេស​នេះ ដោយ​ខ្លួនគេ ផ្ទាល់ទៅ ដោយគ្មាន​ការ​លូកដៃ​ជ្រៀតជ្រែក​ពីក្រៅ។

គួរនិយាយថា រសៀលម្សិលមិញដែរ ទាក់ទង​នឹង​ស្ថានការណ៍​នៅស៊ីរី ពេល​ទទួលជួប លោក​ប្រធានាធិបតី​លីបង់ Michel Sleimane ដែល​មកកាន់​ក្រុងម៉ូស្គូ ដើម្បី​ពឹងពាក់​រុស្ស៊ី ឲ្យជួយ​ដោះស្រាយ បញ្ហា​ជនភៀសខ្លួន​ស៊ីរី លោក​ប្រមុខរដ្ឋ​រុស្ស៊ី​ពូទីន បាន​សន្យា​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​មនុស្សធម៌ សព្វបែប យ៉ាង ដល់​ប្រទេស​លីបង់ ដែល​មកទល់​ឥឡូវ​បានទទួល ឲ្យ​ជ្រកកោន ជនភៀស ខ្លួន​ស៊ីរី​ប្រមាណ ២០០.០០០នាក់​ហើយ។ លោកពូទីន ថែមទាំង​ស្នើ​ឲ្យ​យក​ក្រុងម៉ូស្គូ ធ្វើជា​ទីប្រជុំ​នៃ “សន្និសីទ​អន្តរជាតិ​ខាង​បញ្ហា​ជនភៀសខ្លួន​ដែល​រត់ចេញ​ពីស៊ីរី” ដោយ​លំអិត​ថា រុស្ស៊ី​ត្រៀម​ចាត់ចែង​ឡើង​ជា សន្និសីទ​អន្តរជាតិ​បែបនេះ។

ក្នុងកិច្ចជួបប្រាស្រ័យនោះ ទីក្រុង Beyrouth បានឲ្យដឹងថា ខ្លួនត្រូវការ​ទឹកប្រាក់​ប្រមាណ ៣៦៣លានដុល្លារ សម្រាប់​ប្រឈមនឹង​ចរន្ត​ជនភៀសខ្លួន​ពីស៊ីរី។

តាមតួលេខ អ.ស.ប. ក្នុងសង្គ្រាម២២ខែ​កន្លងទៅ​នៅស៊ីរី មានអ្នកស្រុក​ប្រ ទេសនេះដល់ទៅ ៦៥០.០០០នាក់ បាន​ភៀសខ្លួន​ទៅ​ជ្រកកោន នៅតាម​ប្រទស​ជិតខាង និង​មាន បណ្តាជន ធ្លាក់ខ្លួនស្លាប់ អស់ជាង ៦០.០០០នាក់​ទៅហើយ៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close