ប្រាក់ផ្ញើពីបរទេសអាចជួយសេដ្ឋកិច្ចរបស់ប្រទេសក្រីក្របំផុតឲ្យរីកលូតលាស់
របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ អះអាងថា ប្រទេសក្រីក្របំផុតរបស់ពិភពលោក អាចសម្រាលភាពក្រីក្ររបស់ប្រជាជនខ្លួនបាន ប្រសិនបើប្រទេសទាំង នេះប្រើប្រាស់ប្រាក់ផ្ញើមកពីបរទេស ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផលិតភាពរបស់ខ្លួន។ របាយការណ៍ឆ្នាំ២០១២ស្តីអំពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដែលត្រូវបានបោះពុម្ពផ្សាយដោយសន្និសីទអង្គការសហប្រជាជាតិ ស្តីអំពី ពាណិជ្ជកម្មនិងការអភិវឌ្ឍ (United Nations Conference on Trade and Development) ឬហៅកាត់ជាភាសាអង់គ្លេសថា UNCTAD ក៏បានពិនិត្យមើលអំពីវិធីដើម្បីធ្វើឲ្យបញ្ច្រាស់មកវិញនូវអ្វី ដែលត្រូវបានគេហៅថា«លំហូរនៃអ្នកចេះដឹងចេញពីប្រទេស»។
ប្រាក់ផ្ញើមកពីបរទេស គឺជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ សន្និសីទអង្គការ សហប្រជាជាតិស្តីអំពីពាណិជ្ជកម្មនិងការអភិវឌ្ឍ រាយការមកថា ប្រជាពលរដ្ឋនៃប្រទេសក្រីក្របំផុតនៅលើពិភពលោក ដែលធ្វើការនៅបរទេស បានបញ្ជូនប្រាក់មកផ្ទះក្នុងទឹកប្រាក់ប្រហែល២៧ពាន់លានដុល្លា នៅក្នុងឆ្នាំ២០១១។ តាមពិត របាយការណ៍នេះបញ្ជាក់ថា កាលពីទសវត្សរ៍កន្លងទៅនេះ ប្រាក់ផ្ញើមកពី បរទេស បាននាំមកនូវលំហូរចូលនៃការវិនិយោគដោយផ្ទាល់ ពីបរទេសទៅកាន់ប្រទេសដែលអភិវឌ្ឍន៍តិចតួចបំផុត។
ការស្រាវជ្រាវបង្ហាញថា ទឹកប្រាក់ភាគច្រើនបំផុតដែលត្រូវបានផ្ញើមកផ្ទះ ត្រូវបានក្រុមគ្រួសារចំណាយដោយផ្ទាល់ ទៅលើតម្រូវការចាំបាច់នានា មានដូចជាម្ហូប អាហារនិងកន្លែងស្នាក់នៅ។ ទោះបីជាការចំណាយរបៀបនេះមានសារសំខាន់យ៉ាងក៏ដោយ ក៏ក្រុមសេដ្ឋវិទូរបស់អង្គការសហប្រជាជាតិអះអាងថា វានឹងផ្តល់ប្រយោជន៍ ប្រសិនបើប្រាក់ផ្ញើមកពីបរទេសភាគច្រើន អាចត្រូវបានបង្វែរទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគម្រោងប្រហាក់ប្រហែលគ្នាដទៃទៀត។
របាយការណ៍នេះ បានផ្តល់អនុសាសន៍ថា លំហូរថវិការដ៏សំខាន់ទាំងនេះ គួរត្រូវបានប្រើប្រាស់ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផ្នែក ផលិតភាពនៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត ឬហៅកាត់ជាភាសាអង់គ្លេសថា LDCs ដើម្បីបង្កលទ្ធភាពឱ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះ អាចផលិតទំនិញនិងសេវាកម្មផ្សេងៗក្នុងទ្រង់ទ្រាយធំជាងមុន និងទំនិញដែលសមស្របជាងមុនសម្រាប់ការប្រើប្រាស់ក្នុងស្រុកនិង ការនាំចេញ។
អគ្គលេខាធិការនៃ UNCTAD លោក ស៊ូផាចៃ ប៉ានីតប៉ាកឌី (Supachai Panitchpakdi) ថ្លែងថា មូលហេតុចម្បងមួយស្តីពីថាតើហេតុអ្វីបានជាប្រាក់ផ្ញើពីបរទេស មិនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ការវិនិយោគនៅក្នុងប្រទេសកំណើតទាំងនោះ គឺដោយសារតែសោហ៊ុយនៃការផ្ទេរប្រាក់ មានកម្រិតខ្ពស់ខ្លាំងពេក។
«ជាមធ្យមគឺមានតម្លៃប្រហែលជា២០ភាគរយ។ តម្លៃមានចាប់ពី៤ទៅ២៥ភាគរយ។ អាស្រ័យហេតុនេះហើយ តម្លៃនេះបានបង្ខំឱ្យប្រជាពលរដ្ឋផ្ញើប្រាក់ក្រៅផ្លូវការវិញ។ ដូច្នេះ គោលបំណងនៃអនុវត្តបែបនេះ គឺចង់ផ្តល់ដំបូន្មានដល់ប្រទេសទាំងនេះថា ប្រសិនបើប្រាក់ត្រូវបានផ្ញើក្រៅផ្លូវការ អ្នកមិនសូវទទួលបានផលប្រយោជន៍ច្រើនទេ។ បុគ្គលទាំងឡាយប្រហែលជាទទួលបានប្រាក់ទាំងនេះ ហើយជាការពិតណាស់ ក្រុមគ្រួសារទាំងឡាយនឹងប្រើប្រាស់ប្រាក់ទាំងនោះសម្រាប់ការចំណាយ ផ្សេងៗ។ ប៉ុន្តែ ប្រសិនបើអ្នកបង្កើតស្ថានភាពណាមួយ ដែលប្រជាពលរដ្ឋអាចផ្ញើប្រាក់តាមរបៀបផ្លូវការ ពេលនោះប្រទេសទាំងមូលនឹងទទួលបានផលចំណេញ ពីព្រោះប្រការនោះនឹងផ្តល់លទ្ធភាពឱ្យមានការប្តូរប្រាក់បរទេសតាមរយៈ ធនាគារ សម្រាប់រដ្ឋាភិបាលដើម្បីប្រើប្រាស់សម្រាប់ការនាំចូលបច្ចេកវិជ្ជានិង របស់របបរផ្សេងៗទៀត»។
UNCTAD ប៉ាន់ស្មានថា នៅក្នុងឆ្នាំ២០១០ ការផ្ញើប្រាក់ពីបរទេស ដែលត្រូវបានផ្ញើទៅកាន់តំបន់សាហារ៉ា នៃទ្វីបអាហ្រ្វិក អាចបង្កើតជាសាច់ប្រាក់ចំនួន៦ពាន់លានបន្ថែមទៀតសម្រាប់អ្នកទទួល ប្រសិនបើតម្លៃនៃការផ្ទេរប្រាក់ សម មាត្រទៅនឹងតម្លៃមធ្យមជាសាកល ដែលមានតម្លៃប្រហែលជា៩ភាគរយប៉ុណ្ណោះ។
របាយការណ៍បានឲ្យដឹងថា ការិយាល័យប្រៃសណីយ៍ ក្រុមហ៊ុនប្រាក់សន្សំនិងឥណ ទាន ក៏ដូចជាស្ថាប័នមីក្រូហិរញ្ញវត្ថុ អាចដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការ ពង្រីកលទ្ធភាព ជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជនបទ ដើម្បីទទួលបានប្រាក់ផ្ញើពីបរទេស និងសេវាកម្មហិរញ្ញវត្ថុទាំងឡាយ នៅក្នុងប្រទេសអភិ វឌ្ឍន៍តិចតួចបំផុត។
គុណវិបត្តិដ៏ចម្បងមួយ ដែលជាប់ទាក់ទងទៅនឹងប្រាក់ផ្ញើពីបរទេស គឺជាអ្វីដែលត្រូវបានគេហៅថា លំហូរនៃអ្នកចេះដឹងចេញពីប្រទេស។
UNCTAD រាយការថា ប្រជាពលរដ្ឋដែលមានការអប់រំនិងគុណសម្បត្តិខ្ពស់ជាងពីរលាននាក់ បានធ្វើចំណាកស្រុកទៅបរទេស។
របាយការណ៍រកឃើញថា ជាមធ្យមប្រជាពលរដ្ឋដែលមានជំនាញខ្ពស់ពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ចំនួន១៨,៤ភាគរយ បានចាកចេញពីប្រទេសកំណើតដើម្បីស្វែង រកការងារដែលទទួលបានប្រាក់ចំណូល ច្រើនជាងនៅបរទេស។ ក្រុមសេដ្ឋវិទូរបស់អង្គការសហប្រជាជាតិអះអាងថា ផលប៉ះពាល់អវិជ្ជមាននៃចំណាកស្រុកកម្រិតខ្ពស់ទាំងនេះ ទៅលើប្រទេសដែលក្រីក្របំផុត មានទម្ងន់ធ្ងន់ជាងផលប្រយោជន៍ពីប្រាក់ ផ្ញើពីបរទេសទៅទៀត។
លោក តាហ្វៀ តេសហ្វាឈូ (Taffere Tesfachew) គឺជានាយកអង្គភាពសម្រាប់ទ្វីបអាហ្រ្វិក ក្រុមប្រទេស LDCs និងកម្មវិធីពិសេស របស់ UNCTAD។ លោកថ្លែងថា UNCTAD កំពុងព្យាយាមបញ្ចុះបញ្ចូលក្រុមប្រទេស LDCs ឱ្យបង្កើតវិធានការអន្តរជាតិថ្មីៗ ដើម្បីជួយធ្វើឲ្យបញ្រ្ចាស់មកវិញនូវការហូរចេញនៃអ្នក ចេះដឹង ទាំងនេះ ហើយប្រែក្លាយវាឱ្យទៅជាការទទួលបានអ្នកចេះដឹងមកវិញ។
«ដូច្នេះ យើងមានគំនិតផ្តួចផ្តើមខ្លះដែរ ដែលយើងកំពុងស្នើ ដោយផ្អែកទៅលើផែនការដែលត្រូវបានសាកល្បងនិងពិសោធន៍ពីប្រទេសដទៃ ផ្សេងៗទៀត។ គំនិតផ្តួចផ្តើមនោះគឺថា មានបុគ្គលដែលមានចំណេះដឹងនិងជំនាញខ្ពស់ជាច្រើន ពីក្រុមប្រទេស LDCs ដែលមានបំណងវិលត្រឡប់ទៅវិញ ហើយផ្តួចផ្តើមសកម្មភាពដែលមានមូលដ្ឋានលើចំណេះដឹង។ ប៉ុន្តែ បញ្ហាក្រៅពីការពិតដែលថាបរិស្ថាននយោបាយក្នុងស្រុក ប្រហែលជានឹងមិនមានភាពអនុគ្រោះ ហើយក៏មានបញ្ហា ផ្សេងទៀតផងដែរ។ បញ្ហានៃការទទួលយកនូវហនិភ័យ គឺតែងតែក្លាយទៅជាបញ្ហាមួយ។ ពួកគេមានចំណេះដឹង។ ពួកគេមានគំនិត ប៉ុន្តែ ប្រភពធនធានហិរញ្ញវត្ថុ បង្កការលំបាក»។
លោក តេសហ្វាឈូ និយាយថា UNCTAD កំពុងស្នើសុំផែនការមួយនៃភាពជាដៃគូរវាងឯកជននិងរដ្ឋ ដើម្បីលើកទឹកចិត្តអ្នកដែលមានជំនាញវិជ្ជាជីវៈនៅបរទេស ឱ្យវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។
លោកនិយាយថា ផែនការបែបនេះប្រហែលជាផ្តល់ឱ្យមនុស្សទាំងនេះ នូវលទ្ធ ភាពជាទីពេញចិត្តមួយ ក្នុងការដាក់ទុនសាច់ប្រាក់សម្រាប់ការវិនិយោគនៅឯប្រទេសកំណើត។ វាក៏នឹងបង្កលទ្ធភាពក្នុងការផ្តល់ហិរញ្ញវត្ថុ នៅក្នុងអត្រាការប្រាក់ជាទីពេញចិត្តដែរ។
លោកបន្ថែមទៀតថា ចំណេះដឹងដែលត្រូវបានផ្ទេរដោយជនជាតិដែលវិលត្រ ឡប់ ទៅកាន់ស្រុកកំណើត របស់ខ្លួនវិញ នឹងមានប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូល៕ប្រែសម្រួលដោយ ឌី ខាំបូលី (VOA)