ចិន​ច្រឡោត​ខ្លាំង​ដាក់​អាមេរិក​ដែល​គាំទ្រ​ជប៉ុន​ក្នុង​ជម្លោះ​​ប្រជុំ​កោះ​សេនកាគូ ឬទាវយូ

នៅ​ថ្ងៃអាទិត្យ​ទី ២០ មករា ឆ្នាំ​២០១៣​​នេះ​ ក្រសួង​ការបរទេស​ចិន បាន​ប្រកាស​កំហឹង​ ជា​ផ្លូវការ ប្រឆាំង​នឹង​ប្រសាសន៍​របស់​លោកស្រី​គ្លីនតុន​ ដែល​បាន​ថ្លែង​គាំទ្រ​ជប៉ុន ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ដែន​ប្រជុំ​កោះសេនកាគូ ជាប់​ជម្លោះ​ជាមួយ​ចិន។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​​របស់​​​ក្រសួង​ការ​បរទេស​ ចិន​បាន​ប្រកាសយ៉ាង​​ក្តែង​ៗ និង​ដោយ​គ្មាន​ញញើតញញើម ប្រឆាំងដាច់​ខាត​​នឹង​ចំណាប់​អារម្មណ៍​របស់​លោក ស្រី​ប្រមុខ​ការទូត​អាមេរិក ហ៊ីលឡារី គ្លីនតុន។ អ្នក​នាំពាក្យ​ការទូត​ចិន​បាន​ថែម​ទាំង​បង្ខំ​ឱ្យ​សហរដ្ឋអាមេរិក​​ គិត​គូរ​ឡើង​វិញ​ ប្រកប​ដោយ​លក្ខណៈ​ទទួល​ខុសត្រូវ ចំពោះ​​សំណុំ​រឿង​ប្រជុំកោះ​ទាវយូនេះ។

លោកស្រី​ហ៊ីលឡារី គ្លីនតុន ដែល​កាលពី​ថ្ងៃ​សុក្រ ក្នុង​ឱកាស​ទទួល​ជួប​សមភាគី​ជប៉ុន លោក ហ្វូម្យូ គីស្ហ៊ីដា (Fumio Kishida)​ នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​រំលឹក​បញ្ជាក់​ថា “ទោះបី​អាមេរិក​មិន​ ប្រកាន់​យក​ជំហរ​ណាមួយ​ជុំ​វិញ​ជម្លោះ​ដណ្តើម​ប្រជុំ​កោះ​រវាង​ចិន​ជប៉ុន​ ហើយ​ទោះបី​អាមេរិក​ទទួល​ស្គាល់​ថា ប្រជុំ​កោះ សេនកាគូ​ស្ថិត​ក្រោម​រដ្ឋបាល​ជប៉ុន​ក៏​ដោយ ក៏​អាមេរិក​ប្រឆាំង​ដាច់​ខាត​​រាល់​សកម្ម​ដែល​វាយប្រហារ​ឥតឈប់​ឈរ​លើ​ការ​ គ្រប់គ្រង​របស់​ជប៉ុន”។

តាំង​ពី​ម្សិលមិញ​មក សារព័ត៌មាន​ផ្លូវការ​ចិន​បាន​រិះគន់​​​ចំៗ​ អាមេរិកដែល​គាំទ្រ​អ្នក​ស្តាំ​និយម​ជប៉ុន និង​បាន​ចាត់​ទុក​​អាមេរិក​ថា​កំពុង​តែ​ក្បត់​​នឹង​ពាក្យ​សំដី​​ដែល​ធ្លាប់​ តាំង​ខ្លួនជា​អ្នក​​អព្យាក្រិត ​ក្នុង​សំណុំ​រឿង​ជម្លោះ​ប្រជុំ​កោះ​ សេនកាគូ​ ឈ្មោះ​ជាភាសា​ជប៉ុន ឬ​ទាវយូ​ សម្រាប់​ចិន។ កោះ​​គ្មាន​មនុស្ស​រស់​នៅ​ តែ​សម្បូរ​ធនធាន​ធម្មជាតិ​។

ជម្លោះ​នៅ​ក្នុង​សមុទ្ទចិន​​ខាង​កើត ដែល​អូសបន្លាយ​តាំង​ពី​យូរយារ​មក​ហើយ បាន​ធ្វើ​ឱ្យ​ប៉េកាំង និង​តូក្យូ តាន​តឹង​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ រហូត​ក្លាយ​ជា​ការ​វាយប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ និងជា​​ការ​បញ្ជូន​នាវា​ល្បាត​ ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ និង​បាន​ផ្ទុះ​ឡើង​ខ្លាំង​ជា​ថ្មី តាំងពី​ខែ​កញ្ញា​មក ដោយ​ហេតុ​តែ​អាជ្ញាធរ​ជប៉ុន​បាន​ប្រមូល​ទិញ​កោះ​ខ្លះ​មកធ្វើ​ជា​សម្បត្តិ​ រដ្ឋ៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close