រដ្ឋមន្ត្រីក្រសួងព័ត៌មានទទូចឲ្យសារព័ត៌មានឈប់បង្ហាញមុខជនរងគ្រោះ
ភ្នំពេញ (២៣ កុម្ភៈ ២០១២)៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ នៅសប្ដាហ៍នេះបានស្នើឲ្យសារព័ត៌មានបញ្ឈប់បង្ហាញអត្តសញ្ញាណមុខរបស់ជនរងគ្រោះនៃអំពើហិង្សា និងគ្រោះថ្នាក់ផ្សេងៗ ដោយសារតែវាអាចធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនាថ្ងៃអង្គារ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វាមិនមានសីលធម៌ និងមិនមានវិជ្ជាជីវៈឡើយចំពោះការផ្សាយរូបភាពណាមួយរបស់ជនរងគ្រោះដោយបង្ហាញមុខពួកគេច្បាស់ៗនៅលើទំព័រកាសែត និងទស្សនាវដ្ដី ដែលអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជនរងគ្រោះ និងសេរីភាពរបស់សង្គម។
សេចក្ដីថ្លែងការណ៍នោះបានចេញផ្សាយ បន្ទាប់ពីកាសែត និងទស្សនាវដ្ដីក្នុងស្រុក ដោយរួមទាំងគេហទំព័ររបស់ពួកគេផង បានបោះពុម្ព និងបង្ហោះរូបភាពជាបន្តបន្ទាប់ ដោយបង្ហាញមុខជនរងគ្រោះយ៉ាងច្បាស់ ពិសេសជនរងគ្រោះជានារី ដែលត្រូវបានគេចាប់រំលោភ និងរងគ្រោះថ្នាក់ផ្សេងៗទៀត។
ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «សិទ្ធិចំពោះសេរីភាពនៃការបញ្ចេញមតិ» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានាថ្ងៃអង្គារដែរនោះ លោក សុក សំអឿន នាយកគម្រោងអ្នកការពារច្បាប់កម្ពុជា បាននិយាយថា ក្នុងករណីបែបនេះ ជនរងគ្រោះអាចប្ដឹងតវ៉ាដល់សារព័ត៌មានទៅតុលាការ។ លោកបន្ថែមថា ប្រសិនបើជនរងគ្រោះជាអនីតិជនវិញ នោះការផាកពិន័យកាន់តែធ្ងន់ធ្ងរ។ (ឆាយ សុផល/Cambodia News)