រថយន្តបុកម៉ូតូបណ្តាលឲ្យយុវជន ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ភ្នំពេញ ៖ កាលពីវេលា ម៉ោង១១និង៣០ នាទីព្រឹកថ្ងៃទី១៩ ខែមករានេះ ជនរងចំនួន ៣នាក់បាន ស្លាប់ភ្លាមៗ នៅកន្លែង ស្ថិតនៅចំណុច អូដឹម ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ បន្ទាប់ត្រូវរថយន្តបុក។
ជនរងគ្រោះដែលស្លាប់ទំាងបីនាក់ រួមមានទី១ ឈ្មោះ ឡេង ស៊ីយ៉ាំង អាយុ២០ឆ្នាំ ទី២ឈ្មោះ ប៉ាត រាជ អាយុ ១៩ឆ្នាំ និងទី៣មានឈ្មោះ អែម រ៉ាយ៉ា អាយុ២០ឆ្នាំ រស់នៅឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះទាំងបី ជាមនុស្សប្រុស កំពុងជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី ២០១១ ពាក់ស្លាកលេខ កំពង់ស្ពឺ 1D-7406 ពេល ជិះមកដល់ចំណុចកើតហេតុ ត្រូវរថយន្ដប៉ាសេរ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A-1543បើកប៉ះ បណ្ដាលឱ្យស្លាប់ទាំងបី ហើយរថយន្ដបានបើកគេចខ្លួន ឆ្ពោះទៅទិសខាងជើង ហើយត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាននៅម្តុំខាងកើតវត្តតាភេម។
ក្រោយកើតហេតុ កម្លាំងនគរបាលចរា ចរណ៍ រាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ែន ឃុន បានចុះទៅជួយអន្តរាគមន៍ វាស់វែង ហើយយក រថយន្ដ និងម៉ូតូ មករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំធ្វើការដោះស្រាយ ចំណែកសពជនរងគ្រោះ ត្រូវប្រគល់ជូន ក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាម ប្រពៃណី ៕
ដោយ៖ ហេង នាង