បិទផ្លូវមួយចំនួនពេលដង្ហែ ព្រះបរមរតនកោដ្ឋ
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងបិទផ្លូវមួយចំនួនដើម្បីសម្រួលដល់ការ ធ្វើចរាចរនិងការដង្ហែ សាកល្បងព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំព្រះរាជ ពិធីបុណ្យ ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ នឹងរៀបចំព្រះរាជពិធីដង្ហែ សាកល្បង ព្រះ បរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ដល់ទី២៦ ខែមករា ចាប់ពីវេលាម៉ោង៧ និង៣០នាទី រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ដោយក្បួនចាប់ផ្តើមដង្ហែ ចេញដំណើរពីវាលព្រះមេរុ ឆ្ពោះទៅមុខផ្លូវ ព្រះអង្គដង្កើ តាមតីរវិថីព្រះស៊ីសុវត្ថិ ធ្វើដំណើរត្រង់រហូតដល់ផ្លូវលេខ៩៤រួចបត់ឆ្វេង ដោយធ្វើដំណើរជុំវិញ រង្វង់មូលដ្ឋានរមណីដ្ឋានវត្តភ្នំរហូតដល់មហាវិធីព្រះនរោត្តម រួចធ្វើដំណើរត្រង់ដល់រង្វង់មូលវិមានឯករាជ្យ ដោយឆ្លងកាត់មហាវិថីព្រះសីហនុ ហើយបត់ឆ្វេងតាមមហាវិថីសម្តេចសុធារសចូលវាលព្រះមេរុវិញ។
ដើម្បីឲ្យការដង្ហែសាកល្បងបានប្រព្រឹត្តទៅដោយរលូន សាលារាជធានីនឹងធ្វើការបិទសំរួលសកម្មភាពចរាចរ បណ្តោះអាសន្ន នៅចំណុចផ្លូវខាងលើដែលក្បួនត្រូវដង្ហែ សាកល្បងព្រះបរមសពនោះ៕